
ដុំសាច់ច្រមុះមានសភាពទន់ រាងដូចតំណក់ទឹក មានការលូតលាស់ខុសធម្មតានៅលើជាលិការភ្ជាប់ប្រហោងឆ្អឹង ឬរន្ធច្រមុះ។ ដុំសាច់ច្រមុះអាចកើតឡើងនៅប្រហោងឆ្អឹង ឬរន្ធច្រមុះរបស់អ្នក ប៉ុន្តែភាគច្រើនត្រូវបានរកឃើញនៅក្នុងប្រហោងឆ្អឹងនៅជិតថ្ពាល់ ភ្នែក និងច្រមុះ។

មូលហេតុនៃការកើតដុំសាច់ច្រមុះ៖
ដុំសាច់ក្នុងច្រមុះជាលទ្ធផលនៃការរលាករ៉ាំរ៉ៃពី៖ អាឡែស៊ី, ជំងឺហឺត, ភាពឆាប់ប្រតិកម្មចំពោះថ្នាំដូចជាអាស្ពីរីន, ភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំ, ដុំសាច់ច្រមុះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការហើមនៃប្រហោងឆ្អឹងដែលជាធម្មតាបណ្តាលមកពីការឆ្លងមេរោគ (sinusitis) រ៉ាំរ៉ៃ។ ដុំសាច់ច្រមុះ ជាធម្មតាមិនមែនជាសញ្ញានៃជំងឺមហារីកនោះទេ។
អ្នកអាចប្រឈមនឹងហានិភ័យខ្ពស់នៃការកើតដុំសាច់ក្នុងច្រមុះ ប្រសិនបើអ្នកជួបប្រទះនឹងលក្ខខណ្ឌផ្សេងទៀតដែលបណ្តាលឱ្យមានការរលាករ៉ាំរ៉ៃនៅក្នុងប្រហោងឆ្អឹងរបស់អ្នក ដូចជាជំងឺហឺត, អាឡែស៊ី ឬរលាកប្រហោងឆ្អឹងដែលជាធម្មតាបណ្តាលមកពីការឆ្លងមេរោគ (sinusitis) ស្រួចស្រាវ។

រោគសញ្ញាអាចរួមមាន៖
ទឹករំអិលច្រើនជាងធម្មតាប្រមូលផ្តុំ និងស្រក់ចុះមកខាងក្រោយបំពង់ក (postnasal drip), ការតឹងច្រមុះ, បាត់បង់អារម្មណ៍ដឹងរសជាតិ, កាត់បន្ថយអារម្មណ៍ដឹងក្លិន, សម្ពាធលើមុខឬថ្ងាស, ការដកដង្ហើមរអាក់រអួលអំឡុងពេលគេង, ស្រមុក។ ប្រសិនបើដុំសាច់ច្រមុះរបស់អ្នកមានទំហំតូច អ្នកប្រហែលជាមិនកត់សំគាល់ពួកវាទេ។ ប៉ុន្តែប្រសិនបើដុំសាច់ច្រមុះរបស់អ្នកមានទំហំធំ ពួកវាអាចអាចនាំឱ្យមាន៖ ការឆ្លងមេរោគញឹកញាប់, ការបាត់បង់អារម្មណ៍ដឹងក្លិន, បញ្ហាដកដង្ហើម។

ការព្យាបាល៖
ដុំសាច់ច្រមុះជាធម្មតាត្រូវបានព្យាបាលដោយគ្មានការវះកាត់។ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាថ្នាំដើម្បីកាត់បន្ថយការរលាក និងទំហំនៃដុំពក។ ដើម្បីបំបាត់រោគសញ្ញា គ្រូពេទ្យរបស់អ្នកក៏អាចណែនាំថ្នាំស្តេរ៉ូអ៊ីតតាមច្រមុះដូចជា៖ budesonide (Rhinocort), fluticasone (Flonase, Veramyst), ថ្នាំ Mometasone (Nasonex)។ ប្រសិនបើបញ្ហាច្រមុះរបស់អ្នកជាលទ្ធផលនៃអាឡែស៊ី គ្រូពេទ្យរបស់អ្នកអាចណែនាំថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ដើម្បីកាត់បន្ថយរោគសញ្ញាអាឡែស៊ី។ ប្រសិនបើជម្រើសនៃការព្យាបាលដោយមិនវះកាត់មិនមានប្រសិទ្ធភាព វិធីទូទៅមួយគឺ ការវះកាត់៕ source: healthline



