កំពូលអត្ថប្រយោជន៍ ១០យ៉ាង នៃទឹកអំពៅសម្រាប់សុខភាព និងស្បែក
ភូមិន្ទ
01 មករា 2022 11:30 PM

ទឹកអំពៅស្រស់ គឺជាភេសជ្ជដ៏ពេញនិយមបំផុត ជាពិសេសគឺរដូវក្ដៅ។ បន្ថែមពីនេះ វាក៏សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា កូលេស្តេរ៉ុល ជាតិសរសៃ ប្រូតេអ៊ីន ជាតិសូដ្យូម ប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម និងជាតិដែក រួមនឹងកំពូលអត្ថប្រយោជន៍ ១០ យ៉ាងខាងក្រោមនេះ៖

១/. ទឹកអំពៅផ្តល់ឱ្យអ្នកនូវថាមពលភ្លាមៗ

ការផឹកទឹកអំពៅ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការផ្ដល់ថាមពលដល់ខ្លួនអ្នកភ្លាមៗ និងធានាថាអ្នកមិនជួបប្រទះការខះជាតិទឹកនោះឡើយ។ ជាតិស្ករសាមញ្ញនៅក្នុងទឹកអំពៅត្រូវបានស្រូបយកបានយ៉ាងងាយស្រួលដោយរាងកាយ ហើយត្រូវបានគេប្រើដើម្បីបំពេញកម្រិតជាតិស្ករ។

២/. ទឹកអំពៅជួយបង្កើនមុខងារថ្លើម

ទឹកអំពៅត្រូវបានគេនិយាយថាជាឱសថធម្មជាតិដ៏ល្អបំផុតមួយសម្រាប់ជំងឺទាក់ទងនឹងថ្លើមដូចជាជំងឺខាន់លឿង។ ដោយសារទឹកអំពៅមានជាតិអាល់កាឡាំងនៅក្នុងធម្មជាតិ វាជួយរក្សាតុល្យភាពអេឡិចត្រូលីតក្នុងរាងកាយ។

៣/. ជួយរាងកាយប្រឆាំងនឹងជំងឺមហារីក

កំហាប់ខ្ពស់នៃជាតិកាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែក និងម៉ង់ហ្គាណែស ធ្វើឱ្យទឹកអំពៅមានជាតិអាល់កាឡាំងនៅក្នុងធម្មជាតិ។ វត្តមានរបស់សារជាតិនេះជួយឱ្យរាងកាយទប់ទល់នឹងកោសិកាមហារីក ជាពិសេសមហារីកក្រពេញប្រូស្តាត និងមហារីកសុដន់។

៤/. សម្រួលដល់ប្រព័ន្ធរំលាយអាហារ

ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងទៀតនៃទឹកអំពៅ វាក៏ពិសេសសម្រាប់អ្នកដែលមានបញ្ហារំលាយអាហារផងដែរ។ ប៉ូតាស្យូមនៅក្នុងទឹកអំពៅធ្វើឱ្យមានតុល្យភាពកម្រិត pH នៅក្នុងក្រពះ ជួយសម្រួលដល់ទឹករំលាយអាហារ និងរក្សាប្រព័ន្ធដំណើរការ។ វាក៏ជួយការពារការឆ្លងមេរោគពោះវៀនផងដែរ។

៥/. មានប្រយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែម

ទោះបីជាបរិមាណជាតិស្ករខ្ពស់នៅក្នុងទឹកអំពៅអាចធ្វើឱ្យអ្នកជំងឺទឹកនោមផ្អែមមានការប្រុងប្រយ័ត្នក្នុងការទទួលទានទឹកអំពៅនេះក៏ដោយ ប៉ុន្តែ ក្នុងកម្រិតមធ្យម ទឹកអំពៅអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺទឹកនោមផ្អែម ព្រោះវាមានជាតិស្ករធម្មជាតិក្នុងសន្ទស្សន៍ឃ្លីសេមិច “glycemic” ទាប ដែលការពារការឡើងខ្ពស់នៃកម្រិតជាតិស្ករក្នុងឈាម។

៦/. ទឹកអំពៅរក្សាសុខភាពតម្រងនោម

ក្នុងនាមជាអាហារធម្មជាតិដែលមានកូលេស្តេរ៉ុលទាប សូដ្យូមទាប មិនមានជាតិខ្លាញ់ឆ្អែត ទឹកអំពៅជួយរក្សាតម្រងនោមឱ្យស្ថិតក្នុងសុខភាពល្អ។

៧/. ជួយកាត់បន្ថយការឈឺចាប់ដែលទាក់ទងនឹងជំងឺកាមរោគ

ប្រសិនបើអ្នកទទួលទានដោយលាយជាមួយនឹងទឹកកំបោរ និងទឹកដូង ទឹកអំពៅអាចជួយកាត់បន្ថយការរលាកក្នុងរាងកាយដែលអាចបណ្តាលមកពីជំងឺកាមរោគ រលាកផ្លូវបង្ហូរទឹកនោម គ្រួសក្នុងតម្រងនោម និងរលាកក្រពេញប្រូស្តាត។

៨/. ជំនួយដល់ការលូតលាស់ឆ្អឹង និងធ្មេញ

លោកអ្នកប្រហែលជាធ្លាប់មានបទពិសោធទំពារអំពៅទាំងដើម ហើយមែនទេ? តើដឹងទេ ដោយសារអត្ថប្រយោជន៍​សម្បូរ​ជាតិ​កាល់ស្យូម​នៃ​ទឹក​អំពៅ​ វាមានសមត្ថភាព​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​នៃ​ប្រព័ន្ធ​គ្រោងឆ្អឹង និង​ធ្មេញបានយ៉ាងប្រសើរ។

៩. ទឹកអំពៅកម្ចាត់ក្លិនមាត់ & ការពុកធ្មេញ

ធុំក្លិនមាត់មិនល្អ ទាក់ទងនឹងជំងឺពុកធ្មេញ? ទឹកអំពៅអាចដោះស្រាយបាន។ អំពៅសម្បូរទៅដោយសារធាតុរ៉ែ រួមទាំងកាល់ស្យូម និងផូស្វ័រ ហើយថែមទាំងជួយបង្កើតស្រទាប់ធ្មេញ និងពង្រឹងធ្មេញ ឱ្យរឹងមាំ។ វាក៏កម្ចាត់ក្លិនមាត់មិនល្អដែលបណ្តាលមកពីកង្វះសារធាតុចិញ្ចឹមផងដែរ។

១០/. ទឹកអំពៅអាចជួយព្យាបាលរោគមុនបាន

​ទឹកអំពៅ​ ​មាន​សមត្ថភាព​ក្នុងការ​កាត់បន្ថយ និង​ព្យាបាល​បញ្ហា​ស្បែក​ដូចជា​បញ្ហាមុន​។ នេះក៏ព្រោះថា ទឹកអំពៅមានអាស៊ីត alpha-hydroxy (AHAs) ដូចជាអាស៊ីត glycolic ដែលវាជួយបង្កើនការផ្លាស់ប្ដូរកោសិកាបានយ៉ាងល្អ។ បន្ថែមពីនេះ វាក៏ជួយ​ជម្រុះកោសិកា​ស្បែក​ដោយ​បំបាត់​ឱកាស​នៃ​ការ​កើតមុន​ផងដែរ។ ទោះបីជាយ៉ាងណា ចូរចាំថា ការទទួលទឹកអំពៅច្រើនហួសកម្រិតពេក វាអាចបង្កបញ្ហាដល់សុខភាព។ ចូរពិសាវាក្នុងកម្រិតមធ្យម ដើម្បីទទួលបានអត្ថប្រយោជន៍ទ្វេដង៕

ប្រភព៖ healthifyme

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត