
សុខភាព៖ ក្រដាសត្រចៀក គឺជាបំណែកស្តើងនៃជាលិកាដែលបែងចែករវាងរន្ធត្រចៀក និងត្រចៀកកណ្តាល។ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តាប់ដោយការបញ្ជូនរំញ័រសំឡេង…។

មូលហេតុដែលបណ្តាលឱ្យរហែកក្រដាសត្រចៀកមានដូចជា៖ ១.ការប៉ះដោយផ្ទាល់លើក្រដាសត្រចៀក ដូចជាប៉ះដោយសារសំឡីត្បារ ឬវត្ថុផ្សេងៗ អាចធ្វើឱ្យធ្លុះក្រដាសត្រចៀក។ ២.ការឆ្លងមេរោគត្រចៀកកណ្តាល នេះគឺជាមូលហេតុចម្បងនៃការរហែកក្រដាសត្រចៀក។ ៣.ការផ្លាស់ប្តូរសម្ពាធខ្លាំង ឬហៅថា barotrauma និងទី៤គឺ របួសត្រចៀក។ ចំពោះរោគសញ្ញា រួមមាន៖ វិលមុខ ឈឺត្រចៀក ក្រដាសត្រចៀកមានសំឡេងរោទ៍ ហឹង ឮក្នុងត្រចៀក ហូរទឹកចេញពីត្រចៀកមានលក្ខណៈ ទឹកថ្លា ខ្ទុះ ឬមានឈាម និងបាត់បង់ការស្តាប់អាចជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍។ ការដាច់រហែក ឬធ្លុះក្រដាសត្រចៀក អាចជាសះស្បើយដោយខ្លួនឯង ក្នុងរយៈពេលពីរទៅបីសប្តាហ៍។

តែយ៉ាងណា ក៏ដោយប្រសិនបើការរហែកមានទំហំធំមិនជាសះស្បើយដោយខ្លួនឯងទេ និងមានការហូរទឹក ឬខ្ទុះជាប់ជាប្រចាំបូកផ្សំការស្តាប់ធ្លាក់ចុះ
សូមមកជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ផ្នែកឯកទេសត្រចៀកជាបន្ទាន់ ដោយគ្រូពេទ្យអាចណែនាំឱ្យថ្នាំបន្តក់ត្រចៀក
ឬថ្នាំលេប ដើម្បីបំបាត់ការឈឺចាប់។ គួរជ្រាបថា ដើម្បីការពារការរហែកក្រដាសត្រចៀក
មានដូចជា៖ ប្រើប្រដាប់ការពារសម្លេងក្នុងត្រចៀក
ដើម្បីការពារអំឡុងពេលឮសម្លេងខ្លាំងៗ។ ធ្វើឱ្យសម្ពាធត្រចៀកស្មើគ្នា កំលុងពេលធ្វើដំណើរតាមយន្តហោះ
ឬពេលប្រែប្រួលសម្ពាធ។ ជៀសវាងការប្រើសំឡី
ឬវត្ថុផ្សេងទៀត នៅក្នុងរន្ធត្រចៀក និងព្យាបាលការឆ្លងមេរោគត្រចៀកឱ្យបានត្រឹមត្រូវ៕
ដកស្រង់ចេញពីផេកផ្លូវការ
មន្ទីរពេទ្យកាល់ម៉ែត



