
សុខភាព៖ នារីៗមួយចំនួនដែលចង់បានរាងស្អាតតែងជ្រើសការសម្រកទម្ងន់ តាមរយៈការទទួលទានទឹកក្រូចសម្រកទម្ងន់ ឬគ្មានជាតិស្ករ តែផលិតពីស្ករសិប្បនិម្មិតជំនួសវិញ។ ការគិតបែបនេះខុសហើយ គឺវាមានផលប៉ះពាល់ ដែលអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរ៦យ៉ាង។

១.ជំងឺបាក់ទឹកចិត្ត៖ ទឹកផ្លែឈើកំប៉ុង និងទឹកក្រូចសម្រកទម្ងន់ បង្កើតបញ្ហាច្រើនជាងទឹកក្រូចធម្មតាទៅទៀត។ ការស្រាវជ្រាវរកឃើញថា អ្នកពិសាទឹកក្រូចលើសពី១០ ឆ្នាំ ងាយនឹងរីករាលដាលបង្កជា ជំងឺបាក់ទឹកចិត្ត ជាងអ្នកមិនផឹកសោះរហូតដល់ ៣០ភាគរយឯណោះ។ ២.បាក់ឆ្អឹងត្រគាក៖ ការស្រាវជ្រាវរបស់សកលវិទ្យាល័យមួយ នៅអាមេរិក រកឃើញថា នារីៗនិយមផឹកទឹកក្រូចសម្រកទម្ងន់ ឆ្អឹងពួកគេមានភាពរឹងមាំ តិចជាងនារីៗមិនផឹកប្រមាណ៤ភាគរយ បើទោះជាពួកគេមានកាល់ស្យូម និងវីតាមីន D ក្នុងកម្រិតត្រឹមត្រូវក៏ដោយ។ មានន័យថា ទឹកក្រូចគ្មានជាតិស្ករដែលផលិតពីស្ករសិប្បនិម្មិត អាចបង្កើនហានិភ័យបាក់ឆ្អឹងត្រគាកចំពោះស្រ្តី។

៣.ឡើងទម្ងន់៖ ទឹកក្រូចសម្រកទម្ងន់ ឬគ្មានជាតិស្ករ គឺផលិតពីស្ករសិប្បនិម្មិត មានផលប៉ះពាល់ដូចគ្នាទៅនឹងប្រតិកម្មស្ករក្នុងរាងកាយ។ ស្ករសប្បនិម្មិត នឹងបង្កើនកម្រិតអាំងស៊ុយលីន បន្ថយសម្ពាធឈាម ធ្វើឱ្យមានអារម្មណ៍ឃ្លានអាហារណាមានជាតិផ្អែម កាន់តែខ្លាំងជាងមុន។ លើសពីនេះ អ្នកលើសទម្ងន់ដោយសារផឹកភេសជ្ជៈសម្រកទម្ងន់ ជាធម្មតាទទួលទានច្រើនជាងអ្នកមិនពិសាភេសជ្ជៈសម្រកទម្ងន់ទៅទៀត។ ៤.ជំងឺទឹកនោមផ្អែមប្រភេទ២៖ តាមការពិសោធបង្ហាញថា ទឹកក្រូចសម្រកទម្ងន់ ឬទឹកក្រូចធម្មតា ជាទូទៅផ្សារភ្ជាប់ជាមួយនឹងជំងឺអុកស៊ីដកម្មអាហារ របស់រាងកាយហៅថា មេតាប៉ូលីស អាចបង្កើនហានិភ័យកើតជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺសរសៃឈាមខួរក្បាល។ ពិសាទឹកក្រូចសម្រកទម្ងន់១កំប៉ុងក្នុងមួយថ្ងៃ កាន់តែប្រឈមជំងឺទឹកនោមខ្ពស់ជាងមុនរហូតដល់ទៅ៦៧ភាគរយ បើធៀបទៅនឹងអ្នកមិនទទួលទានភេសជ្ជៈប្រភេទនេះ។

៥.រារាំងមុខងាររាងកាយ៖ ស្ករបញ្ជូនសញ្ញាទៅខួរក្បាលប្រាប់ពីអាហារមានជាតិកាឡូរីច្រើន ចំណែកទឹកក្រូចសម្រកទម្ងន់ ក៏ឱ្យសញ្ញាដែរ ប៉ុន្តែមិនបង្ហាញថាមានកម្រិតកាឡូរីទេ។ ហេតុនេះ វាបានបង្កើតភាពស៊ាំ នាំឱ្យ រាងកាយបាត់បង់អារម្មណ៍ និងប្តូរសញ្ញាខួរក្បាល។ ដូច្នេះ យូរៗទៅ ពេលពិសាអាហារ មានជាតិស្ករពិតប្រាកដ រាងកាយនឹងច្រឡំ នាំឱ្យពិបាកបញ្ចេញអាំងស៊ុយលីន ដើម្បីបន្ថយសម្ពាធឈាម ធ្វើឱ្យឡើងទម្ងន់លើសដើម។ ៦.សើចលែងស្អាត៖ កម្រិតអាស៊ីដដ៏គ្រោះថ្នាក់ ត្រូវបានរកឃើញក្នុងសារជាតិញៀន ដូចជាកូកាអ៊ីន ម៉េតំហ្វេតាមីន និងទឹកក្រូចសម្រកទម្ងន់ អាចនឹងបំផ្លាញធ្មេញម្តងបន្តិចៗ ធ្វើឱ្យបាត់បង់សម្រស់ សើចលែងស្អាតតែម្តង៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ



