៧ អត្ថប្រយោជន៍សុខភាព និងអាហារូបត្ថម្ភរបស់ដំឡូងរលួស ឬប៉ិកួៈ
ភូមិន្ទ
19 មករា 2022 11:30 PM

ដំឡូងរលួស គឺជាដំឡូងមួយប្រភេទ មានដើមជាវល្លិ ស្លឹកស្រដៀងនឹងស្លឹករលួស ក្នុងមួយដើមមានមើមតែមួយ រាងច្រឡោសាច់សមានទឹកដមរលម សំបកស្វិត, ប្រើបរិភោគឆៅ មានរសផ្អែមស្រាលត្រជាក់ មានកំណើតពូជដើមដំបូងមកពីប្រទេសចិន ដែលខ្មែរយើងហៅតាមភាសាចិនចេញជាសំនៀងថា “ប៉ិកួៈ”។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាព និងអាហារូបត្ថម្ភទាំង ៨ យ៉ាងរបស់វា៖

១/. ផ្ទុកដោយសារធាតុចិញ្ចឹម

ដំឡូងរលួស ឬប៉ិកួៈ មានវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើន ក៏ដូចជាបរិមាណជាតិសរសៃយ៉ាងច្រើន។ ការសិក្សាបានរកឃើញថា ទម្ងន់ត្រឹម ១៣០ ក្រាម វាមានសារធាតុចិញ្ចឹមដូចខាងក្រោម ៖

-        កាឡូរី៖ ៤៩

-        កាបូអ៊ីដ្រាត៖ ១២ ក្រាម

-        ប្រូតេអ៊ីន៖ ១ ក្រាម

-        ខ្លាញ់៖ ០,១ ក្រាម

-        ជាតិសរសៃ៖ ៦,៤ ក្រាម និងតម្រូវការដែលរាងកាយត្រូវការប្រចាំថ្ងៃ គិតជាភាគរយមានដូចជា៖

-        វីតាមីន C៖ ៤៤%

-        ហ្វូឡាត៖ ៤%

-        ជាតិដែក៖ ៤%

-        ម៉ាញ៉េស្យូម៖ ៤%

-        ប៉ូតាស្យូម៖ ៦%

-        ម៉ង់ហ្គាណែស៖ ៤%

បន្ថែមពីនោះដំឡូងរលួស ក៏មានបរិមាណតិចតួចនៃវីតាមីន E, Vitamin B1, Vitamin B2, វីតាមីន B6, អាស៊ីត pantothenic, កាល់ស្យូម, ផូស្វ័រ, ស័ង្កសី និងទង់ដែង ។ លើសនេះទៀត វាមានកាឡូរីទាប និងមានជាតិសរសៃ និងទឹកខ្ពស់ ដែលធ្វើឱ្យវាក្លាយជាអាហារសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព។ ដំឡូងរលួស ក៏ជាប្រភពដ៏ល្អនៃវីតាមីន C ដែលជាវីតាមីនរលាយក្នុងទឹកដ៏សំខាន់ ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្លួនរបស់អ្នក និងចាំបាច់សម្រាប់ប្រតិកម្មអង់ស៊ីមជាច្រើន ។

២/. មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់

ដំឡូងរលួស មានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលជាសមាសធាតុរុក្ខជាតិមានប្រយោជន៍ដែលជួយការពារការខូចខាតកោសិកា។ ត្រឹមទម្ងន់តែ ១៣០ ក្រាម នៃដំឡូងរលួស មានជិតពាក់កណ្តាលនៃ តម្រូវការដែលរាងកាយត្រូវការប្រចាំថ្ងៃ សម្រាប់វីតាមីន C ដើម្បីប្រឆាំងអុកស៊ីតកម្ម។ វាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន E សេលេញ៉ូម និងបេតាការ៉ូទីន ។​ សារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារប្រឆាំងនឹងការខូចខាតកោសិកាដោយប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលជាម៉ូលេគុលគ្រោះថ្នាក់ដែលបណ្តាលឱ្យមានភាពតានតឹងអុកស៊ីតកម្ម។ ភាពតានតឹងអុកស៊ីតកម្មត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺរ៉ាំរ៉ៃរួមទាំងជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង និងការថយចុះការយល់ដឹង ។

៣/. អាចជួយបង្កើនសុខភាពបេះដូង

ដំឡូងរលួស មានសារធាតុចិញ្ចឹមជាច្រើនដែលធ្វើឱ្យវាជាជម្រើសដ៏ល្អសម្រាប់ការកែលម្អសុខភាពបេះដូង។ វាផ្ទុកនូវបរិមាណដ៏ច្រើននៃជាតិសរសៃអាហាររលាយ ដែលអាចជួយបន្ថយកម្រិតកូឡេស្តេរ៉ុល ដោយការពារទឹកប្រមាត់ពីការស្រូបយកឡើងវិញក្នុងពោះវៀន ក៏ដូចជាការពារថ្លើមមិនឱ្យបង្កើតកូឡេស្តេរ៉ុលបន្ថែមទៀត ។ ការពិនិត្យឡើងវិញនៃការសិក្សាចំនួន ២៣ បានបង្ហាញថាការបង្កើនការទទួលទានជាតិសរសៃបានកាត់បន្ថយយ៉ាងខ្លាំងនូវកូលេស្តេរ៉ុលសរុប និងកូលេស្តេរ៉ុលអាក្រក់ LDL ។ ដំឡូងរលួស ក៏មានផ្ទុកប៉ូតាស្យូមផងដែរ ដែលជួយកាត់បន្ថយសម្ពាធឈាមដោយការបន្ធូរសរសៃឈាម។ ជាឧទាហរណ៍ ការសិក្សាមួយបានបង្ហាញថា ប៉ូតាស្យូមកាត់បន្ថយសម្ពាធឈាម និងការពារប្រឆាំងនឹងជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ។

៤/. ជំរុញការរំលាយអាហារ

ជាតិសរសៃអាហារជួយបង្កើនបរិមាណលាមក។ វាក៏ជួយឱ្យវាផ្លាស់ទីកាន់តែរលូនតាមរយៈបំពង់រំលាយអាហាររបស់អ្នកផងដែរ។ ការសិក្សាបានរកឃើញថា ត្រឹម១៣០ ក្រាម នៃ ដំឡូងរលួសមាន ៦.៤ ក្រាមនៃជាតិសរសៃដែលអាចជួយអ្នកឱ្យសម្រេចបាននូវគោលដៅប្រចាំថ្ងៃរបស់អ្នក ។ លើសពីនេះ វាក៏មានផ្ទុកជាតិសរសៃមួយប្រភេទហៅថា អ៊ីយូលីន ដែលការសិក្សាបង្ហាញថា វាអាចបង្កើនភាពញឹកញាប់នៃចលនាពោះវៀនរហូតដល់ ៣១ ភាគរយ ចំពោះអ្នកដែលទល់លាមក ។ ដំឡូងរលួស ក៏មានជាតិទឹកខ្ពស់ផងដែរ ដែលអាចជួយសម្រួលដល់ការទល់លាមក។ អាហារដែលមានជាតិទឹកខ្ពស់គឺ អាចជួយអ្នកបំពេញតម្រូវការសារធាតុរាវប្រចាំថ្ងៃរបស់អ្នក ។

៥/. ល្អសម្រាប់បាក់តេរីពោះវៀនរបស់អ្នក

ដំឡូងរលួស មានផ្ទុកសារធាតុអ៊ីញូលីន (Inulin) ខ្ពស់ ដែលជាជាតិសរសៃប្រីបៃអូទិក (prebiotic) ។ សារធាតុប្រីបៃអូទិក prebiotic គឺជាសារធាតុដែលអាចប្រើប្រាស់ដោយបាក់តេរីនៅក្នុងខ្លួនរបស់អ្នក ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ។

៦/. អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក

ដំឡូងរលួស មានផ្ទុកវីតាមីន C និង E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មសេលេនីញ៉ូម (selenium) និងបេតា ការ៉ូទីន (beta-carotene) ។ ដូចគ្នានេះផងដែរ ដំឡូងរលួស គឺជាប្រភពដ៏ល្អនៃជាតិសរសៃអាហារ។ ជាតិសរសៃអាហារត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ឥទ្ធិពលការពារប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ ។ ការសិក្សាមួយបានបង្ហាញថា អ្នកដែលញ៉ាំជាតិសរសៃលើសពី ២៧ ក្រាមក្នុងមួយថ្ងៃ មានហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកពោះវៀន ៥០% បើធៀបទៅនឹងអ្នកដែលញ៉ាំតិចជាង ១១ ក្រាម ។

៧/. អាចជួយសម្រកទម្ងន់

ដំឡូងរលួស ជាអាហារសម្បូរសារធាតុចិញ្ចឹម។ វាមានបរិមាណសារធាតុចិញ្ចឹមច្រើន ប៉ុន្តែចំនួនកាឡូរីទាប ។ មិនតែប៉ុណ្ណោះវាមានជាតិទឹក និងជាតិសរសៃខ្ពស់ ដែលជួយឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។ លើសពីនេះ ជាតិសរសៃនៅក្នុង ដំឡូងរលួស អាចជួយរក្សាជាតិស្ករក្នុងឈាមរបស់អ្នកឱ្យស្ថិតស្ថេរ។ ជាតិសរសៃធ្វើឱ្យការរំលាយអាហារយឺត ដែលជួយការពារកម្រិតជាតិស្ករក្នុងឈាមមិនឱ្យកើនឡើងលឿនពេកបន្ទាប់ពីទទួលទានអាហាររួច ។ ដូច្នេះហើយ ការទទួលទានដំឡូងរលួស អាចមិនត្រឹមតែបង្កើនប្រភេទបាក់តេរីក្នុងពោះវៀន ដែលជួយសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយឱ្យអ្នកមានអារម្មណ៍ស្កប់ស្កល់ជាងមុន បន្ទាប់ពីទទួលទានអាហាររួចផងដែរ។

សរុបមក ដំឡូងរលួស គឺជាអាហារដែលផ្តល់សុខភាពល្អ ហើយងាយស្រួលក្នុងការបញ្ចូលទៅក្នុងរបបអាហាររបស់អ្នក។ វាសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាព រួមទាំងការធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ ការសម្រកទម្ងន់ និងកាត់បន្ថយហានិភ័យនៃជំងឺ។ លើសពីនេះ ដំឡូងរលួស មានរសជាតិឈ្ងុយឆ្ងាញ់ ហើយអាចបរិភោគវាដោយស្រស់ៗក៏បាន ឬផ្សំជាមួយអាហារជាច្រើនទៀតក៏បាន៕

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត