
សុខភាព៖ មានបងប្អូនជាច្រើនតែងភ័យខ្លាច មិនហ៊ានវះកាត់ពេលមានគ្រួសក្នុងប្រមាត់ ព្រោះមនុស្សគ្រប់គ្នាតែងនិយាយថា ការកាត់ថង់ប្រមាត់ចេញ នឹងធ្វើឱ្យរាងកាយខ្សោយ ហើយពេលទទួលទានអ្វីបន្តិច ក៏ពុលដែរ។ ថ្ងៃនេះ SBM News នឹងចេញមកស្រាយចង្ងល់នេះ ជូនលោកអ្នកបានជ្រាប និងស្វែងយល់ការពិត...។

យោងតាមអត្ថបទ លោកគ្រូពេទ្យ គីម លី ប្រធានផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរពេទ្យបង្អែកស្អាង បានឱ្យដឹងថា ថង់ទឹកប្រមាត់ មិនមែនជាអ្នកផលិតទឹកប្រមាត់ទេ នោះគឺថ្លើមជាអ្នកផលិតទឹកប្រមាត់រាល់ថ្ងៃ។ ចំណែកថង់ប្រមាត់ គ្រាន់តែជាកន្លែងផ្ញើទឹកប្រមាត់ទុកបណ្ដោះអាសន្ន ដើម្បីជួយរំលាយជាតិខ្លាញ់ ពេលយើងបរិភោគអាហារប៉ុណ្ណោះ។ ចំពោះ ការលើកទ្បើងថា ការកាត់ថង់ទឹកប្រមាត់ហើយឆាប់ពុលចំណីអាហារនោះ គឺមិនពាក់ព័ន្ធគ្នាទាល់តែសោះ។ ការពុលចំណីអាហារ កើតឡើងដោយសារអាហារមិនស្អាត មានមេរោគ ឬផ្អូម មិនមែនមកពីគ្មានថង់ទឹកប្រមាត់នោះឡើយ។

ក្នុងករណី កាត់ថង់ទឹកប្រមាត់ចេញ ក៏ថ្លើមនៅតែផលិតទឹកប្រមាត់បានដដែល ដោយទឹកប្រមាត់ នឹងហូរត្រង់ទៅពោះវៀន ជួយរំលាយអាហារជាធម្មតា។ លោកគ្រូពេទ្យ បានគូសរំលេចបន្ថែមថា ក្រោយកាត់ថង់ទឹកប្រមាត់ លោកអ្នកអាចរស់នៅធ្វើការ ក៏ដូចជាពិសាបាយបានធម្មតា១០០ភាគរយ គ្រាន់តែប៉ុន្មានសប្តាហ៍ដំបូង គួរបន្ថយអាហារខ្លាញ់ខ្លាំង ព្រមទាំងគ្រឿងបំពង ព្រោះគ្មានធុងស្តុកទឹកប្រមាត់ច្រើនដូចមុន បើទទួលទានខ្លាញ់ច្រើន ភ្លាមៗអាចរាករូស ឬឆ្អល់ពោះបន្តិចបន្តួចប៉ុណ្ណោះ តែមិនពុលទេ៕



