
សុខភាព៖ នៅពេលលោកអ្នកមានជំងឺរលាកថ្លើមដោយមេរោគប្រភេទសេ (Hépatite C) វានឹងលេចចេញនៅអាការមួយចំនួន៦ដូចជា ភ្នែកឡើងលឿង ស្បែកទ្បើងលឿង មានការហេវហត់ ចុះខ្សោយកម្លាំង, ហើមជើង, និងមានរោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសសាយធំ ។ល។ តែយ៉ាងណាជាង៨០ភាគរយនៃអ្នកជំងឺរលាកថ្លើម គឺមិនមានរោគសញ្ញាអ្វីច្បាស់លាស់នោះឡើយ ដូច្នេះ មានតែការពិនិត្យឈាមទើបច្បាស់លាស់…។

ការចម្លងមេរោគថ្លើមប្រភេទសេនេះ គឺវាអាចឆ្លងបានតាមរយៈការប៉ះពាល់ជាមួយឈាម, ទឹករងៃ, ការមុតដាច់ស្បែក, ការរួមភេទដោយមិនមានប្រើប្រាស់ស្រោមអនាម័យ, ការប្រើប្រាស់វត្ថុមុតស្រួចចាក់ឆ្លងកាត់ស្បែក។ បើសិនការពិនិត្យសុខភាព និងការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា នៅដំណាក់កាលដំបូងជាមួយគ្រូពេទ្យជំនាញ នៅពេលថ្លើមមិនទាន់ក្រិន ឫមិនមានដុំមហារីករបស់ជំងឺរលាកថ្លើមប្រភេទ[សេ]នេះ គឺអាចឱ្យគ្រូពេទ្យព្យាបាលបានជាសះស្បើយទាន់ពេលវេលា និងដើម្បីចៀសវាងរាល់ផលវិបាករបស់ជំងឺនេះ ដែលអាចនាំឱ្យមានក្រិនថ្លើម, រលាកថ្លើមរាំរៃ, ដុំមហារីកថ្លើម។

គួរជ្រាបថា រោគសញ្ញ្ញាដែលកើតអាចមាននៅលើអ្នកជំងឺ គឺអាស្រ័យទៅលើកម្រិតនៃការរលាក និងសភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺ។ វិធានការក្នុងការបង្ការជំងឺនេះ គឺ ចៀសវាងរាល់ការប៉ះពាល់ឈាម និងទឹករងៃរបស់អ្នកជំងឺ, ហាមប្រើប្រាស់វត្ថុមុតស្រួចរួមគ្នា និងរួមភេទដោយប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ៕ អត្ថបទដកស្រង់ពីផេក៖ មន្ទីរពេទ្យកាល់ម៉ែត



