
ជំងឺបូសអន្ទង់ ត្រូវបានគេកំណត់អត្តសញ្ញាណថា ជាបូសដែលធ្វើឱ្យរន្ធគូទពោរពេញទៅដោយខ្ទុះ។ វាជាការបង្ករោគទៅលើក្រពេញនៅនឹងរន្ធបាត ក្រោមរូបភាពជាបូសនៅជុំវិញរន្ធបាត ឬជាបូសបែកមានរន្ធហូរចេញតាមស្បែកផ្នែកខាងក្រៅ ឬតាមរន្ធបូសផ្នែកខាងក្នុងរន្ធបាត ដែលអាចបណ្តាលឱ្យមានការឈឺចាប់ខ្លាំង អស់កម្លាំង ការហូរទឹករំអិលតាមរន្ធគូទ គ្រុន។ល។

តើអ្វីបណ្តាលឱ្យកើតបូសអន្ទង់?
បូសអន្ទង់អាចកើតឡើងនៅពេលដែលទឹករងៃនៅតំបន់នោះឆ្លងមេរោគ ឬក្រពេញរន្ធគូទត្រូវបានស្ទះ។ ការឆ្លងមេរោគកាមរោគ (STI) ក៏អាចបណ្តាលឱ្យកើតបូសអន្ទង់តាមរន្ធគូទផងដែរ។ បន្ថែមលើនេះកុមារដែលទើបចេះដើរតេះតះ ឬកុមារដែលមានប្រវត្តិនៃការប្រេះរន្ធគូទ ក៏មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាអាប់ស ឬបូសអន្ទង់រន្ធគូទនៅពេលក្រោយផងដែរ។ ការប្រេះរន្ធគូទបែបនេះអាចកើតឡើងចំពោះកុមារដែលមានប្រវត្តិនៃការទល់លាមក។ តាមការសិក្សា បូសតាមរន្ធគូទកើតឡើងទ្វេដងចំពោះបុរសបើធៀបនឹងស្ត្រី។

កត្តាហានិភ័យបង្កឱ្យកើតមានមួយចំនួនទៀតរួមមាន៖
- ជំងឺ Crohn ឬ ulcerative colitis ដែលជាជំងឺរលាកពោះវៀនដែលបណ្តាលឱ្យរាងកាយវាយប្រហារជាលិកាដែលមានសុខភាពល្អ
- ជំងឺទឹកនោមផ្អែម
- ប្រព័ន្ធភាពស៊ាំចុះខ្សោយដោយសារលក្ខខណ្ឌដូចជាមេរោគអេដស៍ ឬជំងឺអេដស៍
- ការរួមភេទតាមរន្ធគូទ ដែលអាចបង្កើនហានិភ័យនៃការកើតបូសអន្ទង់
- ការប្រើប្រាស់ថ្នាំ prednisone ឬ steroids ផ្សេងទៀត
- ការព្យាបាលដោយប្រើគីមី ឬការប្រើប្រាស់ថ្នាំការពារភាពស៊ាំ
- ការទល់លាមក
- រាក
- ការជក់បារី
ទោះយ៉ាងណា ក្នុងស្ថានភាពនេះ មនុស្សជាច្រើនប្រហែលជាមិនស្វែងរកការយកចិត្តទុកដាក់ពីគ្រូពេទ្យនោះទេ ពីព្រោះពួកគេជឿថាពួកគេប្រហែលជាកំពុងមានជំងឺឫសដូងបាត។ ដូច្នេះ វាជារឿងសំខាន់ក្នុងការណាត់ជួបជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកជឿថាអ្នកមានបូសអន្ទង់ ឬមានអាការៈដូចរៀបរាប់ខាងលើ ។

តើបូសអន្ទង់មានរោគសញ្ញាអ្វីខ្លះ?
ការហៀរខ្ទុះ និងការឈឺចាប់ឥតឈប់ឈរនៅក្នុងតំបន់រន្ធគូទអាចជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅបំផុត និងគួរឱ្យកត់សម្គាល់ភ្លាមៗនៃបូសអន្ទង់។ ការឈឺចាប់ជាធម្មតាត្រូវបានអមដោយការហើមនៅតំបន់រន្ធគូទ និងការឈឺចាប់កាន់តែខ្លាំងអំឡុងពេលចលនាពោះវៀន។
សញ្ញាទូទៅនៃបូសអន្ទង់រួមមាន៖
- ការឈឺចាប់ឥតឈប់ឈរដែលអាចមានសភាពឈឺអួលៗ
- ការទល់លាមក
- ការហូរឈាមតាមរន្ធគូទ
- ហើមស្បែកជុំវិញរន្ធគូទ
- អស់កម្លាំង
- គ្រុន
- ញាក់

តើបូសអន្ទង់ត្រូវធ្វើរោគវិនិច្ឆ័យដោយរបៀបណា?
បូសអន្ទង់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញញឹកញាប់បំផុត តាមរយៈការពិនិត្យរាងកាយ ដែលគ្រូពេទ្យពិនិត្យតំបន់នោះ រកមើលដុំពកនិងរកសញ្ញាផ្សេងទៀត។ គ្រូពេទ្យក៏អាចពិនិត្យរកការឈឺចាប់ ឡើងក្រហម និងហើមនៅតំបន់រន្ធគូទ ជាដើម។ ចំពោះមនុស្សមួយចំនួន ប្រហែលជាមិនមានសញ្ញាណាមួយដែលអាចមើលឃើញបូសអន្ទង់លើផ្ទៃនៃស្បែកជុំវិញរន្ធគូទរបស់ពួកគេនោះទេ។ ជំនួសមកវិញ វេជ្ជបណ្ឌិតនឹងប្រើឧបករណ៍មួយឈ្មោះថា anoscope ដើម្បីមើលខាងក្នុងរន្ធគូទ។ ជួនកាល បូសអន្ទង់អាចជ្រៅដែលពិបាកពិនិត្យដោយឧបករណ៍ ដូច្នេះវេជ្ជបណ្ឌិតអាចឱ្យធ្វើតេស្តរូបភាពដូចជា CT scan, MRI ឬអ៊ុលត្រាសោន ដើម្បីទទួលបានរូបរាងកាន់តែច្បាស់។

ជម្រើសនៃការព្យាបាលបូសអន្ទង់
បូសអន្ទង់កម្រនឹងបាត់ទៅវិញដោយគ្មានការព្យាបាលពីវេជ្ជបណ្ឌិតណាស់។ ការព្យាបាលអាចមានពីរជម្រើស គឺការវះបង្ហូរខ្ទុះចេញ និងការវះកាត់ផ្លូវរូងបូសអន្ទង់។ ការវះកាត់បង្ហូរខ្ទុះ គឺគ្រាន់តែជាការវះដើម្បីជួយបំបាត់ការឈឺចាប់បានភ្លាមៗ តែមិនមែនជាការព្យាបាលទាំងស្រុងនោះឡើយ។ ប៉ុន្តែ ការវះកាត់ផ្លូវរូងបូសអន្ទង់គឺជាការវះកាត់ដើម្បីព្យាបាល ដែលវាអាចធ្វើចាប់ពីម្ដង រហូតដល់បីដង អាស្រ័យលើស្ថានភាពជំងឺជាក់ស្ដែង។

ដូច្នេះ បូសអន្ទង់អាចបង្កឱ្យមានផលវិបាក ប៉ុន្តែវាអាចព្យាបាលបាន។ វាមានសារសំខាន់ណាស់ក្នុងការយល់ដឹងអំពីកត្តាហានិភ័យ និងតាមដានយ៉ាងដិតដល់ ដើម្បីគ្រប់គ្រងស្ថានភាពសុខភាពរបស់អ្នក។ ប្រសិនបើអ្នកសម្គាល់ឃើញរន្ធគូទរបស់អ្នកមានបញ្ហា សូមទាក់ទងវេជ្ជបណ្ឌិតដើម្បីទទួលការព្យាបាល និងការពារកុំឱ្យវាកាន់តែធ្ងន់ធ្ងរ៕
ប្រភព៖ healthline


