
សុខភាព៖ ការធ្វើសូណា ឬការចូលស្ទីម គឺជាពេលវេលា ដែលរាងកាយត្រូវបញ្ចេញជាតិពុល តាមរយៈការបែកញើស ហើយធ្វើឱ្យរាងកាយត្រូវថយចុះជាតិទឹក និងប៉ះពាល់ដល់បរិមាណអេឡិចត្រូលីតក្នុងរាងកាយ។ ដូច្នេះបន្ទាប់ពីពេលលោកអ្នកចូលសូណា បង្ហូរញើសក្នុងបន្ទប់កម្ដៅរួចហើយ ត្រូវគិតគូរពីអាហារណាដែលល្អត្រូវទទួលទាន និងមិនគួរបរិភោគ…។

អាហារដែលមិនគួរទទួលទានក្រោយចូលសូណា មានដូចជា ពពួកអាហារដែលសម្បូរទៅដោយសារធាតុខ្លាញ់ឆ្អែត។ ចំណែកអាហារគួរបរិភោគរួមមាន បឺ ចេកទុំ ឪឡឹក និងទឹកដូង ជាដើម។ ផ្លែបឺ ជាប្រភេទផ្លែឈើគួរទទួលទាន សម្រាប់បំពេញសារធាតុទឹកឱ្យរាងកាយក្រោយពេលបែកញើស។ ផ្លែឈើប្រភេទនេះជាបណ្ដុំទៅដោយសារធាតុចិញ្ចឹមដល់រាងកាយស្ទើតែ១០០មុខ ដោយរាប់ចាប់ត្រឹមពីមុខងារផ្នែកប្រព័ន្ធរំលាយអាហារ ផ្នែកប្រព័ន្ធសរសៃឈាម និងសុខភាពផ្លូវភេទផងដែរ។ ចេកទុំ ជាប្រភេទអាហារ ដែលសម្បូរទៅដោយ ប៉ូតាស្យូមខ្ពស់ មានបរិមាណ ដល់ទៅ៤២២មីលីក្រាមក្នុងចេក១ផ្លែ។នៅពេលបែកញើសច្រើន នោះរាងកាយត្រូវថយចុះជាតិទឹក ដែលអាចប៉ះពាល់ទៅដល់សារធាតុអេទ្បិចត្រូលីត ដែលជាបណ្ដុំនៃភាគល្អិតសារធាតុរ៉ែមាន សូដ្យូម ប៉ូតាស្យូម កាល់ស្យូម ក្លរួ ម៉ាញ៉េស្យូម និងផូស្វាត មាននៅក្នុងឈាម និងសារធាតុរាវដែលមានក្នុងរាងកាយ។

ឪឡឹក និងទឹកដូង ជាប្រភេទអាហារ ដែលសម្បូរទៅដោយសារធាតុទឹកច្រើនរហូតដល់ទៅ៩០ភាគរយ និងប៉ូតាស្យូមក៏មិនតិចដែរ។ជាមធ្យមក្នុងឪឡឹកមួយផ្លែទំងន់៤,៥គីឡូ មានផ្ទុកបរិមាណប៉ូតាស្យូម ដល់ទៅ៥០៦០មីលីក្រាម ដូច្នេះបរិមាណនេះ មិនចាញ់ផ្លែចេកនោះទេ។ មួយវិញទៀត ក៏អាចពិសាទឹកដូងបានដែរព្រោះ ទឹកដូងក៏មានផ្ទុកនូវប៉ូតាស្យូមដូចគ្នា។ គួរជ្រាបថា ការពិសារអាហារដែលល្អត្រឹមត្រូវ ហើយឆ្លើយតបទៅនឹងតម្រូវការរាងកាយក្រោយពេលធ្វើសូណា គឺវិធីយ៉ាងល្អបំផុតសម្រាប់ជំរុញដល់ការខិតខំធ្វើសូណាឱ្យកាន់តែមានប្រសិទ្ធភាព៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ




