
គុយ គឺជាឈ្មោះឈើតូចមានដើមជាវល្លិ៍ ផ្លែមានរសផ្អែមលាយជូរ ប្រើជាអាហារបាន ដុះនៅព្រៃស្រោង និងមានតិចតួចនៅតាមព្រៃរបោះ។ វាជារុក្ខជាតិព្រៃដុះដោយឯកឯង មានដុះដោយកន្លែងនៅតាមតំបន់មួយចំនួននៃកម្ពុជាយើង ជាពិសេសគឺតំបន់ភ្នំគូលែនខេត្តសៀមរាប។ ផ្លែឈើព្រៃនេះ ឱ្យផលចាប់ពីខែកុម្ភៈ រហូតដល់ចុងខែមេសាឬដើមខែឧសភា។ បើទោះបីជាវាជាផ្លែឈើព្រៃ តែវាក៏មានការនិយមចូលចិត្តទាំងបណ្ដាអ្នកនៅតាមជនបទនិងទីក្រុង ព្រោះតែឱជារសឆ្ងាញ់ និងអត្ថប្រយោជន៍ខ្ពស់របស់វា រហូតដល់គេហៅវាថាជាស្ដេចនៃផ្លែឈើព្រៃ។ តើគុយ មានគុណប្រយោជន៍អ្វីខ្លះ?

យោងតាមសៀវភៅ “អនុផលព្រៃឈើមានតម្លៃសេដ្ឋកិច្ចនៅភ្នំគូលែន” ចេញផ្សាយដោយក្រសួងបរិស្ថាន បានចុះផ្សាយពីអត្ថប្រយោជន៍និងការប្រើប្រាស់រុក្ខជាតិ គុយ ឱ្យដឹងថា “តាមក្បួនឱសថបុរាណ គេកាត់ដើម (វល្លិ៍) វាជាកង់ៗស្ងោរឱ្យនារីទើបសម្រាលកូនហើយផឹកជាថ្នាំជំនួយលើកកម្លាំង។ ឫស និងវល្លិ៍ដើមរបស់វាក៏ត្រូវបានគេប្រើប្រាស់ព្យាបាល រាគមួល ជំងឺថ្លើម កន្ទាលត្រអាក ដោយដាំទឹក ឬត្រាំស្រាផឹក។ ជ័ររបស់វាគេអាចប្រើសម្រាប់ព្យាបាលដំបៅ ព្យាបាលដង្កូវស៊ីធ្មេញ ដោយបន្តក់ជ័រចូលធ្មេញដង្កូវស៊ី និងព្យាបាលបូស ដោយលាបពីលើបូស។ បន្ថែមពីនេះ ផ្លែគុយត្រូវបានគេដឹងថាមានសមត្ថភាពព្យាបាល និងកែសម្រួលបញ្ហាក្រពះពោះវៀន ជំនួយប្រព័ន្ធភាពស៊ាំ និងទប់ស្កាត់ការឆ្លងជំងឺផ្សេងៗ។

ដូច្នេះ ដោយសារតែមានរសជាតិឆ្ងាញ់ និងមានអត្ថប្រយោជន៍បែបនេះហើយ ទើបផ្លែគុយមានការនិយមទទួលទានខ្លាំង មិនថាអ្នកនៅទីក្រុងនិងនៅតាមជនបទ។ ទោះយ៉ាងណា បើទោះបីជាវាត្រូវបានរកឃើញថាវាជារុក្ខជាតិឱសថអាចព្យាបាលជំងឺជាច្រើនមុខ ប៉ុន្តែវាជារឿងចាំបាច់ណាស់ដែលលោកអ្នកគួរពិភាក្សាជាមួយអ្នកជំនាញមុននឹងជ្រើសរើសយកវាមកប្រើដើម្បីព្យាបាលជំងឺប្រភេទណាមួយ ព្រោះថា អ្នកជំនាញអាចនឹងផ្ដល់អនុសាសន៍ថាលោកអ្នកគួរប្រើប្រាស់វាឬមានជម្រើសណាផ្សេងដែលប្រសើរជាងនេះ៕





