តើការផឹកទឹកកកមានហានិភ័យ និងអត្ថប្រយោជន៍អ្វីខ្លះ?
ភូមិន្ទ
06 មីនា 2022 11:30 PM

ការ​រក្សា​ជាតិ​ទឹកឱ្យបានគ្រប់គ្រាន់ក្នុងរាងកាយ គឺមានអត្ថប្រយោជន៍ខ្ពស់សម្រាប់​សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​របស់​អ្នក។ បណ្ឌិតសភាវិទ្យាសាស្រ្ត និងវេជ្ជសាស្ត្រជាតិអាម៉េរិកបានផ្តល់អនុសាសន៍ថា បុរសដែលមានអាយុចាប់ពី ១៩ ឆ្នាំឡើងទៅគួរទទួលទានទឹក ៣.៧ លីត្រក្នុងមួយថ្ងៃ និងស្ត្រីដែលមានអាយុលើសពី ១៩ឆ្នាំគួរទទួលទាន ២.៧ លីត្រក្នុងមួយថ្ងៃ។ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ​ ដើម្បីបំពេញជាតិទឹកក្នុងរាងកាយ មនុស្សមួយចំនួនបានជ្រើសរើសការទទួលទានទឹកត្រជាក់ ឬទឹកកកជាប្រចាំ។ តើវាមានហានិភ័យ និងអត្ថប្រយោជន៍អ្វីខ្លះ?

ហានិភ័យ

ការផឹកទឹកត្រជាក់ឬទឹកកកប៉ះពាល់ដល់រាងកាយរបស់អ្នកតាមរបៀបដែលអ្នកមិននឹកស្មានដល់ ព្រោះការសិក្សាមួយទៅលើមនុស្ស ១៥ នាក់ បានរកឃើញថា ការផឹកទឹកត្រជាក់ធ្វើឱ្យទឹករំអិលច្រមុះកាន់តែក្រាស់ និងពិបាកឆ្លងកាត់ផ្លូវដង្ហើម។ តាមការប្រៀបធៀប អ្នកស្រាវជ្រាវបានរកឃើញថា ស៊ុបមាន់ និងទឹកក្ដៅ ជួយឱ្យមនុស្សដកដង្ហើមបានស្រួលជាង។ ប្រសិនបើអ្នកកំពុងព្យាយាមព្យាបាលជំងឺផ្តាសាយ ការផឹកទឹកត្រជាក់អាចធ្វើឱ្យអាការជំងឺកាន់តែធ្ងន់ធ្ងរ។ មាន​ស្ថានភាព​សុខភាព​មួយ​ចំនួន​ដែល​ការ​ផឹក​ទឹក​ត្រជាក់​អាច​ធ្វើ​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ។ ការស្រាវជ្រាវពី ២០០១ បានភ្ជាប់ការផឹកទឹកត្រជាក់ជាមួយនឹងការបង្កឱ្យមានជំងឺឈឺក្បាលប្រកាំងចំពោះអ្នកដែលធ្លាប់មានជំងឺឈឺក្បាលប្រកាំងពីមុនមក។

នៅក្នុងឱសថបុរាណចិន ការផឹកទឹកត្រជាក់ជាមួយអាហារក្ដៅ ត្រូវបានគេជឿថា បង្កើតអតុល្យភាពក្នុងរាងកាយ។ ជាធម្មតា អាហារ​ក្នុង​វប្បធម៌​ចិន​ត្រូវបាន​បម្រើ​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ ឬ​តែ​ក្ដៅ​ជំនួស​វិញ​។ ជំនឿនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងវប្បធម៌ផ្សេងទៀតជាច្រើននៅជុំវិញពិភពលោក។ មនុស្សមួយចំនួនមានជំនឿស្រដៀងគ្នាថា ការផឹកទឹកត្រជាក់នៅថ្ងៃក្ដៅ នឹងមិនអាចជួយអ្នកឱ្យត្រជាក់បានទេ។ ទោះយ៉ាងណា មិនមានការស្រាវជ្រាវគ្រប់គ្រាន់ដើម្បីសន្និដ្ឋានថា ជំនឿណាមួយពិត ឬមិនពិតនោះទេ។

អត្ថប្រយោជន៍

ទោះបីជាយ៉ាងណា ការផឹកទឹកត្រជាក់ឬទឹកកកក៏មានអត្ថប្រយោជន៍របស់វាដែរ។ យោងតាមការសិក្សាឆ្នាំ ២០១២ បានឱ្យដឹងថា ការផឹកទឹកត្រជាក់អំឡុងពេលហាត់ប្រាណអាចជួយរក្សារាងកាយរបស់អ្នកពីការឡើងកម្តៅខ្លាំង និងធ្វើឱ្យការហាត់ប្រាណរបស់អ្នកទទួលបានជោគជ័យ។ នេះប្រហែលជាដោយសារតែការផឹកទឹកត្រជាក់ធ្វើឱ្យរាងកាយរបស់អ្នកកាន់តែងាយស្រួលរក្សាសីតុណ្ហភាព។ បន្ថែមពីនោះការផឹកទឹកត្រជាក់ក៏អាចជួយដុតកាឡូរីលើសមួយចំនួនផងដែរ។

ដូច្នេះ ការផឹកទឹកត្រជាក់ អាចមានគុណវិបត្តិនិងគុណសម្បត្តិយ៉ាងណានោះ គឺអាស្រ័យលើស្ថានភាពសុខភាពរាងកាយរបស់អ្នក។ ក្នុងករណីដែលលោកអ្នក មានជំងឺផ្តាសាយ មានជំងឺផ្លូវដង្ហើម មានជំងឺរ៉ាំរ៉ៃណាមួយដែលនាំឱ្យការរំលាយអាហារយឺត នោះការផឹកទឹកត្រជាក់អាចមិនមែនជាជម្រើសល្អនោះឡើយ៕

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត