តើអ្វីបណ្តាលឱ្យមានជំងឺកន្ទាលត្រអាក?
SBM News
25 សីហា 2022 08:00 AM

ជំងឺកន្ទាលត្រអាក ជាកន្ទួលក្រហម រមាស់ឡើងលើស្បែក។ ជាធម្មតាវាមានពណ៌ក្រហម ពណ៌ផ្កាឈូក ឬពណ៌សាច់ ហើយជួនកាលពួកវាមានក្លិនស្អុយ ឬឈឺចាប់។ ក្នុងករណីភាគច្រើន ជំងឺកន្ទាលត្រអាកគឺបណ្តាលមកពីប្រតិកម្មទៅនឹងថ្នាំ ឬអាហារ ឬប្រតិកម្មទៅនឹងសារធាតុពុលនៅក្នុងបរិស្ថាន។ ករណីខ្លះ ជំងឺកន្ទាលត្រអាកគឺជាបញ្ហាស្រួចស្រាវ (បណ្តោះអាសន្ន) ដែលអាចត្រូវប្រើថ្នាំអាឡែកស៊ី។ ករណីខ្លះទៀត វាបាត់ទៅវិញដោយខ្លួនឯង។ 

ក) តើអ្វីបណ្តាលឱ្យមានជំងឺកន្ទាលត្រអាក? ជំងឺកន្ទាលត្រអាក ជាធម្មតាបណ្តាលមកពីប្រតិកម្មអាលែកហ្សីទៅនឹងអ្វីមួយ។ នៅពេលដែលអ្នកមានប្រតិកម្មអាលែកហ្សី រាងកាយរបស់អ្នកចាប់ផ្តើមបញ្ចេញសារធាតុអ៊ីស្តាមីនទៅក្នុងឈាមរបស់អ្នក។ អ៊ីស្តាមីន គឺជាសារធាតុគីមីដែលរាងកាយរបស់អ្នកផលិតក្នុងគោលបំណងការពារខ្លួនពីការឆ្លងមេរោគ និងការឈ្លានពានពីខាងក្រៅផ្សេងទៀតដូចជា លំអង ឱសថ អាហារ សត្វចង្រៃ និងសត្វល្អិតខាំ។ ជំងឺកន្ទាលត្រអាក ក៏អាចបណ្តាលមកពីមូលហេតុក្រៅពីអាឡែកហ្សីដែរ។ ជួនកាលវាជាលទ្ធផលនៃការស្លៀកពាក់សម្លៀកបំពាក់តឹង ជំងឺ ឬការឆ្លងមេរោគ។ វាក៏អាចវិវត្តន៍ទៅជាកន្ទួលក្រហម ដែលបណ្តាលមកពីការប៉ះពាល់នឹងសីតុណ្ហភាពក្តៅ ឬត្រជាក់ខ្លាំងពេក ឬពីការរលាកដោយសារការបែកញើសច្រើនពេក។

តើនរណាជាអ្នកប្រឈមចំពោះជំងឺកន្ទាលត្រអាក? អ្នកកំពុងប្រើថ្នាំ ឬអ្នកត្រូវបានប៉ះពាល់ដោយមិនដឹងខ្លួនចំពោះវត្ថុដែលអ្នកប្រហែលជាមានអាឡែហ្សី ដូចជាអាហារ ឬលំអង។ ប្រសិនបើអ្នកមានជំងឺកន្ទាលត្រអាករួចហើយដោយការឆ្លងមេរោគ ឬស្ថានភាពសុខភាព អ្នកប្រហែលជាងាយនឹងកើតកន្ទាលត្រអាកជាថ្មីទៀត។

ខ) ប្រភេទនៃកន្ទាលត្រអាក៖ ប្រតិកម្មអាលែកហ្សី ជាមូលហេតុទូទៅបំផុតនៃកន្ទាលត្រអាក។ វាអាចបណ្តាលមកពី៖ អាហារ (ដូចជាគ្រាប់ (nuts), ទឹកដោះគោ និងស៊ុត), វត្ថុធាតុល្អិតៗដែលចេញពីរាងកាយសត្វចិញ្ចឹម, លំអង, ធូលីដី, សត្វល្អិតទិចឬខាំ, ថ្នាំ (ជាពិសេស ថ្នាំអង់ទីប៊ីយោទិច, ថ្នាំមហារីក)។

១) អាណាហ្វីឡាក់ស៊ី៖ ប្រតិកម្មអាណាហ្វីឡាក់ស៊ី គឺជាប្រតិកម្មអាឡែកហ្ស៊ីធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិត។ ក្នុងស្ថានភាពនេះ កន្ទួលក្រហមតែងតែកើតមានជាមួយការពិបាកដកដង្ហើម ចង្អោរ ឬក្អួត ហើមធ្ងន់ធ្ងរ និងវិលមុខ។

២) កន្ទាលត្រអាករ៉ាំរ៉ៃ៖ ប្រទាលត្រអាករ៉ាំរ៉ៃ ជាស្ថានភាពកន្ទួលក្រហមដែលកើតឡើងដដែលៗដែលអាចរំខានដល់របៀបរស់នៅរបស់អ្នក។ វាអាចមានរយៈពេលពី ៦ សប្តាហ៍ទៅច្រើនខែឬច្រើនឆ្នាំ។ ​ទោះបីជាមិនមានការគំរាមកំហែងដល់អាយុជីវិតក៏ដោយ វាអាចពិបាកក្នុងការព្យាបាល។ ពួកគេក៏អាចជារោគសញ្ញានៃបញ្ហាសុខភាពមូលដ្ឋានដូចជា៖ ជំងឺអូតូអ៊ុយមីនធ្ងន់ធ្ងរ (celiac), ជំងឺដែលកើតឡើងនៅពេលដែលប្រព័ន្ធការពាររាងកាយរបស់អ្នកវាយប្រហារលើជាលិកា និងសរីរាង្គរបស់អ្នក (lupus), ជំងឺទឹកនោមផ្អែមប្រភេទទី ១,  ជំងឺរលាកសន្លាក់ឆ្អឹង, ជំងឺក្រពេញទីរ៉ូអ៊ីត។

៣) រោគសើស្បែក៖ ទម្រង់នៃកន្ទាលត្រអាកស្រួចស្រាវនេះត្រូវបានចាត់ទុកថាស្រាល។ ការកោសហួសប្រមាណ ឬសម្ពាធជាបន្តបន្ទាប់លើស្បែកបណ្តាលឱ្យកើតមានកន្ទាលត្រអាកនេះ។ រោគសើស្បែក ជាធម្មតាបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលដ៏ខ្លី ដោយគ្មានការព្យាបាល។

៤) កន្ទាលត្រអាកដែលបណ្តាលមកពីសីតុណ្ហភាព៖ ជួនកាលការផ្លាស់ប្តូរសីតុណ្ហភាពអាចបណ្តាលឱ្យមានកន្ទួលក្រហម ឬកន្ទាលត្រអាកចំពោះមនុស្សដែលងាយប្រឈមនឹងការផ្លាស់ប្តូរសីតុណ្ហភាព។ វាអាចបណ្ដាលមកពីទឹកត្រជាក់ ឬការប៉ះពាល់នឹងខ្យល់ ការប៉ះពាល់នឹងឧបករណ៍ដែលបញ្ចេញកាំរស្មីអ៊ុលត្រាវីយូឡេដើម្បីផ្តល់ឱ្យមនុស្សនូវស្បែកស។

៥) កន្ទាលត្រអាកដែលបណ្តាលមកពីការឆ្លងមេរោគ៖ ទាំងការបង្ករោគដោយមេរោគ និងបាក់តេរីអាចបណ្តាលឱ្យមានកន្ទាលត្រអាក។ ការឆ្លងមេរោគ បាក់តេរីទូទៅដែលបណ្តាលឱ្យមានកន្ទាលត្រអាក រួមមានការឆ្លងមេរោគលើផ្លូវទឹកនោម និងបំពង់ក។ មេរោគដែលបង្កឱ្យឆ្លងជំងឺ mononucleosis(the kissing diseas) គឺជាការឆ្លងមេរោគដែលបណ្តាលឱ្យឈឺបំពង់ក និងក្តៅខ្លួន, ជំងឺរលាកថ្លើម និងជំងឺផ្តាសាយច្រើនតែបណ្តាលឱ្យមានកន្ទាលត្រអាក។

គ) តើអាចការពារជំងឺកន្ទាលត្រអាកបានទេ? ការផ្លាស់ប្តូរសាមញ្ញចំពោះរបៀបរស់នៅរបស់អ្នកប្រហែលជាអាចជួយអ្នកមិនឱ្យកើតកន្ទាលត្រអាកឡើងវិញនាពេលអនាគត។ ប្រសិនបើអ្នកមានប្រតិកម្មអាលែកហ្សី ហើយអ្នកដឹងថាសារធាតុណាដែលទំនងជាបង្កឱ្យមានប្រតិកម្មអាលែកហ្សី ជៀសវាងការប៉ះពាល់នឹងកត្តាទាំងនោះ។ ការចាក់ថ្នាំអាឡែកហ្សីគឺជាជម្រើសមួយផ្សេងទៀតដែលអាចជួយអ្នកកាត់បន្ថយហានិភ័យនៃការកើតមានកន្ទាលត្រអាកម្តងទៀត។ ជៀសវាង​ការ​ស្ថិត​នៅ​កន្លែង​ដែល​មាន​សំណើម​ខ្ពស់ ឬ​ស្លៀក​សម្លៀក​បំពាក់​តឹងៗ ប្រសិនបើ​អ្នក​ទើបតែ​មាន​ការ​ផ្ទុះ​ឡើងកន្ទាលត្រអាក។​ ទោះបីជាកន្ទាលត្រអាកអាចរមាស់ ជាធម្មតាវាមិនធ្ងន់ធ្ងរទេ ហើយនឹងបាត់ទៅវិញបន្ទាប់ពីមួយរយៈ។ ទោះជាយ៉ាងណាក៏ដោយ ត្រូវដឹងថា នៅពេលដែលកន្ទាលត្រអាកខ្លះបាត់ទៅ កន្ទាលត្រអាកថ្មីអាចនឹងលេចឡើង។ ករណីស្រាលនៃកន្ទាលត្រអាកត្រូវបានចាត់ទុកថាគ្មានគ្រោះថ្នាក់ទេ។ កន្ទាលត្រអាកអាចមានគ្រោះថ្នាក់ ប្រសិនបើអ្នកមានប្រតិកម្មធ្ងន់ធ្ងរ ហើយបំពង់ករបស់អ្នកហើម។ ករណីនេះ ត្រូវការព្យាបាលភ្លាមៗ។

ឃ) ជម្រើសសម្រាប់ការព្យាបាល៖  អ្នកប្រហែលជាមិនត្រូវការការព្យាបាលតាមវេជ្ជបញ្ជាទេ ប្រសិនបើអ្នកកំពុងមានករណីស្រាលនៃកន្ទាលត្រអាក ដែលមិនទាក់ទងនឹងអាឡែស៊ី ឬស្ថានភាពសុខភាពផ្សេងទៀត។ គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឱ្យ​អ្នកប្រើ៖ ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ដូចជា diphenhydramine ឬ cetirizine, ជៀសវាងការបង្កការរលាកក្នុងតំបន់កន្ទាលត្រអាក, ជៀសវាង​ការ​ប្រើ​ទឹក​ក្តៅ ដែល​អាច​ធ្វើ​ឱ្យ​កន្ទួល​រមាស់​កាន់តែ​ធ្ងន់ធ្ងរ, ងូតទឹកត្រជាក់ ឬក្តៅឧណ្ហៗជាមួយម៉្សៅសូដា ឬម៉្សៅ oatmeal colloidal៕ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត