ជំងឺបូស៖ វិធីការពារនិងព្យាបាល
ភូមិន្ទ
4 ឆ្នាំមុន

បូស គឺជាឈ្មោះរោគមួយប្រភេទ បង្កឱ្យហើមសាច់ពង់ដោរ-កជាខ្ទុះសឬខ្ទុះខួរអណ្ដែង ( ខ្ទុះក្រហម ) ។ បូសមានច្រើនប្រភេទគឺ បូសធំ, បូសទ្រនិច, បូសក្រពើ, បូសផ្កាប់មុខ។ល។ បូស អាចកើតមាននៅ គ្រប់ទីកន្លែងនៅលើរាងកាយ ប៉ុន្តែជាធម្មតាកើតឡើងនៅក្នុងតំបន់ដែលមានរោម និងក្រពេញញើសរួមដូចជា៖ ក្លៀក ភ្លៅ តំបន់មុខ ក នៅក្រោមដើមទ្រូង គូទ។ល។

អ្វី​ដែល​បណ្តាល​ឱ្យ​មាន​បូស?

បាក់តេរីម្យ៉ាងមានឈ្មោះថា Staphylococcus aureus គឺជាមូលហេតុបណ្តាលឱ្យកើតបូស ប៉ុន្តែបាក់តេរីផ្សេងទៀតក៏អាចបណ្តាលឱ្យកើតវាដែរ។ នៅពេលដែលបាក់តេរីបានឆ្លងដល់គុលរោម និងជាលិកាស្បែកជុំវិញវា កោសិកាឈាមសត្រូវបានដាក់ពង្រាយដើម្បីប្រឆាំងនឹងការឆ្លង។ កោសិកាឈាមសទាំងនេះបង្កើតខ្ទុះដែលប្រមូលផ្តុំនៅក្រោមស្បែក។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​ជា​ញឹក​ញាប់សាច់របស់យើងស្រាប់តែ​ចាប់​ផ្តើម​ឡើងជា​ដុំ​ក្រហម​តូច​ ឬធំ ហើយឈឺ​ចាប់ខ្លាំង។

តើយើងព្យាបាលបូស ដោយរបៀបណា?

ជាធម្មតា ក្នុងករណីមិនធ្ងន់ធ្ងរ អ្នកអាចព្យាបាលការបូស ដោយខ្លួនឯងនៅផ្ទះបាន។ ខាងក្រោមនេះគឺជាការណែនាំទូទៅមួយចំនួន៖

-        រក្សា​តំបន់​នោះ​ឱ្យ​ស្អាត និង​គ្មាន​ការ​រលាក

-        កុំច្របាច់ឬព្យាយាមធ្វើឱ្យបូសនោះបែក

-        ស្អំទឹកក្ដៅឧណ្ហៗច្រើនដងក្នុងមួយថ្ងៃ

-        កុំប្រើឡើងវិញ ឬយកក្រណាត់ដែលប្រើរួចនោះមកប្រើជាថ្មី ដោយមិនបានសម្អាតត្រឹមត្រូវ។ ក្នុងករណីប្រើក្រដាស ឬក្រណាត់វេជ្ជសាស្ត្រដែលមិនអាចបោកទឹកបាន ត្រូវចោលវាឱ្យបានត្រឹមត្រូវ ក្រោយប្រើប្រាស់រួច

-        ការស្អំទឹកក្ដៅឧណ្ហៗ នឹងជួយឱ្យបូសឆាប់បើកមុខ។ ព្រោះថា ប្រសិនបើ​អ្នក​ព្យាយាម​ធ្វើឱ្យបែក ឬច្របាច់​ខ្លួនឯង អ្នក​នឹង​ធ្វើឱ្យ​តំបន់​នោះ​ប្រឈម​នឹង​ការឆ្លង​មេរោគ​បន្ថែម​ទៀត។

-        ក្រោយពីច្របាច់យកគ្រាប់បូសរួច លោកអ្នកត្រូវសម្អាតវាដោយទឹកថ្នាំសម្លាប់មេរោគ ហើយប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំខ្លះដែលចេញដោយវេជ្ជបញ្ជា បើចាំបាច់។

តើ​ដំបៅ​បូសកើតឡើង​វិញ​ទេ?

ជាការពិតណាស់ ជួនកាល​បូសអាច​កើតឡើង​វិញ​។ វត្តមានរបស់បាក់តេរី Staphylococcus aureus អាចបណ្តាលឱ្យកើតមានករណីបូសម្ដងទៀត។ ព្រោះថា នៅពេលមានវត្តមានវា រាងកាយ និងស្បែកអាចងាយនឹងឆ្លងមេរោគឡើងវិញ។ ការសិក្សាឆ្នាំ ២០១៥ បានរកឃើញថាប្រហែល ១០ ភាគរយនៃ អ្នកដែលមានពងបែកឬអាប់សមានការឆ្លងម្ដងទៀតក្នុងរយៈពេលមួយឆ្នាំ។ អ្នក​អាច​នឹង​មាន​ហានិភ័យ​កើត​ឡើង​វិញ​ប្រសិន​បើ​អ្នក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។

គួរទាក់ទងទៅវេជ្ជបណ្ឌិតនៅពេលណា?

ប្រសិនបើអ្នក​មាន​អាការ​ក្ដៅខ្លួនខ្លាំងលើសពី ៣៨អង្សា ឬក្ដៅជាច្រើនថ្ងៃមិនបាត់ក្រោយពេលកើតបូស

សូម​ប្រញាប់ទៅ​ជួប​គ្រូពេទ្យ។ ជាពិសេសប្រសិន​បើ​អ្នក​មាន​បញ្ហា​ដូច​ខាង​ក្រោម៖

-        ក្ដៅស្បែកក្រហមនៅជុំវិញបូស

-        គ្រុន

-        បូសកើតមកយូរហើយតែមិនធ្លាយមុខ

-        ឈឺចាប់ខ្លាំង

-        បូសលើឆ្អឹងខ្នងឬមុខ។ ឬមានផលវិបាកផ្សេងទៀតពេលកើតបូស។ល។

បូសភាគច្រើនបាត់ទៅវិញដោយខ្លួនឯង ជាមួយនឹងការព្យាបាល និងការថែទាំត្រឹមត្រូវនៅផ្ទះ។ ប៉ុន្តែក្នុងករណីកម្រ ផលវិបាកមួយចំនួនអាចកើតឡើងរួមមាន៖

-        បន្សល់ស្លាកស្នាមអចិន្រ្តៃយ៍

-        ការឆ្លងរាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយ

-        ការឆ្លងមេរោគឈាម (sepsis)

-        ការឆ្លងមេរោគឆ្អឹង

ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​ថា​បូស ​មិន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ឬ​ហាក់​ដូច​ជា​កាន់​តែ​ធ្ងន់​ធ្ងរ និង​កាន់​តែ​ឈឺ​ចាប់​នោះ សកម្មភាព​ដ៏​ល្អ​បំផុត​គឺ​ទៅ​ជួប​គ្រូពេទ្យ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត