សូមចំណាំ! ពេលរាងកាយមានជំងឺវិបត្តិរំលាយអាហារ នឹងលេចចេញរោគសញ្ញាធំៗទាំង៤នេះ
S
Sreyleak Yith
17 ម៉ោងមុន

សុខភាព៖ វិបត្តិរំលាយអាហារ (functional dyspepsia) ជាជំងឺមួយដែលជួបប្រទះញឹកញាប់ចំពោះប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន។ វាជាជំងឺមួយដែលមានលក្ខណៈរ៉ាំរ៉ៃ អាចប៉ះពាល់ដល់ការងារ និងការប្រកបមុខរបររបស់អ្នកជំងឺ និងគ្រួសារ។ នេះបើយោងតាមការចុះផ្សាយក្នុងផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត្រ...។

នៅពេលលោកអ្នកមានបញ្ហារំលាយអាហារ នឹងមានចេញជារោគសញ្ញា៤ធំៗដូចជា៖ ឈឺចុងដង្ហើម ក្រហាយចុងដង្ហើម បរិភោគអាហារឆាប់ឆ្អែត និងតឹងណែនពោះ ក្រោយបរិភោគ។ ជំងឺវិបត្តិរំលាយអាហារនេះដែរ បើអ្នកជំងឺមិនទទួលបានការព្យាបាលឱ្យបានត្រឹមត្រូវទេ វាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងមានការចំណាយប្រាក់កាសច្រើន ដូច្នេះ បើលោកអ្នកកើតមាននូវរាល់រោគសញ្ញា ដូចដែលបានរៀបរាប់ខាងលើ ត្រូវមកមន្ទីរពេទ្យ ជួបគ្រូពេទ្យ ដើម្បីព្យាបាលឱ្យបានត្រឹមត្រូវឆាប់ជា។ គួរជ្រាបថា អាហារដែលអាចបង្កឱ្យប្រព័ន្ធរំលាយ​អាហារ​កាន់តែចុះ​ខ្សោយ មានដូចជា៖ អាហារ និងបន្លែឆៅ៖ អាហារ និងបន្លែឆៅ សម្បូរទៅដោយបាក់តេរី និងវីរុសធ្វើឱ្យ​រាក​ ឬឆ្លងមេរោគ​ចូល​ក្រពះ និងពោះវៀន។ ត្រូវលាងបន្លែ ត្រី សាច់ និងផ្លែឈើ ឱ្យបានស្អាតល្អ ជាពិសេសបន្លែស្លឹក និងផ្សិត ព្រោះសីតុណ្ហភាព និងសំណើម នៅក្នុងរដូវភ្លៀងអំណោយផលដល់ការលូតលាស់បាក់តេរី និងមេរោគ​ផ្សិត​ លើបន្លែស្លឹក និងផ្សិត។ យកល្អគួរ ទទួលទានអាហារ​ដែលឆ្អិនល្អ​ ដើម្បីចៀសវាង​ការឆ្លងមេរោគផ្សេង​ៗ និងត្រូវពិសាទឹកឱ្យបានច្រើន កុំឱ្យរាងកាយខ្សោះជាតិទឹក

អាហារបំពង៖ ទទួលទានអាហារបំពងច្រើនធ្វើឱ្យពិបាករំលាយអាហារ ដោយសារអាហារទាំងនោះ ពេលធ្លាក់ដល់ពោះ​វៀន​​ធំ ​ត្រូវបាន​បំបែកទៅជាអាស៊ីដខ្លាញ់ បណ្ដាលឱ្យពោះវៀនធំបញ្ចេញជាតិទឹក និងបង្កឱ្យទៅជារាក។ ភេសជ្ជៈ មានជាតិហ្គាស៖ភេសជ្ជៈមានជាតិហ្គាស អាចធ្វើឱ្យរលាកស្រទាប់ក្រពះ បណ្ដាលឱ្យក្រហាយទ្រូង ច្រាលអាស៊ីត ហើម​ពោះ និងអាចកាត់បន្ថយសារធាតុរ៉ែនៅក្នុងរាងកាយ។ ចំណែក ផ្លែឈើមួយចំនួនមានគុណប្រយោជន៍ច្រើន ដល់ប្រព័ន្ធរំលាយអាហារពីព្រោះវាមានផ្ទុកទៅដោយជាតិសរសៃ អង់ស៊ីម និងសារធាតុចិញ្ចឹមល្អៗ ដែលរួមចំណែកជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ ក៏ដូចជាសុខភាពក្រពះ និងពោះវៀនមានបួនមុខ។ ទី១.ផ្លែម្នាស់៖ ផ្លែម្នាស់ ជាផ្លែឈើដ៏ល្អបំផុតសម្រាប់ការរំលាយអាហារ ព្រោះវាមានផ្ទុកអង់ស៊ីមសម្រាប់បំបែកជាតិប្រូតេអ៊ីននៅក្នុងក្រពះ ដោយជួយសម្រួលដល់ការរំលាយអាហារ និងកាត់បន្ថយការទល់លាមក។  

២.ផ្លែប៉ោម៖ ប៉ោម ជាផ្លែឈើដែលសម្បូរដោយជាតិសរសៃខ្ពស់ ជួយដល់ការបន្ទោសបង់ និងបញ្ចៀសការទល់លាមក។ តាមការសិក្សាមួយបានបង្ហាញថា សមាសភាពប្រឆាំងការរលាកនៃផ្លែប៉ោម អាចជួយកាត់បន្ថយហានិភ័យនៃការច្រាលអាហារ រីឯសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនល្អៗ ក៏រួមចំណែកក្នុងការពង្រឹងសុខភាពក្រពះ-ពោះវៀនដូចគ្នា។ ៣.ផ្លែល្ហុង៖ ល្ហុង គឺជាផ្លែឈើដ៏សក្តិសមចំពោះការរំលាយអាហារ ដោយសារវាផ្ទុកអង់ស៊ីមម្យ៉ាងឈ្មោះថា Papain ដែលរួមចំណែកជួយបំបែកប្រូតេអ៊ីន និងជំរុញដល់ការរំលាយអាហារ។ បន្ថែមពីនេះ ផ្លែល្ហុងក៏សម្បូរទៅដោយជាតិសរសៃ និងវីតាមីនC សារធាតុអុកស៊ីតកម្ម ជួយជំរុញដល់ការរំលាយអាហារ និងគាំទ្រដល់ប្រព័ន្ធភាពប្រព័ន្ធភាពស៊ាំ។ ៤.ផ្លែចេក៖ ផ្លែចេក ក៏មានគុណប្រយោជន៍ជួយដល់ការរំលាយអាហារ ជំរុញការលូតលាស់នៃបាក់តេរីល្អក្នុងក្រពះ ព្រមទាំងកាត់បន្ថយជាតិអាស៊ីត។ លើសពីនេះ ផ្លែចេក សម្បូរទៅដោយជាតិសរសៃ ដែលជួយសម្រួលដល់ការបន្ទោរបង់ និងកាត់បន្ថយការទល់លាមក៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត