សូមផ្ដល់ចំណីអាហារណាដែលល្អចំពោះកូន បើមិនដូច្នេះទេ ប្រព័ន្ធរំលាយអាហារនឹងអាចប្រឈមរឿងទាំង៣នេះ
S
Sreyleak Yith
•
11 ម៉ោងមុន

សុខភាព៖ អាហារដែលផ្តល់ឱ្យកូន គឺសំខាន់ណស់ ដើម្បីទ្រទ្រង់សុខភាពរបស់កុមារ ពោលគឺនៅពេលចាប់ពី៦ខែទ្បើងទៅ ជាពេលក្មេងចាប់ផ្តើមអាចទទួលទានប្រភេទបបរគ្រប់គ្រឿងហើយ​ ប៉ុន្តែថា យើងមិនចេះតែដាក់ឱ្យកូនបរិភោគនោះទ្បើយ ត្រូវដឹងថា មានគុណប្រយោជន៍អ្វីខ្លះ និងរបស់ខ្លះ មិនគួរដាក់ឱ្យកូនទទួលទាន ព្រោះបើសិនជាក្រពះ-ពោះវៀនមានបញ្ហាក្មេងអាច ជួបការរារាំងដល់ការលូតលាស់..។

ផលប៉ះពាល់ទាំងនោះ មានដូចជា៖ ១.ខួរក្បាលអភិវឌ្ឍន៍មិនល្អ៖ ការលូតលាស់ និងអភិវឌ្ឍន៍ខួរក្បាលកូនល្អប្រក្រតី ក៏មានជាប់ពាក់ព័ន្ធសុខភាពក្រពះ-ពោះវៀនដែរ ព្រោះក្រពះ-ពោះវៀនក្មេងល្អ ការស្រូបយកពពួកសារធាតុចិញ្ចឹម ដែលគេហៅថា Mico-nutrient ជាសារធាតុចិញ្ចឹមជួយអភិវឌ្ឍន៍ខួរក្បាលកុមារ ក៏បានល្អ ជាហេតុជួយឱ្យកុមារតូចៗមានប្រាជ្ញាឆ្លាតវៃ។ ២.កង្វះអាហារូបត្ថម្ភ៖ ក្រពះ-ពោះវៀន មាននាទីចាំបាច់ក្នុងការស្រូបយកសារធាតុចិញ្ចឹម ពីអាហារដែលក្មេងបានទទួលទាន។ បើសុខភាពប្រព័ន្ធរំលាយអាហារមិនល្អ មានន័យថា ក្មេងច្បាស់ជាទទួលបានសារធាតុចិញ្ចឹម មិនគ្រប់គ្រាន់ តាមតម្រូវការរបស់រាងកាយ។ ៣.ប្រព័ន្ធការពាររាងកាយខ្សោយ៖ សុខភាពក្រពះ-ពោះវៀន ជះឥទ្ធិពលដល់សុខភាពប្រព័ន្ធការពាររាងកាយក្មេង ដោយសារក្រពះ-ពោះវៀន មានប្រមាណ៧០ភាគរយ នៃកោសិកា ដែលបង្កើតជាប្រព័ន្ធការពាររាងកាយ ហើយបាក់តេរីល្អៗ រាប់លានមានក្នុងក្រពះ-ពោះវៀន ក៏ជួយទ្រទ្រង់សុខភាពទូទៅរបស់ក្មេងៗ ចៀសឆ្ងាយពីជំងឺតូចតាចមួយចំនួនផងដែរ។

ក្នុងន័យនេះ បើក្មេងមានប្រព័ន្ធរំលាយអាហារខ្សោយ ឬមិនល្អ សុខភាពក៏ប្រឈមនឹងជំងឺច្រើនដែរ បើក្រពះ-ពោះវៀន មានសុខភាពល្អ គឺធ្វើឱ្យក្មេងមានការលូតលាស់បានល្អ ទាំងមាឌ និងកម្ពស់។ គួរជ្រាបថា អាហារដែលល្អសម្រាប់ក្មេងទើបតែចេះដើរមានដូចជា៖ ដំឡូង ឬដំឡូងជ្វា អង្ករ សាច់សត្វ សាច់ត្រី ស៊ុត សណ្ដែកសៀង សណ្ដែកឡង់ទី សណ្ដែកក្រាម និងអាហារផលិតពីពពួកសណ្ដែកដូចជា តៅហ៊ូ។លើសពីនេះ ទឹកដោះគោ និងផលិតផលពីទឹកដោះគោ បន្លែ-ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រភេទត្រីមានខ្លាញ់ច្រើន ដូចជា ត្រីស្បៃកា ត្រីសាល់ម៉ុន និងត្រីសាឌីន ដែលជាប្រភពនៃជាតិប្រូតេអ៊ីន និងជាតិដែក ដែលជំនួយដល់ការលូតលាស់សរីរាង្គរបស់កុមារ៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត