
សុខភាព៖ ភ្នែកស្ងួត ជាជំងឺដែលអាចកើតមាននៅលើមនុស្សគ្រប់វ័យ ហើយភាគច្រើនកើតមានលើមនុស្សដែលមានអាយុលើសពី៥០ឆ្នាំឡើង ពិសេស កើតលើមនុស្សស្រី ច្រើនជាងមនុស្សប្រុស…។

រោគសញ្ញារបស់ជំងឺភ្នែកស្ងួត មានដូចជា ហៀរទឹកភ្នែក ចាញ់ពន្លឺថ្ងៃ ស្រវាំងភ្នែក ក្រហាយក្នុងភ្នែក រមាស់ក្នុងភ្នែក មានអារម្មណ៍ដូចឈឺចាក់ៗក្នុងភ្នែក មានអារម្មណ៍ដូចមានគ្រាប់ខ្សាច់ក្នុងភ្នែក និងមានការឈឺចាប់ខ្លះ។ មូលហេតុបណ្តាលមកពីខ្វះរំហូរទឹកភ្នែក និងអមជាមួយបញ្ហាភ្នែកមួយចំនួនទៀត, រំហូរទឹកភ្នែកគ្មានលំនឹង, មានរលាកផ្ទៃគ្រាប់ភ្នែក, ខូចខាតប្រព័ន្វប្រសាទនៃការបង្កើតទឹកភ្នែក, រលាករ៉ាំរ៉ៃនៃត្របកភ្នែក និងរំហួតទឹកភ្នែកមកពីសម្លឹងកុំព្យូទ័រយូរ និងមើលទូរទស្សន៍ នៅក្រោមកម្តៅថ្ងៃ នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ នៅក្រោមកង្ហារ ។ល។ ប្រសិនបើលោកអ្នក មានបញ្ហាដូចការរៀបរាប់ខាងលើ សូមអញ្ជើញមកពិគ្រោះយោបល់ និងទទួលប្រឹក្សា អំពីវិធីសាស្ត្រនៃការព្យាបាលពីវេជ្ជបណ្ឌិតឯកទេសជំនាញផ្នែកចក្ខុរោគ នៅតាមមន្ទីរដែលនៅជិតផ្ទះលោកអ្នក។

គួរដឹងថា សារធាតុចិញ្ចឹមក្នុងអាហារមួយចំនួន អាចជួយភ្នែកឱ្យមានសុខភាពល្អ និងជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែក ហើយវីតាមីនសំខាន់ៗទាំងនោះមានដូចជា៖ ១.វីតាមីនA៖ វីតាមីនA ក៏ជាសារធាតុចិញ្ចឹមល្អចំពោះសុខភាពភ្នែកដែរ។ ស្រទាប់រ៉េទីនរបស់ភ្នែកត្រូវការវីតាមីន A ច្រើន ដើម្បីជួយបំប្លែងកាំរស្មីពន្លឺទៅជារូបភាពដែលយើងបានឃើញ។ ដូចនេះ បើគ្មានវីតាមីន A ភ្នែករបស់យើងនឹងមិនអាចរក្សាសំណើមគ្រប់គ្រាន់ អាចការពារភ្នែកស្ងួតបានទេ។ ប្រភពនៃវីតាមីន A មានដូចជា ការ៉ុត ដំឡូងជ្វា ។ល។ ២.វីតាមីន C៖ វីតាមីន C មានតួនាទីសំខាន់សម្រាប់សុខភាពភ្នែក និងប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារ ឬយ៉ាងហោចណាស់អាចពន្យារពេលនៃការខូចខាតភ្នែកទៅតាមវ័យ ឬជំងឺភ្នែកឡើងបាយ និងជួយការពារការខូចខាតរបស់រាងកាយដែលបង្កឡើងដោយការទទួលទានអាហារមិនល្អ ចំពោះសុខភាព ឬទម្លាប់រស់នៅមិនល្អ និងកត្តាបរិស្ថាន។

ប្រភពរបស់វីតាមីន C គឺពពួកផ្លែក្រូច និងទំពាំងបាយជូរ។ លើសពីនេះ បន្លែ និងផ្លែឈើ ផ្សេងទៀតដូចជា ម្ទេសប្លោក ប៉េងប៉ោះ និងស្រ្តបឺរី សុទ្ធតែមានផ្ទុកវីតាមីន C។៣.វីតាមីន E៖ វីតាមីន E ជាសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់មួយដែរ ក្នុងការជួយឱ្យកោសិកាភ្នែកមានសុខភាពល្អ។ វីតាមីននេះ មាននៅក្នុងផ្លែប័រ គ្រាប់អាល់ម៉ុន និងគ្រាប់ផ្កាឈូករ័ត្នន៍។ ក្រៅពីនេះ បន្លែស្លឹកបៃតងដូចជា ស្ពៃពួយឡេង ខាត់ណាខៀវ ពពួកសណ្ដែក ស៊ុត សាច់មាន់ សាច់ក្រហម និងអ៊យស្ទ័រ ក៏ជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗរបស់ភ្នែកដូចគ្នា៕ ដកស្រង់ពី៖ផេកមន្ទីរពេទ្យកាល់ម៉ែត និងហេទ្បូគ្រូពេទ្យ




