
មនុស្សមួយចំនួនមានបញ្ហាកើតឫសនៅផ្នែកខ្លះនៃរាងកាយ មានដូចជាដៃ ជើង ខ្នងនិងមុខជាដើម។ ជាធម្មតាជំងឺស្បែកប្រភេទនេះ គ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពឡើយ។ វាជារោគដែលបណ្តាលមកពីការឆ្លងមេរោគ Papillomavirus (HPV) ។ គេអាចការព្យាបាលវាដោយការវះកាត់និងបាញ់ឡាស៊ែរ។ ប៉ុន្តែ ការព្យាបាលទាំងនេះអាចមានតម្លៃថ្លៃហើយបណ្តាលឱ្យរលាកស្បែកបាន។ ជម្រើសមួយទៀតគឺត្រូវសាកល្បងឱសថបុរាណតាមធម្មជាតិ។ ខាងក្រោមមនេះជាឱសថធម្មជាតិ ៦ប្រភេទ ដែលអាចកម្ចាត់ឫសបាន។
សំបកចេក
ប៉ូតាស្យូមនៅសំបកចេកមានសមត្ថភាពពិសេស ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស HPV ។ ទោះយ៉ាងណាគ្មានការស្រាវជ្រាវជាក់លាក់ថា ប៉ូតាស្យូមអាចព្យាបាលជំងឺ ឫសបានទេ បើទោះបីជាមនុស្សមួយចំនួនបានកម្ចាត់ឫសចេញដោយការបិទសម្បកចេករាល់ថ្ងៃក៏ដោយ។ ប៉ុន្តែដើម្បីបញ្ជាក់កាន់តែច្បាស់ លោកអ្នកអាចសាកល្បងដោយខ្លួនឯងបាន។

ខ្ទឹមស
ខ្ទឹមសមានប្រវត្តិយូរលង់ណាស់មកហើយ ក្នុងការប្រើប្រាស់ដើម្បីព្យាបាលស្ថានភាពស្បែកដូចជាជំងឺស្បែករបកក្រហម។ បន្ថែមពីនេះ វាក៏ត្រូវបានប្រើសម្រាប់ទប់ស្កាត់ការបង្ករោគដោយបាក់តេរី, ផ្សិតនិងមេរោគដូចជាឫសជាដើម។ ការសិក្សាមួយក្នុងឆ្នាំ ២០១៤ ដោយការយកខ្ទឹមសទៅបិទលើឫសរយៈពេលបួនសប្តាហ៍ បានបង្ហាញលទ្ធផលថា ឫសបានក្រាប ហើយមិនកើតមកវិញទេ។

សំបកក្រូច
សំបកក្រូច គឺជាឱសថធម្មជាតិមួយទៀតដែលមានតម្លៃថោក ហើយអាចព្យាបាលបញ្ហាឫស ប៉ុន្តែមិនមានទិន្នន័យបែបវិទ្យាសាស្រ្តដើម្បីគាំទ្រវាទេ។ ជាទូទៅ គេយកវាទៅត្រដុសលើឫសម្តងក្នុងមួយថ្ងៃ ដែលជាលទ្ធផល ឫសនឹងប្រែពណ៌ទៅជាខ្មៅ ហើយស្វិតបន្ដិចម្ដងៗ បន្ទាប់មកក៏ជ្រុះចេញតែម្ដង។

ម្នាស់
ម្នាស់មានផ្ទុកប្រូមេឡែន Bromelain ដែលជាល្បាយនៃអង់ស៊ីមដែលរំលាយប្រូតេអ៊ីន។ សារធាតុនេះត្រូវបានគេជឿជាក់ថាអាចលុបបំបាត់ឫស ដោយការរំលាយប្រូតេអ៊ីននៅក្នុងវីរុស HPV ។ អាចគេព្យាបាលដោយត្រូវត្រាំកន្លែងដែលកើតឫសក្នុងទឹកម្នាស់រាល់ថ្ងៃ ឬក៏អាចយកម្នាស់ស្រស់ៗមកលាបជារៀងរាល់ថ្ងៃ។ ទោះយ៉ាងណា បើទោះជា មានទិន្នន័យមួយចំនួនគាំទ្រដល់ប្រសិទ្ធភាពនៃម្នាស់ក៏ដោយ ក៏មិនមានការសិក្សាបែបវិទ្យាសាស្រ្តណាមួយគាំទ្រការប្រើប្រាស់ម្នាស់ក្នុងការកម្ចាត់ឫសនោះឡើយ។

ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើមានសមត្ថភាពពិសេសជួយធ្វើឱ្យស្បែករលោង ព្យាបាលការរលាក និងជំងឺស្បែករបកក្រហម។ បន្ថែមពីនេះវាក៏អាចប្រយុទ្ធប្រឆាំងនឹងធាតុបង្កជំងឺ, រួមទាំងមេរោគផ្សេងៗ ក្នុងនោះរួមទាំងមានប្រសិទ្ធភាពកម្ចាត់វីរុស HPV ដែលបង្ករោគឫសបានផងដែរ។

វីតាមីន C
វីតាមីនសេមានលក្ខណៈសម្បត្តិជំរុញភាពស៊ាំ។ វីតាមីននេះក៏ចាំបាច់សម្រាប់ការព្យាបាលរបួសនិងជាលិកាស្បែកដែលមានសុខភាពល្អផងដែរ។ វាត្រូវបានគេដឹងថាអាចប្រយុទ្ធប្រឆាំងនឹងវីរុស HPV ប៉ុន្តែត្រូវការភស្តុតាងដែលគួរឱ្យទុកចិត្តជាងនេះទៀត។

ទោះយ៉ាងណា បើទោះបីជាជំងឺនេះ មិនសូវមានហានិភ័យធ្ងន់ធ្ងរដល់សុខភាព ប៉ុន្តែវាធ្វើឱ្យបាត់បង់សោភ័យភាពរាងកាយ និងគ្មានទំនុកចិត្តក្នុងការរស់នៅ។ ដូច្នេះ ក្នុងករណីដែលលោកអ្នកមិនទទួលបានប្រសិទ្ធភាពពីការព្យាបាលតាមបែបធម្មជាតិដូចរៀបរាប់ខាងលើទេ ការទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាលគឺជារឿងដែលចាំបាច់បំផុត៕

ប្រភព៖ healthline


