
សម្រាប់ស្ត្រីខ្លះ ការឈឺចាប់ពេលរួមភេទគឺជារឿងធម្មតា ។ ការសិក្សាបានរកឃើញថាស្ត្រី ៣នាក់ក្នុងចំណោម ៤ នាក់នៅសហរដ្ឋអាម៉េរិកបានរាយការណ៍ថាមានអារម្មណ៍ឈឺចាប់អំឡុងពេលរួមភេទនៅពេលណាមួយក្នុងជីវិតរបស់ពួកគេ។ ប៉ុន្តែ វានឹងមិនមែនជារឿងធម្មតានោះឡើយ ប្រសិនជាការឈឺចាប់នោះកើតមានជាប្រក្រតីនៅរាល់ពេលរួមភេទ ដែលត្រូវបានវេជ្ជសាស្ត្រវិទ្យាសាស្ត្រឱ្យឈ្មោះថា "Dyspareunia" ។ វាសំដៅទៅលើការឈឺចាប់ដែលអាចមានអារម្មណ៍មុនពេល អំឡុងពេល និងក្រោយពេលរួមភេទ។ តើវាបណ្ដាលមកពីអ្វី?
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យ dyspareunia អាចជាការពិបាកខ្លាំងសម្រាប់វេជ្ជបណ្ឌិត ដោយសារតែស្ថានភាពនេះជារឿយៗមានភាពស្មុគស្មាញដោយសារស្ត្រីភាគច្រើនមានភាពខ្មាសអៀន។ ស្ត្រីជាច្រើនមានអារម្មណ៍ខ្មាស់អៀនក្នុងការប្រាប់គ្រូពេទ្យថាពួកគេឈឺចាប់ខ្លាំងក្នុងពេលរួមភេទ។ មានមូលហេតុជាច្រើនដែលអាចកើតមាននៃជំងឺ dyspareunia ក្នុងនោះរួមមានការឆ្លងមេរោគ ឬការស្ងួតទ្វាររមាស និងស្ថានភាពស្មុគស្មាញដូចជាមាន ដុំគីស ។ បន្ថែមពីនេះ ការសម្រាលកូន ឬវ័យចំណាស់ក៏អាចបណ្តាលឱ្យមានការពិបាកក្នុងការរួមភេទផងដែរ។

មូលហេតុដែលធ្វើឱ្យឈឺចាប់ពេលរួមភេទ
ជំងឺរលាកស្បែក
គឺជាបញ្ហាស្បែកដែលអាចបណ្តាលឱ្យមានទឹករងៃ ឬស្នាមប្រេះនៅក្នុងស្បែកនៃទ្វារមាសរបស់អ្នក។ វានឹងធ្វើឱ្យការរួមភេទឈឺចាប់ខ្លាំង។ ជារឿយៗវាកើតឡើងនៅពេលដែលស្ត្រីមានប្រតិកម្មទៅនឹងសាប៊ូ ទឹកអប់ ឬស្រោមអនាម័យ។
ជំងឺ endometriosis
ជំងឺ Endometriosis កើតឡើងនៅពេលដែលជាលិកា នៅខាងក្នុងស្បូនរបស់អ្នកត្រូវបានរកឃើញនៅក្នុងផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នក ដែលជាទូទៅបំផុត កើតឡើងនៅតំបន់អាងត្រគាក។ ជាឧទាហរណ៍ រោគសញ្ញាអាចរួមមាន ឈឺក្រពះ រាក ឬទល់លាមក ការឈឺចាប់ផ្នែកខាងលើ នោមច្រើន ឬមានអារម្មណ៍ឈឺចាប់។

ស្ថានភាព Vulvodynia
ស្ថានភាពនេះកើតឡើងនៅពេលដែលការឈឺចាប់រ៉ាំរ៉ៃនៅក្នុងទ្វារមាសរបស់អ្នកមានរយៈពេលលើសពី ៣ខែ ហើយមិនទាក់ទងនឹងការឆ្លងមេរោគទូទៅ ឬស្ថានភាពវេជ្ជសាស្ត្រនោះទេ។ វាកើតឡើងដោយការរលាក បណ្ដាលមកពីអង្គុយយូរពេក។
រលាកទ្វាររមាស
ស្ត្រីខ្លះដែលមានការរលាកទ្វាររមាសអាចបង្កឱ្យមានការឈឺចាប់និងឈឺចាប់យ៉ាងខ្លាំងក្នុងពេលរួមភេទ។ ជារឿយៗវាបណ្តាលមកពីការឆ្លងបាក់តេរី ឬផ្សិត។ ស្ត្រីផ្សេងទៀតវិវត្តន៍ទៅរកស្ថានភាពនេះក្នុងអំឡុងពេលអស់រដូវ ឬក្រោយពេលកើតជំងឺសើស្បែក។

ស្ថានភាព Vaginismus
Vaginismus គឺជាស្ថានភាពមួយដែលបណ្តាលឱ្យសាច់ដុំទ្វាររមាសតឹងណែនខុសប្រក្រតី ដែលស្ថានភាពនេះធ្វើឱ្យពិបាកក្នុងការរួមភេទ។ ចំពោះមូលហេតុវាអាចរួមបញ្ចូលការផ្លាស់ប្ដូរអ័រម៉ូន ការភ័យខ្លាចអំពីការរួមភេទ របួស ឬលក្ខខណ្ឌស្បែកមួយចំនួន។
ដុំគីសអូវែ
ប្រសិនបើស្ត្រីមានដុំគីស នោះវានឹងធ្វើឱ្យមានការឈឺចាប់ពេលរួមភេទ។ ដុំគីសទាំងនេះជួនកាលថែមទាំងរហែកចំហ ហើយលេចធ្លាយសារធាតុរាវ។ ដុំគីសក្នុងអូវែអាចបណ្តាលមកពីជំងឺមូលដ្ឋានផ្សេងៗមួយចំនួន។

ហេតុផលផ្សេងទៀតបណ្ដាលឱ្យឈឺចាប់ពេលរួមភេទ
មានហេតុផលជាច្រើនផ្សេងទៀតដែលបង្កឱ្យការរួមភេទមានការឈឺចាប់ ក្នុងនោះរួមមាន៖
- ភាពស្ងួតនៃទ្វាររមាស
- អស់កម្លាំងខ្លាំង
- បញ្ហានៅក្នុងទំនាក់ទំនងស្នេហា
- អារម្មណ៍មិនច្បាស់លាស់ចំពោះការរួមភេទដែលអាចកើតចេញពីភាពអាម៉ាស់ កំហុស ការភ័យខ្លាច ឬការថប់បារម្ភ
- ជីវិតប្រចាំថ្ងៃ តានតឹងជុំវិញការងារ ឬលុយកាក់
- ការផ្លាស់ប្ដូរកម្រិតអរម៉ូនអ៊ឹស្ត្រូសែន ដែលបណ្តាលមកពីការអស់រដូវ
- ប្រតិកម្មអាលែហ្សីចំពោះសាប៊ូ និងទឹកអប់
- ថ្នាំដែលមានឥទ្ធិពលលើចំណង់ផ្លូវភេទ ការស្រើបស្រាល ឬការបញ្ចេញទឹករំអិល ដូចជាថ្នាំពន្យារកំណើតមួយចំនួន

ប្រសិនបើអ្នកកំពុងជួបប្រទះការរួមភេទដ៏ឈឺចាប់ វាអាចមានប្រយោជន៍ក្នុងការពិចារណាប្រើទឹករំអិលដើម្បីសម្រួលបញ្ហា។ ប្រសិនបើរោគសញ្ញារបស់អ្នកមិនប្រសើរឡើងទេ វាជារឿងសំខាន់ក្នុងការស្វែងរកការណែនាំពីគ្រូពេទ្យ។ គ្រូពេទ្យអាចកំណត់រកមើល ថាតើអ្នកមានស្ថានភាពសុខភាពដែលត្រូវការការព្យាបាលដែរឬទេ៕
ប្រភព៖ healthline


