អាហារសុខភាព ៥ យ៉ាងដែលមានគ្រោះថ្នាក់ប្រសិនបើអ្នកញ៉ាំច្រើនពេក
SBM News
05 កុម្ភៈ 2023 01:00 AM

ដើម្បីឱ្យសុខភាពដំណើរការល្អ យើងត្រូវបរិភោគអាហារដែលសម្បូរទៅដោយអាហារូបត្ថម្ភខ្ពស់។ ទោះយ៉ាងណាក៏ដោយវាជាការសំខាន់ដែលត្រូវចងចាំថា អាហារខ្លះអាចល្អសម្រាប់អ្នកក្នុងកាបរិភោគកម្រិតមធ្យម ប៉ុន្តែមានគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងបរិមាណច្រើន។ ខាងក្រោមនេះគឺជាអាហារសុខភាពទាំង ៥ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រសិនបើអ្នកញ៉ាំច្រើនពេក។​ 

១. អូមេហ្គា៣ និងខ្លាញ់ត្រី

អាស៊ីតខ្លាញ់អូមេហ្គា ៣ មានសារសំខាន់ចំពោះសុខភាពរបស់យើង។ វាមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការរលាកនៅក្នុងរាងកាយ និងដើររតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខួរក្បាល និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ទោះយ៉ាងណាក៏ដោយ ការញ៉ាំអូមេហ្គា៣ ច្រើនពេក អាចបង្កគ្រោះថ្នាក់បាន ព្រោះវាអាចធ្វើឱ្យឈាមរាវ ដែលនេះអាចជាហានិភ័យជាពិសេសចំពោះអ្នកដែលងាយនឹងហូរឈាម។ លើសពីនេះការទទួលទានខ្លាញ់ត្រីក្នុងបរិមាណខ្ពស់អាចបណ្តាលឱ្យទទួលទានវីតាមីន A ច្រើនពេកដែលអាចបណ្តាលឱ្យពុលវីតាមីន A បាន។

២. ត្រីធូណា (ស្រស់និងកំប៉ុង)

ត្រីធូណា គឺជាត្រីដែលមានខ្លាញ់ច្រើនដែលត្រូវបានគេចាត់ទុកថាជាអាហារជួយឱ្យមានសុខភាពល្អ។ វាគឺជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្គា៣ និងមានប្រូតេអ៊ីនខ្ពស់។ ទោះយ៉ាងណាត្រីធូណា ក៏មានផ្ទុកសារធាតុ មេទីលមេឃឺរី (methylmercury) ដែលជាជាតិពុលសរសៃប្រសាទដែលអាចបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សុខភាព។ ទាំងនេះរួមមានការអភិវឌ្ឍយឺតយ៉ាវរបស់កុមារ បញ្ហាភ្នែក និងមានបញ្ហាលើការស្តាប់។

៣. កាហ្វេ

កាហ្វេគឺជាភេសជ្ជៈដ៏អស្ចារ្យដែលផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងសមាសធាតុសកម្មដទៃទៀត។ វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍សុខភាពជាច្រើនរួមទាំងការកាត់បន្ថយហានិភ័យនៃជំងឺថ្លើម ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺប្រព័ន្ធប្រសាទ។ សារធាតុសកម្មនៅក្នុងកាហ្វេមួយកែវមានផ្ទុកជាមធ្យម ៨០-១២០ មីលីក្រាម។ ការទទួលទានប្រចាំថ្ងៃត្រឹម ៤០០ មីលីក្រាមជាទូទៅត្រូវបានចាត់ទុកថាមានសុវត្ថិភាព។ ទោះយ៉ាងណាការទទួលទានលើសពី ៥០០-៦០០ មីលីក្រាមក្នុងមួយថ្ងៃអាចហៅថាលើសដែលអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទបណ្តាលឱ្យគេងមិនលក់ ភ័យៗ ឆាប់ខឹងរមួលក្រពើ ញ័រទ្រូង និងញ័រសាច់ដុំ។ល។

៤. ថ្លើម

ថ្លើមគឺជាសរីរាង្គដែលមានជីវជាតិបំផុត ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជាជាតិដែក B12 វីតាមីន A និងទង់ដែង។ វីតាមីន A គឺជាវីតាមីនរលាយជាតិខ្លាញ់មានន័យថាវាត្រូវបានរក្សាទុកនៅក្នុងខ្លួនរបស់យើង។ ដូច្នេះ ប្រសិនលោកអ្នកញ៉ាំជាតិថ្លើមលើស គឺអាចបណ្តាលឱ្យមានរោគសញ្ញានៃការពុលវីតាមីន A។ រោគសញ្ញាទាំងនេះអាចរួមមានបញ្ហាលើភ្នែក ការឈឺចាប់ឆ្អឹង និងការកើនឡើងហានិភ័យនៃការបាក់ឆ្អឹង, ចង្អោរនិងក្អួត។ល។ បន្ថែមពីនេះ វាក៏អាចបណ្តាលឱ្យពុលជាតិទង់ដែងដែលអាចនាំឱ្យមានភាពតានតឹងអុកស៊ីតកម្មនិងការផ្លាស់ប្ដូរប្រព័ន្ធប្រសាទហើយអាចបង្កើនហានិភ័យនៃជំងឺអាល់ហ្សៃមឺរ។ ដូច្នេះលោកអ្នកមិនគួរបរិភោគថ្លើមរាល់ថ្ងៃនោះឡើយ។

៥. បន្លែប្រភេទផ្កា ឬCruciferous

បន្លែ Cruciferous គឺជាគ្រួសារបន្លែបៃតងដែលរួមមានផ្កាខាត់ណាខៀវ ផ្កាខាត់ណាស ស្ពៃក្តោប ស្ពែក្រញាញ់។ល។ បន្លែទាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍សុខភាពជាច្រើនដូចជាកាត់បន្ថយហានិភ័យនៃជំងឺមហារីកនិងជំងឺបេះដូង។ ទោះយ៉ាងណា សមាសធាតុនៅក្នុងបន្លែទាំងនេះដែលគេហៅថា thiocyanates អាចរំខានដល់សមត្ថភាពរាងកាយក្នុងការស្រូបយកអ៊ីយ៉ូត ដែលអាចរួមចំណែកបង្កឱ្យមានជំងឺក្រពេញទីរ៉ូអ៊ីត។ ជំងឺក្រពេញទីរ៉ូអ៊ីតត្រូវបានកំណត់ដោយក្រពេញទីរ៉ូអ៊ីតដែលមិនដំណើរការ។ រោគសញ្ញារួមមានក្រពេញទីរ៉ូអ៊ីតរីកធំ ឡើងទម្ងន់ ទល់លាមក ស្បែកស្ងួត និងកាត់បន្ថយកម្រិតថាមពល។

ទោះបីជាយ៉ាងណា នេះមិនមែនមាន័យថា លោកអ្នកពុំគួរញ៉ាំប្រភេទបន្លែ សាច់ ដែលបានរៀបរាប់ខាងលើនោះឡើយ ប៉ុន្តែលោកអ្នកអាចកាត់បន្ថយដោយធ្វើការញ៉ាំឆ្លាស់គ្នាប្រចាំថ្ងៃ ដើម្បីឱ្យរាងកាយទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងចៀសវាងការលើសសារធាតុចិញ្ចឹមក្នុងខ្លួន៕

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត