អត្ថប្រយោជន៍ម៉ាសបិតមុខពីផ្លែចេកសម្រាប់ជួយសុខភាពស្បែក
SBM News
14 សីហា 2022 01:00 AM

ចេកគឺជាផ្លែឈើដ៏ល្អបំផុតមួយសម្បូរប៉ូតាស្យូម និងជាតិសរសៃ។ ទោះជាយ៉ាងណាក៏ដោយ អត្ថប្រយោជន៍មួយចំនួននៃផ្លែចេក ត្រូវបានគេអះអាងថា លើសពីការទទួលទានវា។ ធាតុផ្សំដ៏គួរឱ្យកត់សម្គាល់មួយមានក្នុងចេកគឺ ស៊ីលីកា ដែលជាខ្សែស្រឡាយរបស់ស៊ីលីកុន។ ស៊ីលីកា​ក្នុង​ផ្លែ​ចេក​អាច​ជួយ​បង្កើន​ការ​ផលិត​កូឡាជែន ដែល​ជា​ប្រូតេអ៊ីន​ធម្មជាតិ​ដែល​ជួយ​ឱ្យ​ស្បែក​មាន​សំណើម និង​រលោង។ ទន្ទឹមនឹងនេះ ផ្លែចេកមានផ្ទុកសារធាតុចិញ្ចឹមមួយចំនួន ដែលអាចជួយដល់សុខភាពស្បែកដូចជា ប៉ូតាស្យូម, វីតាមីន B-6, វីតាមីន C, វីតាមីន A។ ដូច្នេះហើយទើបបានជាម៉ាសបិតមុខចេកជួយដោះស្រាយបញ្ហាសើស្បែកជាច្រើន៖

១) ជួយបំបាត់ស្នាមជ្រីវជ្រួញ៖ នៅពេល​អ្នក​ចាស់​ទៅ វា​ជាការ​ធម្មជាតិ​ក្នុង​ការ​បាត់បង់​កូឡាជែន​ក្នុង​ស្បែក។ ការបាត់បង់ខូឡាជែនអាចធ្វើឱ្យស្បែកកាន់តែលែងតឹងណែន ហើយអាចបង្កើនស្នាមជ្រួញ​។ ម៉ាសបិតមុខចេកអាចជួយបង្កើនកូឡាជែនហើយកាត់បន្ថយភាពជ្រីវជ្រួញ។

២) ជួយឱ្យស្បែកភ្លឺថ្លា៖ ចេកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយប្រឆាំងរ៉ាឌីកាល់សេរីក្នុងរាងកាយ។ ការលាបសារធាតុប្រឆាំងអុកស៊ីតកម្មលើស្បែករបស់អ្នកអាចជួយការពារពីការខូចខាតរ៉ាឌីកាល់សេរី នាំឱ្យ​ស្បែក​ភ្លឺ​ជាង​មុន​ដែរ។ 

៣) ជួយព្យាបាលមុន៖ ចេកអាចជួយមុនដោយកាត់បន្ថយការរលាកនៅលើស្បែក។ សារធាតុ Phenolics នៅក្នុងផ្លែចេកមានសារធាតុប្រឆាំងមេរោគក្នុងការព្យាបាលដំបៅមុន។

៤) ជួយបំបាត់ស្នាមមុន៖ ផ្លែ​ចេក​អាច​កាត់​បន្ថយ​ជាតិ​ពណ៌​ក្រហម​ក្នុង​ស្បែក ដោយ​មាន​ជំនួយ​ពី​វីតាមីន A និង C។ វា​អាចជួយបំបាត់​ស្នាម​អុជ​ខ្មៅ។

៥) ជួយការពារកម្តៅថ្ងៃ៖ ផ្លែចេកមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចបង្កើនសមត្ថភាពធម្មជាតិនៃស្បែករបស់អ្នកក្នុងការការពារការបំផ្លាញពីពន្លឺព្រះអាទិត្យ។

ខ. វិធីធ្វើម៉ាសបិតមុខចេក៖ គ្រឿងផ្សំសំខាន់គឺចេកទុំ។ អ្នកក៏អាចបង្កើនឥទ្ធិពលដោយបន្ថែមគ្រឿងផ្សំផ្សេងទៀត អាស្រ័យលើគោលដៅនៃការថែរក្សាស្បែករបស់អ្នក ដូចជា ទឹកឃ្មុំសម្រាប់ស្បែកស្ងួត ស្បែកខ្លាញ់ និងមុន, ជាមួយទឹកក្រូចឆ្មារដើម្បីជួយសម្រាលស្លាកស្នាម, ជាមួយផ្លែបឺរដើម្បីជួយបំពេញជាតិសំណើម, ជាមួយម្សៅរមៀតដើម្បីកាត់បន្ថយស្នាមអុចខ្មៅ និងមុន និងបង្កើនពន្លឺ។ ពេល​ដែល​អ្នក​បាន​គ្រឿង​ផ្សំ​ដែល​ចង់​បាន​ហើយ សូម​ធ្វើ​តាម​ជំហាន​ខាង​ក្រោម​នេះ៖ ដំបូងលាយគ្រឿងផ្សំទាំងអស់នៅក្នុងចានមួយដោយបន្ថែមទឹកប្រសិនបើចាំបាច់, លាប​លើស្បែក​ស្អាត និងស្ងួត, ទុកចោល ១០ ទៅ ១៥ នាទី សឹមលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តពីរទៅបីដងក្នុងមួយសប្តាហ៍។ ប្រសិនបើអ្នកជួបប្រទះបញ្ហាក្រហម ឬកន្ទួល បន្ទាប់ពីការប្រើប្រាស់ម៉ាសបិតមុខចេក សូមទៅជួបគ្រូពេទ្យជំនាញសើស្បែក។ 

គ. ផលប៉ះពាល់ដែលអាចកើតមាន៖ មនុស្សមួយចំនួនគួរចៀសវាងម៉ាសបិតមុខចេកប្រសិនបើពួកគេអាឡែរហ្សីនឹងចេក ឬជ័រ ឬលំអង។​ សញ្ញានៃប្រតិកម្មទៅនឹងម៉ាសបិតមុខចេករួមមាន៖ ស្បែករមាស់, កន្ទួលក្រហម, ហើមស្បែក, កណ្តាស់, ដង្ហើមខ្លី និងរោគសញ្ញាជំងឺហឺតផ្សេងទៀត។ វាក៏អាចមានប្រតិកម្មធ្ងន់ធ្ងរដែល​គំរាមកំហែង​ដល់អាយុ​ជីវិតផងដែរ ដូចជាពិបាកដកដង្ហើម ហើមមុខ និងដួលសន្លប់។ ករណីនេះត្រូវការ​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ដ​សង្គ្រោះបន្ទាន់។

ចូរចងចាំថា ការប្រើម៉ាសមុខពីរបីដងក្នុងមួយសប្តាហ៍អាចជួយដល់សុខភាពស្បែករបស់អ្នក។ ម៉ាសបិតមុខចេកគ្រាន់តែជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនទៀត។ ចូរប្រុងប្រយ័ត្នចំពោះម៉ាសបិតមុខចេក  ប្រសិនបើអ្នកមានប្រវត្តិប្រតិកម្ម ឬប្រតិកម្មទៅនឹងផ្លែឈើ ឬជ័រផ្លែឈើ៕

healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត