
សុខភាព៖ បើសិនជាកំពុងមានផ្ទៃពោះ ហើយខ្លាចកូនកើតមកមានពិការភាពពីកំណើត ដែលអាចបង្កជាផលវិបាកដល់កូនអស់មួយជីវិត ស្ត្រីគួរតែដឹងពីគន្លឹះ៤យ៉ាង ដែលត្រូវធ្វើ ដើម្បីគេចផុតពីបញ្ហានេះ…។

វិធីកាត់បន្ថយហានិភ័យ នៃពិការភាពពីកំណើតចំពោះកូន៖ ១.ពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ មុនត្រៀមយកកូន និងអំឡុងពេលពពោះ ដូចជា៖ ស្ថានភាពជំងឺដូចជាជំងឺទឹកនោមផ្អែម និងធាត់ជ្រុល ដែលអាចជះឥទ្ធិពលដល់ការពពោះ និងប្រាប់គ្រូពេទ្យឱ្យបានដឹងពីសមាជិកគ្រួសារ បើធ្លាប់មានអ្នកកើតមកមានពិការភាពពីកំណើត ឬយ៉ាងណា និងសាកសួរគ្រូពេទ្យពីប្រភេទវ៉ាក់សាំងបង្ការអំឡុងពេលពពោះ។ ២.ជៀសវាងប៉ះពាល់សារធាតុគ្រោះថ្នាក់៖ ការជក់បារី ផឹកគ្រឿងស្រវឹង ឬការប្រើញៀន សុទ្ធតែបង្កជាបញ្ហាអំឡុងពេលពពោះ ដែលនេះអាចធ្វើឱ្យទារកកើតមិនគ្រប់ខែ កូនមានពិការភាព ឬទារកកើតមកស្លាប់ភ្លាមៗក៏មាន។

៣.ថែទាំសុខភាពឱ្យបានល្អ៖ រក្សាអនាម័យឱ្យបានល្អ ដើម្បីកាត់បន្ថយការឆ្លងមេរោគផ្សេងៗ, ចៀសវាងត្រាំទឹកក្ដៅ ឬស្ថិតក្នុងបរិយាកាស ដែលអាចកើនសីតុណ្ហភាពរាងកាយខ្ពស់, យកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពដែលមានស្រាប់ ដូចជា ជំងឺទឹកនោមផ្អែម និងព្យាយាម រក្សាទម្ងន់ឱ្យស្ថិតក្នុងកម្រិតស្ដង់ដារ។ ៤.ទទួលទានអាស៊ីដហ្វូលីក៖ទទួលទានអាស៊ីដហ្វូលីក មុន និងអំឡុងពេលពពោះ អាចជួយបញ្ចៀសបញ្ហាពិការភាពពីកំណើត។ ហេតុនេះហើយ គួរជ្រើសបរិភោគពពួកអាហារ ឬប្រភេទឱសថបំប៉ន ណាដែលមានជាតិអាស៊ីដហ្វូលីក៤០០មីក្រូក្រាម ឱ្យទៀងទាត់ ទើបជាការប្រសើរដល់កូនក្នុងផ្ទៃ៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ



