ដុះថ្គាមទាល់និងឈឺក្បាល៖ មូលហេតុ រោគសញ្ញា និងការព្យាបាល
ភូមិន្ទ
25 ឧសភា 2022 01:00 AM

ជាការពិតណាស់ ការឈឺក្បាលអាចត្រូវបានគេរកឃើញបណ្ដាលមកពីមូលហេតុជាច្រើន ក្នុងនោះរួមទាំងថ្គាមទាល់ដែលកំពុងដុះឡើង បង្កឱ្យឈឺចាប់ ឬត្រូវការដកចេញនោះផងដែរ។ ខាងក្រោមនេះ គឺជាព័ត៌មានទូទៅអំពីវា៖

ថ្គាមទាល់ដែលកំពុងដុះឡើង

ថ្គាមទាល់របស់អ្នកជាធម្មតាដុះឡើងនៅចន្លោះអាយុ ១៧ ទៅ ២៥ ឆ្នាំ។ ពួកវាជាបណ្តុំធ្មេញទីបីរបស់អ្នក ដែលមានទីតាំងនៅខាងក្រោយមាត់របស់អ្នក។ មនុស្សភាគច្រើនមានថ្គាមទាល់ចំនួនបួន ពីរនៅខាងលើ និងពីរនៅខាងក្រោម។

យោងតាមសមាគមធ្មេញអាម៉េរិក (ADA) ថ្គាមទាល់របស់អ្នកចាប់ផ្តើមផ្លាស់ទីតាមឆ្អឹងថ្គាមរបស់អ្នក ហើយនៅទីបំផុត វាក៏ដុះចេញតាមអញ្ចាញធ្មេញរបស់អ្នក ដែលការដុះនេះអាចបណ្តាលឱ្យមានអារម្មណ៍មិនស្រួល រួមទាំងឈឺក្បាលផងដែរ។

ថ្គាមទាល់ដែលរងផលប៉ះពាល់

ប្រសិនបើថ្គាមទាល់របស់អ្នកលូតលាស់មិនត្រឹមត្រូវ វានឹងបង្កឱ្យមានផលប៉ះពាល់ដល់រាងកាយ ព្រោះវាអាចនឹងមិនមានកន្លែងដុះគ្រប់គ្រាន់នៅក្នុងមាត់អ្នក ដែលអាចបណ្តាលឱ្យ៖

-        លេចសាច់ប៉ោងឡើងនៅក្នុងមាត់

-        ជាប់គាំងនៅក្នុងថ្គាម

-        ប៉ះពាល់ដល់ថ្គាមផ្សេងទៀត

នៅពេលដែលថ្គាមទាល់ដុះចូលទៅក្នុងមាត់ដែលមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ពួកគេ វាអាចបណ្តាលឱ្យធ្មេញផ្សេងទៀតផ្លាស់ប្ដូរឬរង្គើ ដែលបណ្តាលឱ្យមានការខាំមិនត្រឹមត្រូវ។ ការខាំមិនត្រឹមត្រូវអាចធ្វើឱ្យថ្គាមក្រោមរបស់អ្នករង្គើក ហើយវាអាចបណ្តាលឱ្យមានការឈឺចាប់  រួមទាំងឈឺក្បាលផងដែរ។

តើយើងអាចការពារថ្គាមទាល់កុំឱ្យដុះទេ?

យើងមិនអាចការពារការដុះថ្គាមទាល់បានទេ។ ទោះយ៉ាងណា ទន្តបណ្ឌិតអាចតាមដានការលូតលាស់ និងការកើតនៃថ្គាមទាល់របស់អ្នក ក្នុងអំឡុងពេលពិនិត្យមាត់ធ្មេញជាប្រចាំរបស់អ្នក។ កាំរស្មីអ៊ិចធ្មេញគឺមានសមត្ថភាពអាចបង្ហាញពីការដុះថ្គាមទាល់ មុនពេលមានរោគសញ្ញា។

ឱសថបំបាត់ការឈឺធ្មេញ និងឈឺក្បាល

ប្រសិនបើអ្នកកំពុងជួបប្រទះការឈឺចាប់អញ្ចាញធ្មេញ ឬឈឺក្បាលដែលផ្ដើមចេញពីការលេចចេញ ឬប៉ះពាល់ដល់ថ្គាមទាល់ ខាងក្រោមនេះជាឱសថនៅផ្ទះមួយចំនួនដែលជួយអ្នកនូវការធូរស្រាល។

លាងជម្រះជាមួយទឹកអំបិល

ការ​លាង​សម្អាតធ្មេញដោយ​អំបិល​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ គឺជា​ឱសថ​ដ៏​ពេញនិយម​មួយ​សម្រាប់​ការ​ឈឺចាប់​ដោយសារ​ធ្មេញ​ទាល់​។ ប្រភព​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​លាង​សម្អាត​ជាមួយ​សូដ្យូម​ក្លរ (អំបិល) និង​ទឹក​ក្ដៅ​ឧណ្ណៗ​អាច​ជួយ​អញ្ចាញ​ធ្មេញ​ឱ្យ​មាន​សុខភាព​ល្អ និង​សម្លាប់​បាក់តេរី។ ចូរចាំថា ការរក្សាមាត់របស់អ្នកឱ្យគ្មានបាក់តេរីមានប្រយោជន៍ជាពិសេសសម្រាប់ថ្គាមទាល់ដែលទើបនឹងកើត។ កន្លែងនោះពិបាកសម្អាត ហើយថ្គាមទាល់អាចបណ្តាលឱ្យកើតជំងឺអញ្ចាញធ្មេញ នៅពេលដែលវាទម្លុះអញ្ចាញធ្មេញរបស់អ្នក។ ទន្ទឹមនឹងការលាងជម្រះជាមួយអំបិលក្នុងទឹកក្ដៅឧណ្ហៗ  អនាម័យមាត់ប្រចាំថ្ងៃត្រឹមត្រូវក៏នឹងធ្វើឱ្យមាត់របស់អ្នកស្អាត និងគ្មានបាក់តេរីផងដែរ។ នេះ​រួម​បញ្ចូល​ទាំង​ការ​ដុស​សម្អាត​ពីរដង​ក្នុង​មួយ​ថ្ងៃ និង​ការ​ដុស​ខាត់​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​ថ្ងៃ។

លេបថ្នាំ​អាស្ពីរីន

ថ្នាំអាស្ពីរីន គឺជាឱសថសម្រាប់ការឈឺក្បាល ហើយក៏អាចជួយសម្រួលការឈឺចាប់ដែលបណ្តាលមកពីថ្គាមទាល់ផងដែរ។ ការសិក្សាឆ្នាំ ២០១៥ បានបង្ហាញថាថ្នាំអាស្ពីរីនមានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺចាប់ធ្មេញ។ ទោះយ៉ាងណា សូមអានការណែនាំមុនប្រើប្រាស់ ហើយកុំប្រើលើសពីកម្រិតដែលបានណែនាំ។

ការព្យាបាលដោយទឹកក្ដៅនិងត្រជាក់

អ្នកក៏អាចសាកល្បងការព្យាបាលដោយទឹកក្ដៅ និងត្រជាក់បានផងដែរ។ ការដាក់ថង់ទឹកកកលើថ្ពាល់របស់អ្នកអាចជួយកាត់បន្ថយការឈឺចាប់ រលាក និងហើម ខណៈពេលដែលការស្អំទឹកក្ដៅ អាចបន្ធូរសាច់ដុំតានតឹង និងធ្វើឱ្យលំហូរឈាមទៅកាន់តំបន់នោះប្រសើរឡើង។ អត្ថប្រយោជន៍ទាំងនេះអាចជួយសម្រាល ឬជៀសវាងការឈឺក្បាល។

ដកចេញ

ថ្គាមទាល់ខ្លះ អាចបណ្តាលឱ្យមិនស្រួល រួមទាំងការឈឺក្បាល នៅពេលដែលពួកវារំកិលឡើងតាមឆ្អឹងថ្គាមរបស់អ្នក ហើយផុសចេញពីអញ្ចាញធ្មេញរបស់អ្នក ដែលត្រូវឱ្យមានការវះកាត់យកវាចេញ។ ប៉ុន្តែការវះកាត់ដើម្បីដកថ្គាមទាល់ ក៏អាចបណ្តាលឱ្យឈឺក្បាលក្រោយការវះកាត់ផងដែរ។ ដូច្នេះ កំណត់ពេលណាត់ជួបជាមួយទន្តបណ្ឌិត ប្រសិនបើអ្នកមាន៖

-        ការឈឺចាប់រ៉ាំរ៉ៃស្រួចស្រាវ

-        ឈឺក្បាលញឹកញាប់

-        ទឹកមាត់លាយឈាម

-        ហើម។ល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត