ក្រៅពីជំងឺឫសដូងបាត ការបន្ទោរបង់មានលោហិត អាចមកពីកត្តាធំៗ៦ផ្សេងទៀត
S
Sreyleak Yith
•
10 ម៉ោងមុន

សុខភាព៖ ជាទូទៅឱ្យតែបន្ទោរបង់មកមានដោយលោហិត មនុស្សមួយចំនួនតែងគិតថា បណ្ដាលមកពីជំងឺឫសដូងបាត និងរកវិធីព្យាបាលដោយខ្លួនឯងមិនបានត្រឹមត្រូវ។សូមឈប់ធ្វើបែបនេះទៅ..! គួរតែទៅជួបគ្រូពេទ្យពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន ដ្បិតការបន្ទោរបង់មានលោហិត មិនមែនមកពីជំងឺឫសដូងបាត តែមួយមុខនោះទេ វាអាចមកបញ្ហាផ្សេងៗជាច្រើនទៀតដែលលោកអ្នកមិនដឹង...។

យោងតាមការចុះផ្សាយក្នុងផេក មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ការបន្ទោរបង់មកមានលោហិតមកជាមួយ គឺមូលហេតុភាគច្រើនអាចបណ្ដាលមកពីជំងឺឫសដូងបាត ឬអាចជាបញ្ហាផ្សេងនៅម្តុំបាត ដូចជា ការដាច់រហែកភ្នាសបាត ប៉ុន្តែនៅមានមូលហេតុជាច្រើនទៀតដូចជា ជំងឺរលាកពោះវៀន ជំងឺដុំមហារីកពោះវៀនធំ ជំងឺរលាកថង់ស្តុកលាមក ជំងឺសរសៃឈាមប្រែប្រួល ជំងឺដាច់ថង់តូចៗ(Diverticula) និងជំងឺដុំសាច់ (polyps)។ ហេតុដូច្នេះហើយ បានជាលោកគ្រូពេទ្យជំនាញ តែងមានការប្រុងប្រយ័ត្នជាប់ជានិច្ច និងមានពេលខ្លះ តម្រូវឱ្យមានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យរកមូលហេតុនៃការធ្លាក់ឈាមឱ្យបានច្បាស់លាស់បំផុត ដោយការពិនិត្យឆ្លុះសុងពោះវៀនធំ ដើម្បីរកមូលហេតុពិត និងបែងចែក ថាការធ្លាក់ឈាមមកពីពោះវៀនធំ ឬបញ្ហាបាត ព្រោះថា ត្រឹមតែការពិនិត្យមើលឫសដូងបាត គឺមិនអាចដឹងអំពីបញ្ហាពោះវៀនធំនេះឡើយ។

មួយវិញទៀត បើទោះជាមានជំងឺឫសដូងបាត ក៏នៅតែមិនប្រាកដថា ឈាមនោះមកពីផ្នែកខាងក្រោម ឬមកពីពោះវៀនធំនោះទេ។ ចំពោះការបន្ទោរបង់មានឈាម ដែលតម្រូវឱ្យរឆ្លុះពិនិត្យពោះវៀនធំ ដូចជា៖ មានប្រវត្តិគ្រួសារដែលមានបញ្ហាដុំសាច់កាច ឬមហារីក។ ក្រោយការពិនិត្យរាងកាយរបស់វេជ្ជបណ្ឌិត រកឃើញ ឬស្ទាបប៉ះដុំក្នុងពោះ។ស្រកទម្ងន់លឿន, បាត់បង់គ្រាប់ឈាមក្រហមច្រើន មានអការឈឺពោះរ៉ាំរ៉ៃ និងមានអាយុលើសពី៤៥ឆ្នាំឡើងទៅ។ បញ្ហានៃការបន្ទោបង់មានឈាមនេះ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងមិនត្រូវភ័យខ្លាចក្នុងការព្យាបាលទេ ព្រោះការធ្វើរោគវិនិច្ឆ័យ គឺដើម្បីចៀសវាងភាពធ្ងន់ធ្ងរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត