តើលោកអ្នកដឹងទេ ជំងឺច្រាលអាស៊ីតក្រពះ មានរោគសញ្ញាអ្វីខ្លះ..?
S
Sreyleak Yith
08 កញ្ញា 2026 08:00 AM

សុខភាព៖ នៅពេលលោកអ្នកមានអារម្មណ៍ថា ក្ដៅក្នុងទ្រូង ក្រហាយទ្រូង បន្ទាប់ពីបរិភោគអាហារច្រើន ឬពត់បត់ខ្លួន លើកវត្ថុធ្ងន់ៗ ឬទម្លាក់ខ្លួនដេក។ មានរសជាតិល្វីង ហឹរ ឬជូរក្នុងមាត់ បណ្ដាលឱ្យមានផលវិបាកក្នុងបំពង់អាហារដូចជា ការរលាក ការហូរឈាម និងពិបាកលេប។ លើសពីនេះ ហើមពោះ មានអារម្មណ៍ថា ឆាប់ឆ្អែត ចង្អោរ និងក្អួត បន្ទាប់ពីការបរិភោគ។ ទាំងនេះ ជារោគសញ្ញានៃជំងឺច្រាលអាស៊ីតក្រពះ។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រមន្ទីរពេទ្យកាល់ម៉ែត…។

បើតាមអ្នកជំនាញ មូលហេតុបង្កឱ្យមានជំងឺច្រាលអាស៊ីតក្រពះ មានដូចជា៖ ភាពមិនប្រក្រតីនៃបំពង់អាហារ នាំឱ្យអាហារដែលធ្លាក់ចូលទៅក្នុងក្រពះ មានភាពយឺតយ៉ាវបណ្ដាលឱ្យសារធាតុដែលនៅក្នុងក្រពះ ហូរត្រឡប់មកវិញ និងស្ថិតនៅក្នុងបំពង់អាហារយូរជាងធម្មតា។ មិនប្រក្រតី ឬភាពខ្សោយនៃប្រឹសបំពង់អាហារផ្នែកខាងក្រោម ដោយសារការពិសាគ្រឿងស្រវឹង ថ្នាំជក់ និងថ្នាំព្យាបាលជំងឺហឺតមួយចំនួន។ មួយវិញទៀត មកពីមានជំងឺទឹកនោមផ្អែម ជាពិសេស ផលលំបាករបស់វាទៅលើសរសៃប្រសាទ និងភាពមិនប្រក្រតីនៃក្រពះ បណ្ដាលឱ្យមានភាពយឺតយ៉ាវ ក្នុងការរុញច្រានចំណីអាហារទៅក្នុងពោះវៀន និងបង្កើននូវរោគសញ្ញានៃការច្រាលទឹកអាស៊ីតក្រពះ។ ចំពោះការព្យាបាល ជំងឺច្រាលអាស៊ីតក្រពះ ទី១.គឺប្រើប្រាស់ថ្នាំ សម្រាប់ព្យាបាលបំពង់អាហារជាសះស្បើយ និងកាត់បន្ថយការផលិតអាស៊ីតក្រពះ។

ប្រសិនបើការប្រើថ្នាំ មិនមានប្រយោជន៍ និងរោគសញ្ញានៅតែមាន ដោយអ្នកជំងឺមិនអាចទទួលការព្យាបាលដោយថ្នាំរយៈពេលយូរ ឬជួបនូវផលរំខានបន្ទាប់បន្សំ នោះមានជម្រើសក្នុងការវះកាត់។ ២.ការផ្លាស់ប្ដូររបៀបរស់នៅដូចជា៖ ហាត់ប្រាណឱ្យបានទៀងទាត់ និងរក្សាទម្ងន់ឱ្យសមស្រប, ចៀសវាងមានអារម្មណ៍តានតឹង និងគេងក្នុងស្ថានភាពក្បាលខ្ពស់ យ៉ាងហោចណាស់ជាង១៥សង់ទីម៉ែត្រ ពីលើគ្រែនៅលើខ្នើយដែលរឹង។ហាមស្លៀកសម្លៀកបំពាក់ ឬខ្សែក្រវាត់ដែលរឹបខ្លាំង និងកុំពិសាគ្រឿងស្រវឹង និងថ្នាំជក់។ កុំទទួលទានតែ កាហ្វេ ភេសជ្ជៈជាតិកាបូណាត ទឹកផ្លែឈើ អាហារជូរ ហិរ និងអាហារដែលមានជាតិខ្លាញ់ និងស្ករសូកូឡា។ បរិភោគអាហារតិចតួច តែញឹកញាប់ និងមិនត្រូវបរិភោគច្រើននៅពេលល្ងាច ហើយហាមដេកភ្លាមៗ ត្រូវរង់ចាំយ៉ាងហោចណាស់៤ម៉ោងសិន បន្ទាប់ពីទទួលទានអាហារ។

បើលោកអ្នក កើតមានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមរួសរាន់មកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យ ដើម្បីស្វែងរកការព្យាបាលឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ព្រោះជំងឺច្រាលអាស៊ីតក្រពះ អាចក្លាយជាជំងឺរ៉ាំរ៉ៃ ប្រសិនបើមិនទទួលបានការព្យាបាល ឱ្យបានត្រឹមត្រូវទេនោះ វាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថៃ្ង ក៏ដូចជាមានការចំណាយច្រើនលើការព្យាបាលផងដែរ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត