
ប៉េងប៉ោះ ជាឈ្មោះវល្លិ៍ដើមទាបពួកមួយ ជាដំណាំក៏មាន ដុះឯងក៏មាន, ផ្លែប្រើជាបន្លែជាដើម ។ វាមានពីរប្រភេទ គឺប៉េងប៉ោះបន្លែ និងប៉េងប៉ោះស្រោម។ ប៉េងប៉ោះទាំងពីរប្រភេទនេះ សុទ្ធតែមានតែមានគុណប្រយោជន៍ដល់សុខភាព។ មុននឹងបកស្រាយពីគុណប្រយោជន៍នៃប៉េងប៉ោះស្រោម និងមកឈ្វេងយល់ពី ប៉េងប៉ោះបន្លែជាមុនសិន។
ការទទួលទានប៉េងប៉ោះ និងផលិតផលដែលចម្រាញ់ចេញពីប៉េងប៉ោះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការធ្វើឱ្យប្រសើរឡើងនូវសុខភាពស្បែក និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺមហារីក។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍លម្អិតរបស់វា៖

សុខភាពបេះដូង
ជំងឺបេះដូង - រួមទាំងការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល - គឺជាមូលហេតុទូទៅបំផុតនៃការស្លាប់របស់ពិភពលោក។ ប៉ុន្តែ ដំណឹងដ៏ល្អមកពីប៉េងប៉ោះនោះគឺថា ផលិតផលនេះមានអត្ថប្រយោជន៍ប្រឆាំងនឹងការរលាក ។ វាក៏បង្ហាញឥទ្ធិពលការពារលើស្រទាប់ខាងក្នុងនៃសរសៃឈាម និងអាចបន្ថយហានិភ័យនៃការកកឈាមរបស់អ្នកបានផងដែរ។

ការពារជំងឺមហារីក
មហារីកគឺជាការលូតលាស់ដែលមិនអាចគ្រប់គ្រងបាននៃកោសិកាមិនធម្មតាដែលរីករាលដាលហួសពីព្រំដែនធម្មតារបស់វា ដែលជារឿយៗវាធ្វើការលុកលុយផ្នែកផ្សេងទៀតនៃរាងកាយ។ ប៉ុន្តែ ការសិក្សាបានរកឃើញពីទំនាក់ទំនងរវាងផ្លែប៉េងប៉ោះ និងផលិតផលប៉េងប៉ោះ ដែលអាចបង្ការឱ្យកើតមានអត្រា តិចតួចនៃជំងឺមហារីកក្រពេញប្រូស្តាត សួត និងក្រពះ ។ ការសិក្សាលើស្ត្រីបង្ហាញថា កំហាប់ខ្ពស់នៃសារធាតុ carotenoids ដែលត្រូវបានរកឃើញក្នុង ប៉េងប៉ោះ អាចការពារប្រឆាំងនឹងជំងឺមហារីកសុដន់ បាន។
សុខភាពស្បែក
ប៉េងប៉ោះត្រូវបានចាត់ទុកថាមានប្រយោជន៍សម្រាប់សុខភាពស្បែក។ ប៉េងប៉ោះ សម្បូរទៅដោយសារធាតុ Lycopene និងសមាសធាតុរុក្ខជាតិផ្សេងទៀតដែលអាចការពារប្រឆាំងនឹងពន្លឺព្រះអាទិត្យ។

សុវត្ថិភាព និងផលប៉ះពាល់
ជាទូទៅ ប៉េងប៉ោះគឺល្អចំពោះសុខភាព ហើយអាឡែស៊ីប៉េងប៉ោះគឺកម្រមានណាស់ ។ ប៉ុន្តែវាអាចបង្កឱ្យមានបញ្ហាអាឡែស៊ី។ ថ្វីដ្បិតតែអាឡែស៊ីទៅនឹងផ្លែប៉េងប៉ោះគឺកម្រ ប៉ុន្តែបុគ្គលដែលមានអាឡែស៊ីទៅនឹងលំអងស្មៅគឺទំនងជាមានអាឡែស៊ីទៅនឹងផ្លែប៉េងប៉ោះ។ ស្ថានភាពនេះត្រូវបានគេហៅថា រោគសញ្ញាអាឡែស៊ីអាហារលំអង ឬអាការអាឡែស៊ីមាត់។ នៅក្នុងរោគសញ្ញាអាឡែស៊ីតាមមាត់ ប្រព័ន្ធភាពស៊ាំរបស់អ្នកវាយលុកប្រូតេអ៊ីនផ្លែឈើ និងបន្លែដែលស្រដៀងនឹងលំអង ដែលនាំឱ្យមានប្រតិកម្មអាឡែស៊ី ដូចជារមាស់ក្នុងមាត់ កោសបំពង់ក ឬហើមមាត់ ឬបំពង់ក ។ បន្ថែមពីនេះ អ្នកដែលមានប្រតិកម្មអាឡែស៊ីជ័រ ក៏អាចជួបប្រទះប្រតិកម្មឆ្លងទៅនឹងប៉េងប៉ោះដែរ។

ខណៈនេះ យើងមកឈ្វេងយល់ពីគុណប្រយោជន៍នៃ ប៉េងប៉ោះស្រោមវិញម្ដង...
ប៉ែងប៉ោះស្រោមត្រូវបានគេដាក់ឈ្មោះជាភាសាបរទេសថា Ciplukan ឬ (Physalis angulata L)។ វាជាប្រភេទដើមរុក្ខជាតិដែលមានដុះស្ទើរតែគ្រប់តំបន់នៅក្នុងប្រទេសកម្ពុជា ហើយក៏ជារុក្ខជាតិដែលមិនសូវមានការចាប់អារម្មណ៍ពីមនុស្សប៉ុន្មាននោះឡើយ បើទោះបីគេដឹងថាផ្លែរបស់វាមានឱជារសផ្អែមពិសេសម្យ៉ាងអាចទទួលទានបានក៏ដោយ។ ឈប់ព្រងើយកន្តើយនឹងរុក្ខជាតិប្រភេទនេះទៀតទៅ។ ដឹងទេថា វាមានអត្ថប្រយោជន៍ដ៏សម្បូរបែបណាស់ មិនចាញ់បន្លែផ្លែឈើមានតម្លៃថ្លៃៗមួយចំនួននោះឡើយ។

ជាអាហារូបត្ថម្ភដ៏មានសារសំខាន់
ផ្លែប៉េងប៉ោះស្រោម មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនប្រភេទដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយ។ ផ្លែរបស់វាសម្បូរទៅដោយវីតាមីនផ្សេងៗដូចជាវីតាមីន C, វីតាមីន A, វីតាមីន E បន្ថែមពីលើនេះ វាក៏មានផ្ទុកនូវសមាសធាតុប្រឆាំងអុកស៊ីតកម្មអាស៊ីត malic និងសមាសធាតុផ្សេងៗទៀតផងដែរ។
ការការពារជំងឺទឹកនោមផ្អែម
តាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា គុណប្រយោជន៍នៃផ្លែប៉េងប៉ោះស្រោម គឺការពារជំងឺទឹកនោមផ្អែម។ នេះក៏ព្រោះតែរុក្ខជាតិប៉េងប៉ោះស្រោមរាប់តាំងពី ដើម ស្លឹក រហូតដល់ផ្លែ មានផ្ទុកសារធាតុចិញ្ចឹមក្នុងការកាត់បន្ថយនិងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។

ការកាត់បន្ថយហានិភ័យនៃជំងឺមហារីក
ផ្លែប៉េងប៉ោះស្រោម ក៏ត្រូវបានគេជឿថាមានសមត្ថភាពការពារជំងឺមហារីក។ នេះដោយសារតែផ្លែឈើនេះមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញប្រព័ន្ធភាពស៊ាំនិងជួយការពារពីរ៉ាឌីកាល់សេរីបង្កជំងឺមហារីក។
ជួយព្យាបាលជំងឺឆ្កួតជ្រូកឬជំងឺ Ayan
ផ្លែប៉េងប៉ោះស្រោម មានអត្ថប្រយោជន៍អាចព្យាបាលជំងឺឆ្កួតជ្រូកបាន ព្រោះថា សមាសធាតុអាស៊ីតនិងសារធាតុរ៉ែផ្សេងៗដែលមាននៅក្នុងផ្លែប៉េងប៉ោះស្រោម អាចជួយជួសជុលកោសិកាប្រសាទដែលខូចខាតបានយ៉ាងប្រសើរ។

ថែរក្សាសុខភាពមាត់ធ្មេញ
ប៉េងប៉ោះស្រោម ក៏ជាឱរសថែរក្សាសុខភាពមាត់ធ្មេញ ព្រោះវាមានផ្ទុកនូវវីតាមីនសេនិងសមាសធាតុផ្សំដទៃទៀតដែលអាចដើរតួជាសារធាតុប្រឆាំងនឹងការរលាកដែលអាចការពារនិងព្យាបាលឈឺបំពង់ក, ដុះដុំសាច់, អញ្ចាញធ្មេញហូរឈាមនិងបញ្ហាសុខភាពមាត់មួយចំនួនទៀតផង។
បន្ថយសម្ពាធឈាមឡើងខ្ពស់ (លើសឈាម)
ដូចដែលលោកអ្នកជ្រាបហើយថា ជំងឺលើសឈាមអាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល។ ក្នុងករណីនេះ គេអាចយកផ្លែប៉េងប៉ោះស្រោម ទៅកែច្នៃទៅជាទឹកភេសជ្ជៈទទួលទាន វាអាចជួយអ្នកក្នុងការការពារជំងឺលើសឈាមបាន។

បំបាត់ការឈឺបំពង់ក
ក្រៅពីដើរតួនាទីក្នុងការ ការពារ និងព្យាបាលជំងឺមួយចំនួនហើយនោះ ប៉េងប៉ោះស្រោមក៏មានសមត្ថភាពពិសេសក្នុងការព្យាបាលអាការៈឈឺបំពង់កផងដែរ ព្រោះវាមានផ្ទុកសារធាតុ carotenoid ដែលជាសារធាតុជួយកាត់បន្ថយការឈឺចាប់ក្នុងបំពង់ក៕
ប្រភព៖ steemit / healthline


