
សុខភាព៖ ពេលមានកូន ពិតជាសំខាន់ខ្លាំងណាស់ ដូច្នេះហើយបានជាគ្រូពេទ្យណែនាំ ស្ត្រីដែលចង់បានកូនត្រូវត្រៀមខ្លួនជាមុន។ តាំងពីមុនពេលពពោះ ត្រូវដាក់ផែនការគ្រួសារ និងទៅរកគ្រូពេទ្យប្រឹក្សាយោបល់ ដើម្បីបានដំបូន្មានល្អៗក្នុងការថែទាំកូន និងខ្លួនឯង…។

នៅពេលមិនបានចាក់ថ្នាំបង្ការមួយចំនួនតាំងពីមុនពេលមានកូន អាចមានគ្រោះថ្នាក់ទាំងម្តាយ និងកូនបានអំឡុងពេល ឬក្រោយសម្រាល ព្រោះបើកើតជំងឺទាំង៤មុខដូចខាងក្រោមនេះ នាំគ្រោះថ្នាក់ទាំងខ្លួនឯង និងកូន។ ១.ជំងឺតេតាណូស៖ បើមិនបានចាក់វ៉ាក់សាំងតេតាណូស មានផលប៉ះពាល់ដល់សុខភាពទាំងម្តាយ និងកូនក្នុងផ្ទៃ។ពេលមានជំងឺតេតាណូស ស្ត្រីប្រឈមបញ្ហាផ្លូវដង្ហើម និងប្រកាច់។ជំងឺតេតាណូស ក៏អាចផ្ដល់ផលប៉ះពាល់មិនល្អទៅដល់ទារកដែរ ដោយទារកអាចឆ្លងរោគតេតាណូស នៅពេលកាត់ទងសុក ចូលតាមផ្ចិតដោយសារតែការខ្វះអនាម័យ ឬយករបស់មិនស្អាតកាត់ ឬបិទរុំផ្ចិតកូន។

២.ទឹកនោមផ្អែមពេលទម្ងន់៖ ជំងឺនេះកើតឡើងនៅត្រីមាសទី៣នៃការពពោះ ហើយអាចបាត់ទៅវិញក្រោយពេលសម្រាលកូន។ កើតជំងឺទឹកនោមផ្អែមពេលពពោះ ជះឥទ្ធិពលអាក្រក់ទាំងម្តាយទាំងកូន នៅថ្ងៃណាមួយ ឬប៉ុន្មានឆ្នាំក្រោយមក ប្រឈមហានិភ័យវិវត្តទៅរកជំងឺទឹកនោមផ្អែមប្រភេទទី២ ដូចគ្នា។ ៣.ស្លេកស្លាំង៖ជំងឺស្លេកស្លាំង គឺដោយសារការថយចុះនូវគ្រាប់ឈាមក្រហម ដែលមានគ្រាប់ឈាមអេម៉ូក្លូប៊ីន ជាហេតុពេទ្យតែងឱ្យស្រីៗពពោះ ពិសាថ្នាំជាតិដែកឱ្យគ្រប់៩០គ្រាប់ និង៤២គ្រាប់ ក្រោយសម្រាល។ បើមិនបានលេបថ្នាំជាតិដែកឱ្យបានគ្រប់គ្រាន់ ប្រាកដជាកើតមានជំងឺស្លេកស្លាំងនៅពេលមានគភ៌ នាំឱ្យប៉ះពាល់ដល់ទារក ក្នុងផ្ទៃអំឡុងពេលមានបញ្ហាខ្វះគ្រាប់ឈាមក្រហម។ ស្លេកស្លាំងដោយខ្វះជាតិដែកអំឡុងពេលមានផ្ទៃពោះ អាចបង្កើនហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែ ឬទារកកើតមកមានទម្ងន់ទាប ឬទារកខ្សោយ។

៤. បម្រុងក្រឡាភ្លើង-ក្រឡាភ្លើង៖ជំងឺបម្រុងក្រឡាភ្លើង និងក្រឡាភ្លើង ភាគច្រើនកើតឡើងនៅពេលគភ៌អាយុចាប់ពី២០សប្តាហ៍ឡើងទៅ និងច្រើនកើតលើស្រីៗដែលធាត់ខ្លាំង ចូលចិត្តពិសាអាហារមានរសជាតិប្រៃ និងសាច់ច្រើន។ផលវិបាកនៃជំងឺបម្រុងក្រឡាភ្លើង និងក្រឡាភ្លើង មិនត្រឹមប៉ះពាល់ដល់សុខភាពខ្លួនឯងនោះទេ កូនក្នុងពោះក៏គ្រោះថ្នាក់ដូចគ្នា។ ស្រីៗមានផ្ទៃពោះអាចខូចតម្រងនោម មុខងារថ្លើមថយចុះ គ្រប់ឈាមធ្លាក់ចុះ ដាច់សរសៃឈាមក្នុងខួរក្បាល បែកគ្រាប់ឈាមប្រកាច់ ឬស្លាប់ភ្លាមៗទាំងម្តាយ និងកូន បើសិនជាទៅជួបគ្រូពេទ្យមិនទាន់ពេល។ចំណែកកូនក្នុងពោះវិញ អាចលូតលាស់ខុសប្រក្រតី មានបញ្ហាផ្លូវដង្ហើម កើតមិនគ្រប់ខែ ឬស្លាប់ក្នុងពោះ៕ដកស្រង់ពី៖ហេទ្បូគ្រូពេទ្យ



