
មនុស្សមួយចំនួនរួមទាំងខ្លួនយើងម្នាក់ៗផងដែរ តែងតែមានអារម្មណ៍ថាខ្លាច ឬមិនចូលចិត្តអ្វីមួយដូចជា ខ្លាចការចុះក្នុងទឹក ខ្លាចទីងងឹត ខ្លាចកាំបិតពូថៅ និងអ្នកខ្លះខ្លាចឈាមជាដើម។ ការខ្លាចក្នុងន័យបន្លាចខ្លួនឯងនេះ ប្រហែលជាមានមនុស្សមួយចំនួនបានជ្រាបច្បាស់ថាអារម្មណ៍ខ្លាចរបស់ខ្លួនផ្ដើមចេញពីអ្វី ប៉ុន្តែអ្នកខ្លះក៏មិនបានដឹងថាបណ្ដាលមកពីអ្វីនោះដែរ។ ពិតណាស់! អារម្មណ៍ខ្លាចទាំងនោះ គឺវាមានបែបផែនផ្សេងៗគ្នាទៅតាមស្ថានភាពរបស់មនុស្សម្នាក់ៗ និងទៅតាមប្រភេទជំងឺផ្សេងៗគ្នា។ ប៉ុន្តែខណៈនេះ SBM News សូមលើកយកតែប្រភេទជំងឺខ្លាចមួយប្រភេទដែលមានឈ្មោះជាភាសាអង់គ្លេសថា “Phobia” មកជម្រាបជូនតែប៉ុណ្ណោះ។

តាមការសិក្សាស្រាវជ្រាវពី Healthyline ជាសារព័ត៌មានផ្នែកសុខភាពដ៏ល្បីរបស់សហរដ្ឋអាម៉េរិកបានឱ្យដឹងថា “Phobia” ឬជំងឺខ្លាច គឺជាអារម្មណ៍នៅមិនសុខចេះតែរកកល់ភិតភ័យស្រមើស្រមៃលើសពីការពិត គិតដល់រឿងអាក្រក់ណាមួយកើតឡើងមកលើខ្លួនយើង គ្រានៅក្នុងទីណាមួយដូចជាទីងងឹត ក្នុងទឹក នៅកន្លែងស្ងាត់ ក្នុងជណ្ដើរយន្ត ឬពេលឃើញឈាមជាដើម។ វាមានភាពខុសគ្នាពីជំងឺថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត។

មូលហេតុ និង រោគសញ្ញានៃជំងឺ Phobia
យោងតាមការស្រាវជ្រាវដដែលបានឱ្យដឹងថាជំងឺ “Phobia”ជាទូទៅមានរោគសញ្ញាដូចជាណែនទ្រូង មានអារម្មណ៍ស្ទះដង្ហើម ចង្វាក់បេះដូងញាប់ បែកញើស និងរាកជាដើម។ បញ្ហាទាំងនេះអាចឈានទៅដល់ថប់បារម្ភធ្ងន់ធ្ងរនិងស្លន់ ជាដើម។ យោងតាមការសន្និដ្ឋានជាបឋមរបស់អ្នកស្រាវជ្រាវដដែល បានឱ្យដឹងថាជំងឺនេះអាចបណ្ដាលមកពីតំណពូជ ឬធ្លាប់មានការបំពានណាមួយពីមុនមកនៅទីកន្លែងដែលយើងមានអារម្មណ៍ថាខ្លាច ឬក៏ទីកន្លែងដែលស្រដៀងនឹងកន្លែងដែលទទួលរងការបំពានពីមុន។

ការព្យាបាលជាសកលដែលគួរឈ្វេងយល់
យោងតាមការស្រាវជ្រាវដដែល បានឱ្យដឹងទៀតថា ការព្យាបាលជំងឺ “Phobia” ត្រូវបានគេព្យាបាលតាមបែបចិត្តសាស្ត្រដែលមានឈ្មោះថា Cognitive behavioral therapy (CBT)។ វាគឺជាវិធីព្យាបាលដែលត្រូវបានប្រើជាទូទៅបំផុតសម្រាប់ “phobias” ។ វាជាការព្យាបាលដែលគាស់កកាយរកឱ្យឃើញពីមូលហេតុនៃការភ័យខ្លាច ហើយចាប់ផ្ដើមព្យាបាលបែបចិត្តសាស្ត្របន្ដិចម្ដងៗ និងត្រូវចំណាយពេលយូទៅតាមស្ថានភាពមនុស្សម្នាក់ៗ។ ក្រៅពីនោះ ការប្រើថ្នាំពេទ្យបែបវេជ្ជសាសស្ត្រក៏ត្រូវបានប្រើជាគ្រឿងជំនួយក្នុងការព្យាបាលផងដែរ។ ដូច្នេះ! ប្រសិនជាលោកអ្នកកត់សម្គាល់ឃើញថាលោកអ្នកមានប្រភេទជំងឺភ័យខ្លាចនេះធ្ងន់ធ្ងរ រហូតដល់មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន លោកអ្នកគួរតែទៅជួបជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើប្រឹក្សា និងព្យាបាលឱ្យបានទាន់ពេលវេលា៕




