តើការមើលឆ្កែពាក់គ្នា បណ្ដាលឱ្យកើតជំងឺពពែឆ្កែ ឬពពែភ្នែក មែនឬយ៉ាងណា?
ភូមិន្ទ
14 មីនា 2022 11:30 PM

ចាស់ៗនៅស្រុកស្រែចម្ការតាមតំបន់ខ្លះ បានហាមប្រាមក្មេងៗមិនឱ្យមើលឆ្កែពាក់គ្នានោះឡើយ ដោយសំអាងថា វាអាចបណ្ដាលឱ្យកើតជំងឺពពែឆ្កែ និងពេលខ្លះដោយគ្រាន់តែឃើញក្មេងៗឬនរណាម្នាក់កើតជំងឺពពែឆ្កែ គាត់ក៏សន្មត់ជារួមថា ក៏ព្រោះតែអ្នកនោះបានមើលឆ្កែពាក់គ្នា។ តើការលើកឡើងនេះ ពិតជាត្រឹមត្រូវមែនឬយ៉ាងណា? យោងតាមវិទ្យាសាស្ត្រ គឺផ្ទុយពីនេះស្រឡះ។

ការសិក្សាបែបវិទ្យាសាស្ត្របានពណ៌នាពីអាការរោគជំងឺនេះឱ្យដឹងថា ជំងឺនេះធ្វើឱ្យត្របកភ្នែកខាងក្រៅកជាដុំពកក្រហម និងឈឺចាប់នៅលើផ្ទៃត្របកភ្នែក។ ដុំពកអាចស្រដៀងនឹងស្នាមមុន ហើយទន់ៗនៅពេលប៉ះ។ ទោះយ៉ាងណាក៏ដោយ ពេលខ្លះវាកើតឡើងនៅជិតគែមភ្នែក ហើយស្ថានភាពនេះច្រើនកើតលើកុមារ។

តើអ្វីទៅជារោគសញ្ញានៃជំងឺពពែភ្នែក?

រោគសញ្ញាដែលបង្កឡើងដោយរោគពពែភ្នែក អាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ អាស្រ័យលើស្ថានភាពប្រព័ន្ធភាពស៊ាំផ្ទាល់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ជាទូទៅ ពពែភ្នែកឬពពែឆ្កែ ត្រូវបានសម្គាល់ជាញឹកញាប់បំផុតដោយវត្តមាននៃដុំក្រហមនៅលើត្របកភ្នែក។ រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​ជា​ទូទៅ​ទាក់ទង​នឹង​ជំងឺ​នេះ​រួម​មាន៖ អារម្មណ៍ក្រហាយក្នុងភ្នែក ឈឺភ្នែក ទឹកភ្នែកហូរឬហៀរទឹកភ្នែ ត្របកភ្នែកហើម ក្រហមនិងឈឺចាប់នៅគែមត្របកភ្នែក។

អ្វី​ដែល​បណ្តាល​ឱ្យកើតជំងឺពពែភ្នែក?

ជំងឺពពែភ្នែកខាងក្រៅអាចកើតឡើងបាននៅពេលដែលក្រពេញប្រេងនៅក្នុងត្របកភ្នែកឆ្លងមេរោគ។ ការឆ្លងមេរោគនេះច្រើនតែបណ្តាលមកពីបាក់តេរីឈ្មោះ Staphylococcus ។ បាក់តេរីទាំងនេះជាធម្មតារស់នៅជុំវិញផ្ទៃនៃត្របកភ្នែកដោយមិនបង្កគ្រោះថ្នាក់អ្វីឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលក្រពេញមួយត្រូវបានស្ទះដោយកោសិកាស្បែកដែលងាប់ ឬប្រេងចាស់ បាក់តេរីទាំងនេះអាចជាប់នៅក្នុងក្រពេញ និងបណ្តាលឱ្យមានការឆ្លង។ មនុស្សងាយនឹងកើតជំងឺពពែភ្នែក ប្រសិនបើពួកគេមានអាការៈរលាកភ្នែករ៉ាំរ៉ៃ។ អ្នក​ដែល​ត្រដុសឬញី​ភ្នែក​ជា​ញឹក​ញាប់​ដោយ​ដៃ​មិន​បាន​លាង​ក៏​មាន​ហានិភ័យ​ខ្ពស់​ដែរ។ ដោយសារកុមារមានទំនាក់ទំនងផ្ទាល់បំផុតជាមួយបាក់តេរី ហើយប្រហែលជាតែងតែមិនលាងដៃឱ្យបានញឹកញាប់និងត្រឹមត្រូវ ដូច្នេះពួកគេប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគខាងក្រៅច្រើនជាងមនុស្សពេញវ័យ។

តើយើងការពារជំងឺពពែភ្នែកដោយរបៀបណា?

ជំងឺពពែភ្នែកមិនតែងតែអាចទប់ស្កាត់បាននោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចកាត់បន្ថយហានិភ័យរបស់អ្នកដោយចាត់វិធានការបង្ការដូចខាងក្រោម៖

-        លាងត្របកភ្នែកជារៀងរាល់ថ្ងៃដោយទឹកក្ដៅឧណ្ហៗ

-        លុបលាងគ្រឿងសម្អាងពីត្របកភ្នែកទាំងស្រុងមុនពេលចូលគេង

-        ចៀសវាងការប្រើកន្សែង ឬក្រណាត់ជូតសម្អាតផ្សេងៗ ជាមួយអ្នកដទៃ

សូមចាំថា ជំងឺពពែកភ្នែកអាចកើតមានរយៈពេលជាច្រើនថ្ងៃ មុនពេលវាបែកឬធ្លាយមុខ ហើយបន្ទាប់មកក៏ជាសះស្បើយ។ ជំងឺពពែកភ្នែកខ្លះអាចជាសះស្បើយដោយខ្លួនឯង ខណៈពេលខ្លះអាចត្រូវការការព្យាបាលពីពេទ្យជំនាញ។ ទោះយ៉ាងណា រោគសញ្ញាដែលបានរៀបរាប់ខាងលើ ក៏ជារោគសញ្ញាជំងឺភ្នែកផ្សេងទៀតផងដែរ។ ដូច្នេះ ជារឿងសំខាន់ក្នុងការទាក់ទងទៅវេជ្ជបណ្ឌិតជំនាញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យជំងឺបានត្រឹមត្រូវ៕

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត