
មនុស្សរឹងមាំផ្លូវចិត្ត មានទម្លាប់ សុខភាពល្អ គ្រប់គ្រងអារម្មណ៍ គំនិត និងអាកប្បកិរិយា តាមរបៀបដែលនាំឱ្យជោគជ័យក្នុងជីវិត។ ខាងក្រោមនេះជាទង្វើទាំង១២ ដែលមនុស្សរឹងមាំផ្លូវចិត្តនឹងមិនធ្វើនោះទេ៖

១. មិនខ្ជះខ្ជាយពេលវេលា ក្នុងការមានអារម្មណ៍សោកស្ដាយចំពោះខ្លួនឯង
មនុស្សដែលមានស្មារតីរឹងប៉ឹង មិនចំណាយពេលអត់ប្រយោជន៍ ផ្តេកផ្ដួលតាមអារម្មណ៍ដោយសោកស្ដាយចំពោះស្ថានភាពរបស់ខ្លួន មិនចំណាយពេលអត់ប្រយោជន៍ ផ្តេកផ្ដួលតាមអារម្មណ៍ ចំពោះការដែលអ្នកដទៃប្រព្រឹត្តមិនល្អលើរូបគេឡើយ។ ផ្ទុយទៅវិញ ពួកគេទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួនឯង ហើយយល់ថាជីវិតមិនតែងតែងាយស្រួល ឬយុត្តិធម៌ រហូតនោះឡើយ។
២. មិនប្រគល់អំណាចខ្លួនឱ្យអ្នកផ្សេងគ្របសង្កត់លើ
មនុស្សរឹងមាំផ្លូវចិត្ត មិនអនុញ្ញាតឱ្យអ្នកដទៃគ្រប់គ្រង ឬក៏មិនផ្តល់អំណាចឱ្យអ្នកផ្សេង គ្របសង្កត់មកលើគេតាមអំពើចិត្តឡើយ។ គេមិនដែលលើកឡើង ដូចជាថា "ចៅហ្វាយរបស់ខ្ញុំធ្វើឱ្យខ្ញុំមានអារម្មណ៍មិនល្អ" នោះឡើយ ដោយសារតែគេយល់ថា ខ្លួនគេ គ្រប់គ្រងលើអារម្មណ៍របស់ខ្លួនឯង និងមានជម្រើសធ្វើការឆ្លើយតបផងដែរ។
៣. មិនគេចចេញពីការផ្លាស់ប្ដូរ
មនុស្សរឹងមាំផ្លូវចិត្ត មិនព្យាយាមគេចពីការផ្លាស់ប្ដូរឡើយ។ ផ្ទុយទៅវិញ គេស្វាគមន៍ការផ្លាស់ប្ដូរជាវិជ្ជមាន ហើយមានឆន្ទៈក្នុងការសម្របខ្លួនចំពោះការផ្លាស់ប្ដូរ ដោយជឿជាក់លើសមត្ថភាពរបស់គេ និងយល់ថា ការផ្លាស់ប្ដូរ គឺជារឿងជៀសមិនរួច។
៤. មិនខ្ជះខ្ជាយកម្លាំងលើអ្វីដែលពួកគេមិនអាចគ្រប់គ្រងបាន
អ្នកនឹងមិនឮ មនុស្សរឹងមាំផ្លូវចិត្ត ត្អូញត្អែរពីការបាត់អីវ៉ាន់ ឬការស្ទះចរាចរណ៍ទេ។ មនុស្សរឹងមាំផ្លូវចិត្ត ផ្តោតលើអ្វីដែលពួកគេអាចគ្រប់គ្រងបាន ក្នុងជីវិតរបស់ពួកគេ។ ពួកគេទទួលស្គាល់ថា ពេលខ្លះ រឿងតែមួយគត់ដែលគេអាចគ្រប់គ្រងបាន គឺអាកប្បកិរិយារបស់រូបគេ។
៥. មិនខ្វល់ខ្វាយនឹងបំពេញតាមចិត្តអ្នកដទៃ
មនុស្សដែលមានស្មារតីរឹងមាំ យល់ថា គេគ្មានការចាំបាច់អ្វីត្រូវបំពេញចិត្តអ្នកដទៃគ្រប់ពេលទេ។ គេមិនខ្លាច និយាយថា «ទេ» ឬមិនខ្លាចនឹងនិយាយអ្វីដែលគេត្រូវការលើកឡើង នៅពេលចាំបាច់ឡើយ។ បើនរណាម្នាក់មិនសប្បាយចិត្ត គេបើកចិត្តដោយភាពអព្យាក្រិត និងយុត្តិធម៌ ស្តាប់អ្វីដែលអ្នកនោះនិយាយ។
៦. មិនខ្លាចទទួលយកហានិភ័យដែលបានប៉ាន់ប្រមាណរួច
មនុស្សដែលមានស្មារតីរឹងមាំ បានចំណាយពេលថ្លឹងថ្លែងពីហានិភ័យ និងអត្ថប្រយោជន៍ មុនពេលធ្វើការសម្រេចចិត្តធំមួយ ហើយគេដឹងរួចជាស្រេចអំពីហានិភ័យដែលអាចកើតមាន នៅមុនពេលពួកគេធ្វើសកម្មភាពទៅទៀត។ ដូច្នេះហើយទើបគេមិនខ្លាចនឹងទទួលយកហានិភ័យដែលគេបានប៉ាន់ប្រមាណ ឬគណនារួចហើយនោះទេ។
៧. មិនរស់នៅក្នុងអតីតកាល
មនុស្សរឹងមាំផ្លូវចិត្ត មិនខ្ជះខ្ជាយពេលវេលាដើម្បីរស់នៅក្នុងអតីតកាលទេ។ ពួកគេទទួលស្គាល់អតីតកាល ហើយអាចរៀបរាប់អំពីអតីតកាល ព្រមទាំងបានរៀនសូត្រពីអតីតកាលរបស់ខ្លួនផងដែរ។ ទោះយ៉ាងណាក៏ដោយ គេមានទំនួលខុសត្រូវចំពោះអាកប្បកិរិយារបស់ខ្លួន ដោយមិនបន្តឱ្យបទពិសោធមិនល្អ កើតឡើងសាជាថ្មីឡើយ។ ផ្ទុយទៅវិញ គេរស់នៅសម្រាប់បច្ចុប្បន្ន រៀបចំផែនការសម្រាប់អនាគត និងធ្វើការសម្រេចចិត្តកាន់តែប្រសើរនៅពេលអនាគត។
៨. មិនប្រតិកម្មអារម្មណ៍បែបអវិជ្ជមានចំពោះភាពជោគជ័យរបស់អ្នកដទៃ
មនុស្សដែលមានស្មារតីរឹងប៉ឹង ឱ្យតម្លៃ និងអបអរចំពោះជោគជ័យក្នុងជីវិតរបស់អ្នកដទៃ ដោយមិនច្រណែន ពេលអ្នកដទៃ បានប្រសើរជាងខ្លួនឡើយ។ ផ្ទុយទៅវិញ គេទទួលស្គាល់ថា ភាពជោគជ័យកើតចេញពីការខិតខំប្រឹងប្រែង ហើយគេមានឆន្ទៈប្រឹងប្រែង ដើម្បីគេបានជោគជ័យដែរ។
៩. មិនបោះបង់បន្ទាប់ពីការបរាជ័យលើកដំបូង
មនុស្សរឹងមាំផ្លូវចិត្ត មិនចាត់ទុកការបរាជ័យ ជាហេតុផលដើម្បីបោះបង់ឡើយ ផ្ទុយទៅវិញ ពួកគេប្រើភាពបរាជ័យ ជាឱកាសដើម្បីការរីកចម្រើន និងការកែលម្អ។ ពួកគេមានឆន្ទៈបន្តការព្យាយាម រហូតទទួលបានផ្លែផ្កា។
១០. មិនខ្លាចចំពោះពេលវេលាឯកោ
មនុស្សមានស្មារតីរឹងប៉ឹង អាចទ្រាំទ្រនឹងការនៅម្នាក់ឯង ហើយគេមិនខ្លាចភាពស្ងៀមស្ងាត់ឡើយ។ គេមិនខ្លាចនៅម្នាក់ឯងជាមួយគំនិតរបស់គេទេ ហើយដើម្បីទទួលផលផ្លែ គេអាចប្រើប្រាស់ពេលវេលារង់ចាំ។ គេរីករាយនឹងសម្ព័ន្ធភាពជាមួយខ្លួនឯង ដោយមិនពឹងផ្អែកលើអ្នកដទៃសម្រាប់សម្ព័ន្ធភាព ឬទាល់តែអ្នកដទៃធ្វើអ្វីមួយ ទើបគេអាចរីករាយឡើយ។ គេអាចកម្សាន្តរីករាយជាធម្មតាដូចមនុស្សទូទៅដែរ ហើយគេក៏អាចរីករាយតែម្នាក់ឯងបានដែរ។
១១. មិនមានអារម្មណ៍ថា ពិភពលោកជំពាក់គេឡើយ
មនុស្សដែលមានស្មារតីរឹងមាំ មិនមានអារម្មណ៍ថា រូបគេមានសិទ្ធិទទួលបានអ្វីៗគ្រប់យ៉ាងក្នុងជីវិតឡើយ។ គេយល់ថា រូបគេមិនបានកើតមកដោយសារតែមានអ្នកដទៃ នឹងមើលថែពួកគេ ឬពិភពលោកត្រូវតែផ្តល់អ្វីៗដល់ពួកគេនោះទេ។ ផ្ទុយទៅវិញ ពួកគេស្វែងរកឱកាសដោយផ្អែកលើគុណសម្បត្តិផ្ទាល់ខ្លួនរបស់គេ។
១២. មិនរំពឹងលទ្ធផលភ្លាមៗ
មិនថាគេកំពុងធ្វើការលើការពង្រឹងសុខភាព ឬទទួលបានអាជីវកម្មថ្មីនោះទេ មនុស្សដែលមានស្មារតីរឹងមាំ មិនរំពឹងថានឹងបានលទ្ធផលភ្លាមៗនោះទេ។ ផ្ទុយទៅវិញ គេប្រើជំនាញ និងពេលវេលា អស់ពីសមត្ថភាព ដោយទទួលស្គាល់ថា ការផ្លាស់ប្ដូរដែលពិតប្រាកដ ត្រូវការពេលវេលា៕



