
សុខភាព៖ កូលេស្តេរ៉ូល គឺជាសារធាតុខ្លាញ់ម្យ៉ាងដែលមានលក្ខណៈដូចក្រមួន ចរាចរណ៍នៅក្នុងឈាម និងត្រូវបានផលិតឡើងដោយថ្លើម ដើម្បីជួយដល់ដំណើរការរាងកាយ ដូចជា ការបង្កើតកោសិកាថ្មី អ័រម៉ូន និងប្រព័ន្ធប្រសាទ តែបើសិនជាគ្រប់គ្រងមិនបានល្អ វាក៏ជះផលប៉ះពាល់ដល់យើងវិញដែរ…។

បើសិនជាលោកអ្នកមិនចង់ឱ្យមានជំងឺគាំងបេះដូង ឬគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល ត្រូវតាមដានកម្រិតកូលេស្តេរ៉ូល។ ដូច្នេះ ការជ្រើសរើសអាហារប្រកបដោយភាពឈ្លាសវៃ ត្រឹមត្រូវ មានគុណប្រយោជន៍ខ្ពស់ ក្នុងការគ្រប់គ្រងកម្រិតកូលេស្តេរ៉ូល។អាហារទាំងនោះ មានដូចជា៖ ១.ត្រីមានខ្លាញ់៖ ពពួកត្រីមានខ្លាញ់ ដូចជា ត្រីសាល់ម៉ុន អាចទទួលទានជំនួសសាច់បាន ពីព្រោះវាមានផ្ទុកខ្លាញ់ឆ្អែត LDL ដែលសម្បូរទៅដោយអាស៊ីដអូមេហ្គា៣។ ២.សណ្ដែកសៀង៖ តៅហ៊ូ ឬទឹកសណ្ដែកសៀង មានជាតិប្រូតេអ៊ីន និងជាតិសរសៃខ្ពស់ សក្ដិសមក្នុងការគ្រប់គ្រងកម្រិតកូលេស្តេរ៉ូលបានល្អ។៣.ពោតបារាំង៖ ពោតបារាំងមានកាឡូរីទាប ប៉ុន្តែវាផ្ទុកទៅដោយជាតិសរសៃរលាយខ្ពស់ ដែលអាចជួយគ្រប់គ្រងកម្រិតកូលេស្តេរ៉ូលបានយ៉ាងល្អ។

៤.គ្រាប់ធញ្ញជាតិ៖ អាល់ម៉ុន និងសណ្ដែកដី គឺសុទ្ធតែផ្ដល់គុណប្រយោជន៍ដល់សុខភាពបេះដូង នៅពេលលោកអ្នកទទួលទានវានៅក្នុងបរិមាណត្រឹមត្រូវ។ ៥.ផ្លែឈើ៖ ផ្លែប៉ោម ស្រ្តប៊ឺរី និងទំពាំងបាយជូរ មានផ្ទុកទៅដោយសារធាតុ Pectin ជាប្រភេទសរសៃរលាយ ដែលជួយឱ្យកម្រិតកូលេស្តេរ៉ូលថយចុះ។ ដូច្នេះ គួរទទួលទានអាហារដូចបានរៀបរាប់ខាងលើ ដើម្បីគ្រប់គ្រងកម្រិតកូលេស្តេរ៉ូល តែមិនត្រូវបរិភោគអាហារកែច្នៃ អាហារចៀន និងបង្អែមនោះទេ។ គួរជ្រាបថា បន្ថែមពីលើរបបអាហារត្រឹមត្រូវ លោកអ្នកគួរធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ដើម្បីបន្ថយកម្រិតកូលេស្តេរ៉ូល ក៏ដូចជារក្សាទម្ងន់ខ្លួនឱ្យបានសមស្រប៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ




