ងាយៗ ដើម្បីកម្ចាត់ស្នាមសង្វារយ៉ាងមានប្រសិទ្ធភាព
ភូមិន្ទ
04 កុម្ភៈ 2022 01:00 AM

សង្វារ គឺជាស្នាមលេចឡើងពណ៌សឆ្នូតៗដែលអាចកើតឡើងនៅផ្នែកមួយចំនួននៃរាងកាយរបស់យើង។ ជាធម្មតា វាមិនមែនជាសញ្ញាថាមានអ្វីខុសចំពោះសុខភាពរបស់អ្នកនោះទេ។ នរណាម្នាក់ក៏អាចទទួលបានស្នាមសង្វារ ព្រោះវាកើតឡើងមិនគិតពីភេទឡើយ។ ការស្រាវជ្រាវបានឱ្យដឹងថា មិនមានសារធាតុផ្សំសម្រាប់ព្យាបាលស្នាមសង្វារនោះទេ។ ប៉ុន្តែឱសថតាមផ្ទះមួយចំនួនអាចជួយកាត់បន្ថយស្នាមសង្វារបានយ៉ាងឆាប់រហ័ស។ ខាងក្រោមនេះគឺជាមូលហេតុ និងវិធីសាស្ដ្រខ្លះៗ ដែល SBM News លើកមកជម្រាបជូនលោកអ្នក៖

មូលហេតុបណ្ដាលឱ្យមានសង្វារ

ស្នាម​សង្វារ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​មនុស្ស​ខ្លះ​ទំនង​ជា​ច្រើន​ជាង​អ្នក​ផ្សេង​ទៀត។ ក្នុងនោះ កត្តាហ្សែនគឺជាមូលហេតុចម្បងមួយ។ ការមានផ្ទៃពោះក៏ជាមូលហេតុទូទៅនៃស្នាមសង្វារដែរ។ ការស្រាវជ្រាវដែលបានបោះពុម្ពក្នុងឆ្នាំ ២០១៥ បានបង្ហាញថា រហូតដល់ទៅ ៩០ភាគរយ នៃអ្នកមានផ្ទៃពោះនឹងវិវត្តទៅជាមានស្នាមសង្វារ។

កត្តាហានិភ័យផ្សេងទៀតរួមមាន៖

-        ការប្រើប្រាស់ថ្នាំ corticosteroid

-        ស្រកឬឡើងទម្ងន់យ៉ាងឆាប់រហ័ស

-        វះកាត់ពង្រីកដើមទ្រូង

-        ការបង្កើនទំហំសាច់ដុំយ៉ាងឆាប់រហ័ស ឧទាហរណ៍តាមរយៈ ការហាត់កីឡាយកសាច់ដុំ

វិធីសាស្ដ្រខ្លះៗ ក្នុងការព្យាបាល

១. ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើ មានប្រវត្តិយូរយារណាស់មកហើយ ក្នុងការប្រើជាឱសថព្យាបាលស្បែកធម្មជាតិ។ សាច់ចាហួយពីខាងក្នុងដើមរបស់វា អាចលាបដោយផ្ទាល់ទៅលើស្បែក ដើម្បីផ្តល់សំណើម ។ ការស្រាវជ្រាវពីឆ្នាំ ២០១៨ បានបង្ហាញថា ប្រទាលកន្ទុយក្រពើ ជួយព្យាបាលស្បែកពីការរលាក និងរបួស។ ដោយសារតែស្នាមសង្វារគឺជាប្រភេទនៃស្លាកស្នាមពីស្បែកដែលខូច ដូច្នេះលក្ខណៈសម្បត្តិជួសជុលស្បែករបស់ប្រទាលកន្ទុយក្រពើអាចជួយការពារស្នាមសង្វារ ឬបន្ថយស្នាមសង្វារបាន។

២. ប្រេងដូង

ប្រេងដូង ​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ស្បែក។ វាអាចជួយរក្សារបាំងការពារស្បែករបស់អ្នក។ ការស្រាវជ្រាវពីឆ្នាំ ២០១៨ បានបង្ហាញថា ប្រេងដូងធ្វើឱ្យប្រសើរឡើងនូវស្បែកស្ងួត និងការឆ្លងមេរោគលើស្បែកមួយចំនួន។ ហើយនៅក្នុងការសិក្សាឆ្នាំ ២០១០ បានរកឃើញថា ប្រេងដូង ជួយឱ្យរបួសស្បែកឆាប់ជាសះស្បើយ។ ដូច្នេះការរកឃើញទាំងនេះ បានបង្ហាញឱ្យឃើញថា វាអាចទៅរួចដែលថាការយកប្រេងដូងមកម៉ាស្សាថ្នមៗលើស្បែករបស់អ្នក អាចការពារស្នាមសង្វារបាន។ ទោះយ៉ាងណា ជាការពិតណាស់ ប្រសិនបើអ្នកមានអាឡែស៊ីជាមួយដូង អ្នកគួរតែចៀសវាងប្រើវា។

៣. ការព្យាបាលដោយឡាស៊ែរ

ឡាស៊ែរផ្តល់ពន្លឺផ្តោតទៅលើស្បែក។ អាស្រ័យលើប្រភេទឡាស៊ែរណាដែលត្រូវបានប្រើ ការព្យាបាលអាចមានសក្តានុពលក្នុងការបង្កើនការផលិតកូឡាជែន និងជួយឱ្យស្នាមសង្វារបន្ថយដើម្បីបញ្ចូលគ្នាជាមួយនឹងស្បែកជុំវិញ។ នេះបើយោងតាមការស្រាវជ្រាវឆ្នាំ ២០១៧ ។ ការព្យាបាលដោយឡាស៊ែរក៏ត្រូវបានគេប្រើផងដែរដើម្បីកាត់បន្ថយស្បែករបក និងក្រហមដែលបណ្តាលមកពីស្លាកស្នាម។ ដូច្នេះវាសមហេតុផលដែលថា ការព្យាបាលដោយប្រើឡាស៊ែរអាចធ្វើឱ្យរូបរាងនៃស្នាមសង្វារមានភាពប្រសើរឡើង។

៤. ការព្យាបាលដោយវិទ្យុសកម្ម

គឺការព្យាបាលដោយប្រេកង់វិទ្យុបញ្ជូនរលកថាមពលទៅក្នុងស្បែករបស់អ្នក ដែលជំរុញការផលិតកូឡាជែន។ លទ្ធផលអាចជាសះស្បើយលឿន ហើយស្បែកកាន់តែរឹងមាំ។ ថ្មីៗនេះ ការព្យាបាលដោយប្រើរលកវិទ្យុត្រូវបានផ្សំជាមួយនឹងការព្យាបាលដោយប្រើមីក្រូណេតលីង ដើម្បីបញ្ជូនរលកថាមពលកាន់តែជ្រៅទៅក្នុងស្បែក។ ការស្រាវជ្រាវបន្ថែមពី ២០១៩ បង្ហាញថា ការព្យាបាលដោយប្រើវិទ្យុសកម្មអាចធ្វើឱ្យរូបរាងនៃស្នាមសង្វារបានប្រសើរឡើង ។

ទោះយ៉ាងណា ស្នាមសង្វារ គឺជាបញ្ហាសើស្បែក ដែលមិនមានតឹងតាងបង្ហាញថា វាកើតឡើងដោយសារជំងឺធ្ងន់ធ្ងរណាមួយនោះទេ។ ដូច្នេះ ក្នុងករណីដែលវាកើតតិចតួច ឬកើតក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល សូមកុំបារម្ភ ព្រោះវាអាចនឹងរលុបបាត់ទៅវិញដោយខ្លួនឯងនៅពេលណាមួយ៕

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត