គុណសម្បត្តិ និងគុណវិបត្តិនៃការដេកក្នុងអង្រឹង
ភូមិន្ទ
05 មករា 2022 11:30 PM

មនុស្សម្នាក់ៗមានទម្លាប់នៃការគេងផ្សេងៗគ្នា។ ជាទូទៅមនុស្សគឺគេងនៅទីរាបស្មើ ដូចជាលើកន្ទេល ពូក លើគ្រែជាដើម។ ប៉ុន្តែមានអ្នកមួយចំនួននិយមចូលចិត្តគេងក្នុងអង្រឹងព្រោះគេយល់ថាមានភាពស្រណុកសុខស្រួលជាង។ តើអ្វីជា គុណសម្បត្តិ និងគុណវិបត្តិនៃការគេងក្នុងអង្រឹង?

អត្ថប្រយោជន៍នៃការគេងក្នុងអង្រឹង

រហូត​មក​ដល់​ពេល​នេះ អ្នក​វិទ្យាសាស្រ្ត​មិន​បាន​ស្រាវជ្រាវ​ឱ្យទូលំទូលាយ​អំពី​អត្ថប្រយោជន៍​នៃ​ការ​គេង​អង្រឹង​នោះ​ទេ។ ទោះយ៉ាងណា មាន​ភស្តុតាង​មួយ​ចំនួន​ដែលបង្ហាញ​ថា ​ការ​គេង​ក្នុង​អង្រឹង​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​មួយ​ចំនួន៖

គេងកាន់តែលក់ស្រួល

ចលនាយោលយោកនៃអង្រឹងអាចជំរុញឱ្យការគេងកាន់តែលក់ស្កប់ស្កល់។ គំនិតនេះត្រូវបានបង្ហាញនៅក្នុងការសិក្សាតូចមួយកាលពីឆ្នាំ ២០១១ ទៅលើបុរស ១២នាក់។ ពួកគេបានគេងនៅពេលរសៀលចំនួនពីរថ្ងៃផ្សេងគ្នា ក្នុងរយៈពេល ៤៥ នាទី ដោយមួយថ្ងៃគេងលើទីរាបស្មើធម្មតា និងមួយពេលទៀតគេលើអង្រឹង។ ការសិក្សាបានរកឃើញថា ការគេងក្នុងអង្រឹងធ្វើឱ្យការគេងមានភាពស្កប់ស្កល់ជាង។

ការបន្ធូរបន្ថយចំណុចសម្ពាធ

ជាទូទៅ ការ​គេង​លើ​ពូក​ផ្តល់​សម្ពាធ​ច្រើន​លើ​អ្នកដូចជាត្រង់ចំណុច ស្មា និង គូទ។ ដោយឡែក ការគេងលើអង្រឹងត្រូវបានគេនិយាយថា នឹងបន្ថយសម្ពាធលើតំបន់ទាំងនេះ។ វាធ្វើឱ្យមានសម្ពាធស្មើគ្នាលើផ្នែកទាំងអស់នៃរាងកាយរបស់អ្នក និងក៏បង្កើតជាទម្រង់កោងធម្មជាតិនៃរាងកាយរបស់អ្នកផងដែរ។

ការប៉ះពាល់តិចទៅនឹងមេរោគ

ប្រសិនបើអ្នកគេងនៅខាងក្រៅ ឬពូករបស់អ្នកនៅលើឥដ្ឋ ការដេកអង្រឹងប្រហែលជាមានប្រយោជន៍ជាង។ វាមានប្រយោជន៍ ឬប្រសិទ្ធភាពប្រសិនបើអ្នកកំពុងបោះជំរំ ។ នៅក្នុងបន្ទប់គេង ការដេកក្នុងអង្រឹងអាចកាត់បន្ថយហានិភ័យនៃធូលីដីដែលកកកុញនៅលើពូក។ ទោះយ៉ាងណា ការ​គេង​អង្រឹង​មិន​អាច​លុប​បំបាត់​ការ​ប៉ះពាល់​របស់​អ្នក​ទៅ​នឹង​មេរោគ​ទាំង​ស្រុង​នោះ​ទេ។ អ្នកនៅតែអាចប៉ះពាល់ជាមួយសត្វល្អិតដែលហើរបាន។

ទោះជាយ៉ាងណា ការគេងក្នុងអង្រឹងមិនមែនសុទ្ធតែមានអត្ថប្រយោជន៍សម្រាប់គ្រប់គ្នានោះទេ។ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតប្រសនជាអ្នកមានទម្លាប់គេងក្នុងអង្រឹងជាប់លាប់ ឬមានបញ្ហាដោយសារគេងក្នុងអង្រឹង។

តើគេងក្នុងអង្រឹងមិនល្អសម្រាប់ខ្នងរបស់អ្នក មែនទេ?

ការ​គេង​ក្នុង​អង្រឹង​មិន​មែន​ល្អសម្រាប់​មនុស្ស​គ្រប់​គ្នា​ទេ។ អាស្រ័យលើរបៀបដែលអ្នកគេង និងសុខភាពទូទៅរបស់អ្នក អ្នកអាចជួបប្រទះផលប៉ះពាល់មួយចំនួនដូចជា៖

-        ឈឺក

-        ឈឺខ្នង

-        ជាប់សរសៃ

-        ហានិភ័យនៃការធ្លាក់

-        ពិបាកចេញចូល

-        ស្ពឹកជើងដៃ។ល។

របៀបដេកក្នុងអង្រឹងឱ្យមានផាសុកភាព

ដើម្បី​ទទួល​បាន​ការ​សម្រាក​ដ៏​ល្អ​ពេល​គេង​ក្នុង​អង្រឹង សូម​ពិចារណា​គន្លឹះ​ទាំងនេះ៖

-        ប្រើខ្នើយដើម្បីទ្រករបស់អ្នក

-        រុំខ្លួនអ្នកនៅក្នុងភួយធំមួយដែលមានផាសុកភាព

-        សម្រាប់ជំនួយខ្នងបន្ថែម សូមដាក់ខ្នើយ ឬភួយនៅក្រោមជង្គង់របស់អ្នក៕

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត