
សុខភាព៖ ជំងឺមហារីកសុដន់ កើតឡើងជាទូទៅចំពោះស្រីៗ ជាពិសេស អ្នកដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ ប៉ុន្តែស្ត្រីវ័យក្មេង ក៏អាចប្រឈមនឹងជំងឺមហារីកនេះដែរ។ចំពោះវិធីជួយកាត់បន្ថយហានិភ័យនេះ ស្រ្តីគួរមានទម្លាប់ល្អ៥យ៉ាងនេះ ដើម្បីគេចផុតពីជំងឺកាចសាហាវមួយនេះ។ តស់មកដឹងទាំងអស់គ្នា...។

គន្លឹះទាំងសំខាន់ៗទាំង៥ មានដូចជា៖ ទី១.ទទួលទានរបបអាហារល្អ៖ ការបរិភោគអាហារល្អៗ ដូចជា បន្លែ ផ្លែឈើ ការ៉ុត ល្ពៅ បន្លែស្លឹកបៃតង ដំឡូងជ្វា ផ្សិត ផ្លែទទឹម ត្រីសាល់ម៉ុន និងស៊ុតលឿង អាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់ យ៉ាងមានប្រសិទ្ធភាព។ ទី២.ហាត់ប្រាណជាទៀងទាត់៖ ការហាត់ប្រាណ មានគុណប្រយោជន៍ ជួយពង្រឹងសុខភាព ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់។ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ គួរហាត់ប្រាណយ៉ាងហោចណាស់១៥០នាទីក្នុងមួយសប្ដាហ៍។ ទី៣.បំបៅដោះកូន៖ មិនត្រឹមតែកាត់បន្ថយឱកាសក្នុងការវិវត្តនៃជំងឺមហារីកនោះទេ ការបំបៅដោះកូន ថែមទាំងជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីកក្រពេញអូវែ ដោយការពារ ការបញ្ចេញអូវុលថែមទៀតផង។ ដូច្នេះហើយ គួរបំបៅដោះកូនឱ្យបាន៦ខែ ដើម្បីទទួលបានអត្ថប្រយោជន៍ដល់ទាំងម្ដាយ និងទារក។

៤.ឈប់ជក់បារី៖ ស្ត្រីដែលជក់បារី ប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺមហារីកសុដន់។ សម្រាប់អ្នកដែលចាប់ផ្ដើមជក់បារីនៅមុនពេលសម្រាលកូនដំបូង និងបន្តជក់លើសពី២០ឆ្នាំ មានហានិភ័យនៃការកើតជំងឺមហារីកប្រភេទនេះ ដល់ទៅ៣៥ភាគរយ។ ទី៥.កាត់បន្ថយការពិសាគ្រឿងស្រវឹង៖ គ្រឿងស្រវឹងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជំងឺមហារីកសុដន់។ ដូច្នេះ ស្រីៗត្រូវកាត់បន្ថយគ្រឿងស្រវឹង ឱ្យនៅកម្រិតតិចតួច ទើបជាការប្រសើរ។ គួរជ្រាបថា មូលហេតុបង្កជំងឺមហារីកសុដន់ មកពីកត្តា រួមមាន៖ អាយុច្រើន ប្រវត្តិគ្រួសារមានជំងឺមហារីកសុដន់ ធ្លាប់កើតជំងឺមហារីកសុដន់ មានកម្ពស់ខ្ពស់ លើសទម្ងន់ ឬធាត់ជ្រុល និងជក់បារី។ ចំពោះ រោគសញ្ញានៃជំងឺមហារីកសុដន់ មានដូចជា៖ ប្រែប្រួលទំហំ ឬរូបរាងនៃសុដន់ម្ខាង ឬទាំងសងខាង មានដុំពក ឬហើមនៅក្លៀក មានកន្ទួលនៅជុំវិញចុងសុដន់ និងសុដន់ប្រែប្រួលដូចជាលឹបចូលក្នុង និងហូរទឹកពីចុងសុដន់ អាចមានឈាម៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ




