
លោកអ្នកប្រហែលជាធ្លាប់ឮគេនិយាយជាញឹកញាប់ថា អាហារពេលព្រឹកគឺជាអាហារសំខាន់បំផុតប្រចាំថ្ងៃ ដែលលោកអ្នកមិនគួររំលង។ ហេតុអ្វីបានជាមានការលើកឡើងបែបនេះ? នោះក៏ព្រោះថា ការសិក្សាស្រាវជ្រាវបានរកឃើញថា ការញ៉ាំអាហារពេលព្រឹកជាទៀងទាត់ អាចជួយធ្វើឱ្យសុខភាពរឹងមាំ ហើយវានឹងមានផលប៉ះពាល់ដ៏គ្រោះថ្នាក់មួយចំនួនប្រសិនអ្នកមានទម្លាប់មិនញ៉ាំអាហារពេលព្រឹក។ ៥ចំណុចខាងក្រោមនេះ គឺជាផលប៉ះពាល់ពីការមិនទទួលទានអាហារពេលព្រឹក៖
១/. នាំឱ្យឡើងទម្ងន់
ប្រសិនបើអ្នកបានឡើងគីឡូពីរទៅបីគីឡូបន្ថែមទៀតដោយមិនដឹងពីមូលហេតុពិតប្រាកដ នោះវាអាចដោយសារតែអ្នកប្រហែលជារំលងអាហារពេលព្រឹករបស់អ្នកជាប្រចាំ។ ការមិនញ៉ាំអាហារពេលព្រឹកអាចនាំឱ្យឡើងទម្ងន់។ វាគឺដោយសារតែរាងកាយរបស់អ្នកស្រេកឃ្លានពេញមួយយប់ ហើយនៅពេលដែលអ្នកបន្តមិនញ៉ាំអាហារនៅពេលព្រឹកបន្តទៀត នោះរាងកាយចាប់ផ្តើមមានតម្រូវការអាហារដែលមានជាតិស្ករ និងខ្លាញ់កាន់តែខ្ពស់។ មានការសិក្សាជាច្រើនដែលបានផ្សារភ្ជាប់ការធាត់ទៅនឹងការមិនញ៉ាំអាហារពេលព្រឹក។ ដូច្នេះហើយ វាជារឿងសំខាន់បំផុតដែលអ្នកគួរទទួលទានអាហារពេលព្រឹក ជារៀងរាល់ថ្ងៃ។

២/. អាចបណ្តាលឱ្យឈឺក្បាលប្រកាំង
កម្រិតជាតិស្ករនៅក្នុងខ្លួនរបស់អ្នកមានកម្រិតទាបនៅពេលព្រឹកដោយសារតែការគ្មានអាហារចូលពោះអស់ពេញមួយយប់។ ប្រសិនបើអ្នកមិនញ៉ាំអាហារនៅពេលព្រឹកទេ រាងកាយនឹងបញ្ចេញអរម៉ូនមួយចំនួន ដើម្បីទូទាត់កម្រិតជាតិស្ករទាប។ ដំណើរការនេះត្រូវបានគេហៅថា hypoglycemia ។ ខណៈពេលដែលដំណើរការធ្វើឱ្យមានតុល្យភាពកម្រិតជាតិស្ករ, វាមានផលប៉ះពាល់នាំឱ្យមានសម្ពាធឈាមឡើងភ្លាមៗ ដែលជាហេតុធ្វើឱ្យឈឺក្បាល និងឈឺក្បាលប្រកាំង។

៣/. ពន្យឺតការរំលាយអាហារ
នៅពេលអ្នករំលងអាហារ មុខងាររាងកាយថយចុះ ដើម្បីរក្សាថាមពលក្នុងខ្លួន ហើយការរំលាយអាហារក៏ប្រែជាយឺតជាងមុន។ លើសពីនេះ ការតមអាហារយូរនៅពេលព្រឹក បន្ទាប់ពីមិនបានញ៉ាំអាហារពេញមួយយប់ គឺកាត់បន្ថយសមត្ថភាពរបស់រាងកាយក្នុងការដុតបំផ្លាញកាឡូរី ដែលជាហេតុនាំឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់។ មានការសិក្សាជាច្រើនបានបញ្ជាក់ថា អ្នកដែលញ៉ាំអាហារពេលព្រឹកទៀងទាត់ មានកម្រិតនៃការរំលាយអាហារខ្ពស់ជាង។

៤/. អាចបណ្តាលឱ្យជ្រុះសក់
ផលប៉ះពាល់ដ៏គ្រោះថ្នាក់ដ៏សំខាន់មួយនៃការរំលងអាហារពេលព្រឹកគឺថា វាអាចនាំឱ្យជ្រុះសក់។ ការទទួលទានអាហារដែលមានកម្រិតប្រូតេអ៊ីនទាបអាចជះឥទ្ធិពលអាក្រក់ដល់កម្រិត keratin នៅក្នុងខ្លួន។ Keratin គឺជាសមាសធាតុសំខាន់ដែលបង្កឱ្យមានការជ្រុះសក់ និងបញ្ឈប់ការលូតលាស់សក់។ អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុត ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការលូតលាស់សក់។ ដូច្នេះហើយ ចូរប្រាកដថា អ្នកញ៉ាំអាហារពេលព្រឹកដែលផ្តល់សុខភាពជារៀងរាល់ថ្ងៃ ដែលសម្បូរទៅដោយប្រូតេអ៊ីន ដើម្បីជៀសវាងការជ្រុះសក់។

៥/. បង្កើនហានិភ័យនៃជំងឺមហារីក
នៅពេលដែលអ្នករំលងអាហារពេលព្រឹក វាទំនងជាថាអ្នកអាចនឹងញ៉ាំអាហារច្រើនពេកពេញមួយថ្ងៃ ដើម្បីបំពេញនូវអារម្មណ៍ឃ្លានដែលមានតាំងពីព្រឹក ដែលវាបង្កើនហានិភ័យនៃការធាត់។ យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយ អង្គការស្រាវជ្រាវជំងឺមហារីកឯករាជ្យដ៏ធំបំផុតរបស់ពិភពលោក (Cancer Research UK) បានរកឃើញថា មនុស្សដែលធាត់មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺមហារីក៕

ប្រភព៖ tatahealth


