តស់មកដឹងពីមូលហេតុ និងវិធីបង្ការនៃ«ជំងឺហឺត»
S
Sreyleak Yith
មួយថ្ងៃមុន

សុខភាព៖ ជំងឺហឺត វាមិនមែនជាជំងឺឆ្លងទេ តែអាចចាប់ផ្តើមកើតក្នុងវ័យកុមារភាព ហើយក៏អាចកើតលើមនុស្សគ្រប់វ័យ តែច្រើនកើតលើកុមារដែលមានសាច់ញាតិមានជំងឺ។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត...។

ការធ្វើទុក្ខនៃជំងឹហឺត អាចបង្កឡើងដោយសារ៖ ការបរិភោគអាហារប្រភេទមួយចំនួន ការដកដង្ហើមចូលនូវវត្ថុដែលមនុស្សនោះមានប្រតិកម្មជាមួយ។ ជំងឹហឺត ក៏អាចបណ្ដាលមកពីផ្សែងបារី ផ្សែងដុតសំរាម ឬផ្សែងពីចង្ក្រាន និងផ្សែងពីការដុតនៅតាមវាលស្រែ ឬផ្សែងរថយន្ត និងផ្សែងតាមរោងចក្រឧស្សាហកម្មផ្សេងៗ។ ចំពោះមនុស្សខ្លះ ជំងឺហឺត ធ្វើទុក្ខនៅពេលមានអារម្មណ៍ភ័យខ្លាច ឬការព្រួយបារម្ភខ្លាំង។ ចំណែកកុមារតូចៗ ជំងឺហឺត ចាប់ផ្តើមធ្វើទុក្ខដោយសារមានជំងឺគ្រុនផ្តាសាយ។ មនុស្សដែលមានជំងឺហឺតជាយូរឆ្នាំ អាចកើតមានការស្ទះខ្យល់ក្នុងសួត។ ជំងឺនេះអាចស្តែងចេញជារោគសញ្ញាផ្សេងៗច្រើនសណ្ឋានដូចជា ឡេះឡះ ប្រកាច់ និងមានការពិបាកដកដង្ហើម។ នៅពេលដែលអ្នកជំងឺដកដង្ហើមចូល ស្បែកដែលនៅលើឆ្អឹងដងកាំបិត និងចន្លោះឆ្អឹងជំនីរបស់អ្នកជំងឺអាចផតចូល ដោយសារប្រឹងស្រូបយកខ្យល់។ បើមិនអាចស្រូបយកខ្យល់ឱ្យបានគ្រប់គ្រាន់ ក្រចកនិងបបូរមាត់នឹងឡើងខៀវ ហើយសរសៃឈាមវ៉ែននៅ-កអាចប៉ោង តែធម្មតាគ្មានគ្រុនក្ដៅទេ។

រីឯការព្យាបាល បើជំងឺហឺតមានសភាពកាន់តែធ្ងន់ធ្ងរនៅពេលស្នាក់នៅក្នុងផ្ទះ គួរចេញទៅខាងក្រៅផ្ទះ នៅកន្លែងដែលមានខ្យល់អាកាសល្អបំផុត។ លើសពីនេះ ការហឺតចំហាយទឹកក្ដៅ ក៏អាចជួយឱ្យបានធូរស្រាលខ្លះដែរ។ ចំពោះពេលធ្វើទុក្ខត្រូវប្រើប្រដាប់ហឺតថ្នាំ ដែលមានការណែនាំពីគ្រូពេទ្យ ឱ្យបានញឹកញាប់តាមត្រូវការ។ ថ្នាំនេះ គឺជាថ្នាំបាញ់ដែលអ្នកជំងឺត្រូវហឺតចូលយ៉ាងវែងតាមដែលអាចធ្វើបាន។ ត្រូវរក្សាការស្ងៀមស្ងាត់ សុភាពជាមួយអ្នកជំងឺហឺត កុំទ្បូទ្បាដាក់អ្នកជំងឺ និងផ្តល់ទឹកឱ្យអ្នកជំងឺពិសាទឹកឱ្យបានច្រើន។ ការធ្វើរបៀបនេះជួយពង្រាវស្លេស និងធ្វើឱ្យងាយដកដង្ហើម បើអ្នកជំងឺនៅតែមិនធូរស្រាលទេ សូមស្វែងរកជំនួយពីគ្រូពេទ្យដែលនៅជិតបំផុត។

ដោយទ្បែក ចំពោះ វិធីបង្ការមួយចំនួនសម្រាប់អ្នកជំងឺហឺត មានដូចជា៖ នៅផ្ទះ ឬកន្លែងធ្វើការត្រូវរក្សាឱ្យមានភាពស្អាតជានិច្ចកុំឱ្យមានធូលីដី។ កុំឱ្យមានសត្វមាន់ ឬសត្វដទៃទៀតចូលក្នុងផ្ទះ និងដាក់កម្រាលពូកហាលថ្ងៃ អ្នកមានជំងឺហឺត ហាមជក់បារី ព្រោះការជក់បារីធ្វើឱ្យសួតខូចកាន់តេខ្លាំង។ អ្នកជំងឺហឺតអាចធូរស្រាល ត្រូវស្ថិតនៅកន្លែងដែលមានខ្យល់អាកាសល្អ ដែលជួនកាលការដេកនៅខាងក្រៅផ្ទះ នៅកណ្តាលវាល ក៏អាចជួយដែរ និងផឹកទឹកយ៉ាងតិចឱ្យបាន៨កែវ ក្នុងមួយថ្ងៃដើម្បីឱ្យស្លេសរាវ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត