បើអណ្តាតមានរោគសញ្ញាទាំង៩នេះ បញ្ជាក់ថា រាងកាយកំពុងជួបបញ្ហា
S
Sreyleak Yith
17 មិថុនា 2026 08:00 AM

អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ

សុខភាព៖ អណ្ដាត មិនមែនគ្រាន់តែអាចត្រឹមដឹងរសជាតិអាហារនោះទេ តែក៏អាចប្រាប់ឱ្យដឹងថា រាងកាយកំពុងមានបញ្ហាអ្វីមួយដែរ នៅពេលមានសញ្ញាទាំង៩នេះ។

១. អណ្ដាត​ឡើង​អុជ​ក្រហម ឬ​ពង​បែក៖ អណ្ដាត​ឡើង​អុជក្រហម ឬ​ពងបែក​ ដែល​មិន​បាត់​ក្នុង​រយៈ​ពេល​យូរ ​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ។ សញ្ញា​នេះ​ច្រើន​តែ​ជាប់​ទាក់​ទង​នឹង​មហារីក​អណ្ដាត ហើយ​បើ​អណ្ដាត​មាន​សញ្ញា​នេះ គួរ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យជាបន្ទាន់។ ២.អណ្ដាត​ឡើង​ផ្សិត៖ នៅពេលអណ្ដាត​មាន​ដំបៅ​ហើយមានការឈឺ​ចាប់ ​គឺ​ជា​សញ្ញា​នៃ​ជំងឺ​ច្រាំងអណ្តាត ដែល​ជា​ជំងឺ​កើត​មាន​ញឹកញាប់​បំផុតចំពោះ​កុមារ បើ​មនុស្ស​ពេញ​វ័យ​ក៏​មាន​ខ្លះដែរ។ នេះជា​សញ្ញា​នៃ​ភាព​តាន​តឹង និង​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ​ជា​ធម្មតា​អាច​បាត់​ក្នុង​រយៈ​ពេល២សប្ដាហ៍។ ៣.អណ្ដាត​ឡើង​អុជ​សៗ៖ នៅពេលដែលអណ្ដាត​ឡើង​អុជសៗ​ ​អាច​ជា​សញ្ញា​ថា ​មាន​អ្វី​ធ្វើ​ឱ្យ​ប្រតិកម្ម​ស្បែក។ ឧទាហរណ៍ ពេល​លោកអ្នក​យក​អណ្ដាត​ទៅ​ត្រដុស​ជាប់​នឹង​ធ្មេញ ​អាច​បណ្ដាល​ឱ្យ​មាន​បញ្ហា​នេះ។តែយ៉ាងណា សញ្ញា​នេះក៏អាច​បណ្តាល​មក​ពី​ការ​កើន​ឡើង​ នៃ​កោសិកា​ដែលមកពីការជក់​បារី។ ចន្លោះ​ពី​៥ភាគរយទៅ១៧​ភាគរយនៃ​កោសិកា​ទាំង​នេះ ​អាច​ជា​កោសិកា​មុន​មហារីក ហើយ​បើ​ស្នាម​អុជសៗ​ទាំង​នោះ​ មិន​អាចបាត់​ក្នុង​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍។

 ៤. អណ្ដាតពណ៌​ក្រហម​ដូចផ្លែ​ស្ត្របឺរី៖ អណ្ដាតពណ៌​ក្រហម​ដូចផ្លែ​ស្ត្របឺរី អាច​ជា​សញ្ញា​បង្ហាញ​ថា រាងកាយខ្វះ​វីតាមីន​។​បើ​អណ្ដាត​មាន​សភាព​ភ្លឺ​រលោង ឬ​មាន​ពណ៌​ក្រហម​ស្ត្របឺរី បានន័យថា ក្នុងខ្លួនមាន​ជាតិ​ដែក ឬវីតាមីនB១២ មិន​គ្រប់​គ្រាន់​ទេ។ ក្នុង​ករណី​ធ្ងន់ធ្ងរ អាច​នឹង​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេល​ផឹក​ភេសជ្ជៈ​ក្ដៅ និង​ញ៉ាំ​អាហារ​ហិល។ ៥. ឡើង​កន្ទួល ឬ​ពក​ៗ​លើ​អណ្ដាត៖ ឡើង​កន្ទួលលើ​អណ្ដាត ​ភាគ​ច្រើន​មិន​បង្ហាញ​ពី​បញ្ហា​សុខភាព​ណា​មួយ​​គួរ​បារម្ភ​ទេ ប្រសិន​បើ​វា​មិន​មាន​ការ​ឈឺ​ចាប់។៦. អណ្ដាតមានជ្រាំង​ពណ៌​-ស៖ ​​អណ្ដាត​ទ្បើងជ្រាំងពណ៌-​ស អាច​ជា​សញ្ញា​មួយ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត ឬ​ជំងឺខេនដឹដ្រាយអាសេស(Candidiasis)។ សញ្ញា​នេះ​លេច​ឡើង​នៅ​ពេល​មេរោគ​ផ្សិត​លូតលាស់​ខ្លាំង​ពេក ហើយ​មូល​ហេតុ​បង្ក​បញ្ហា​​អាច​បណ្ដាល​មកពី​ការ​ប្រើ​ថ្នាំ​អង់ទីប៊ីយូទិច កើត​ជំងឺ​ទឹក​នោម​ផ្អែម មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ ឬ​សម្ពាធ​ឈាម​ខ្ពស់។

៧.អណ្ដាតមានជ្រាំង​ពណ៌​ខ្មៅ ឬ​ពណ៌​ត្នោត៖ អណ្ដាត​មាន​ពណ៌​ខ្មៅ ឬ​ពណ៌​ត្នោត ​នៅ​ចំ​កណ្ដាល​ភាគ​ច្រើន​គ្រាន់​តែ​ជា​សញ្ញា​នៃ​ការ​ធ្វើ​អនាម័យ​មិន​ល្អ ការ​ជក់​បារី ឬ​ផឹក​កាហ្វេ ឬ​តែ​ខ្មៅ​ច្រើន ​អាច​មានក្លិនមិនល្អចេញពីមាត់ និង​ពិបាក​សម្គាល់​រសជាតិ។ បើចង់បាត់ត្រូវបោះចោល​ទម្លាប់​អាក្រក់​ ដែល​បណ្ដាល​ឱ្យ​មាន​ស្នាម​ខ្មៅ​ និង​ចាប់​ផ្ដើម​សម្អាត​អណ្ដាត ​ជា​ប្រចាំ​រាល់​ពេល​ដុស​ធ្មេញ។៨. អណ្ដាត​ប្រេះ៖ ស្នាម​ប្រេះ​លើ​អណ្ដាត​មិន​​បង្ក​ជា​ក្ដី​បារម្ភ​អ្វី​ទេ តែបើលោកអ្នក​មិន​ដុស​ធ្មេញ​បាន​ខ្ជាប់​ខ្ជួន​ទេ នោះ​ការ​ឆ្លង​រោគ​អាច​កើត​ឡើង។ ការ​ឆ្លង​មេរោគ​ផ្សិត​អាច​វិវត្ត​ត្រង់​កន្លែង​ប្រេះ ធ្វើឱ្យឈឺ​ចាប់​ខ្លាំង និង​ធ្វើក្រហាយអណ្ដាត​។៩. ក្រហាយ​អណ្ដាត៖ ក្រហាយ​អណ្ដាត ​ជា​សញ្ញា​ទូទៅ​មួយ​ចំពោះ​ស្ត្រី​ដែល​ជិត​ដល់​ពេលអស់​វដ្ដ​រដូវ ហើយ​អ័រម៉ូន​ផ្លាស់ប្ដូរ។ មួយវិញទៀត អាច​បណ្ដាល​មក​ពី​ការ​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ខុស​ដែរ ព្រោះមនុស្ស​មួយ​ចំនួន​ អាចប្រតិកម្ម នឹង​សារធាតុ​ផ្សំណាមួយ​ក្នុង​ថ្នាំ​ដុស​ធ្មេញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត