
ស្បែកខ្លាញ់ ឬស្បែកមុខមានជាតិខ្លាញ់ កើតឡើងនៅពេលដែលក្រពេញ sebaceous នៅក្នុងស្បែកបង្កើតជាតិខ្លាញ់ច្រើនពេក។ នេះគឺជាមូលហេតុធ្វើឱ្យស្ទះរន្ធញើស និងកើតមុន។ វិធីសាស្ត្រងាយៗ ដើម្បីគ្រប់គ្រងស្បែកមានជាតិខ្លាញ់ គេតម្រូវឱ្យមនុស្សបង្កើតទម្លាប់ថែរក្សាស្បែកជាប្រចាំ។ នៅក្នុងអត្ថបទនេះ យើងនិយាយអំពីវិធី ៣យ៉ាង ដែលអាចកាត់បន្ថយរោគសញ្ញានៃស្បែកខ្លាញ់ដោយមិនចាំបាច់មានវេជ្ជបញ្ជា។
១/. លាងសម្អាតមុខឱ្យបានទៀងទាត់
ការលាងសម្អាតមុខជាមួយនឹងទឹកក្ដៅឧណ្ហៗ រួមជាមួយនឹងសាប៊ូដុសមុខ អាចកាត់បន្ថយបរិមាណប្រេងនៅលើស្បែកបាន។ សូមធ្វើដូច្នេះឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយបរិមាណប្រេងនៅលើស្បែកជាពិសេសនៅលើស្បែកមុខរបស់អ្នក។

២/. ជូតមុខឱ្យស្ងួត
ក្នុងពេលជូតមុខឱ្យស្ងួតបន្ទាប់ពីលាងសម្អាត និងប្រើ Toner សូមលោកអ្នកយកកន្សែងទន់មកជូតឱ្យស្ងួត និងគួរជូតដោយប្រុងប្រយ័ត្ន។ ព្រោះថា ការជូតលើស្បែកដោយកន្សែង ឬប្រើក្រណាត់ដែលរឹង គ្រើម វាអាចជំរុញឱ្យស្បែកបង្កើតជាតិខ្លាញ់កាន់តែច្រើន។

៣/. ប្រើម៉ាសបិទមុខ
ម៉ាសបិទមុខមួយចំនួនអាចមានប្រយោជន៍សម្រាប់ការព្យាបាលស្បែកខ្លាញ់។ ព្រោះថា វាអាចមានធាតុផ្សំនិងសារធាតុរ៉ែដូចជា smectite ឬ bentonite ដែលអាចស្រូបយកប្រេង និងកម្រិតជាតិខ្លាញ់ដោយមិនធ្វើឱ្យស្បែករលាក។ ចូរប្រើពួកវាម្ដងម្កាលដើម្បីការពារកុំឱ្យស្បែកស្ងួត ហើយលាបក្រែមផ្តល់សំណើមតិចតួចបន្ថែមពីលើស្បែកមុខរបស់អ្នក៕



