
សូកូឡាខ្មៅផ្ទុកទៅដោយសារធាតុចិញ្ចឹមដែលអាចជះឥទ្ធិពលជាវិជ្ជមានដល់សុខភាពរបស់អ្នក។ វាត្រូវបានផលិតចេញពីគ្រាប់ពូជនៃដើមកាកាវ និងគឺជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ។ ការសិក្សាបង្ហាញថាសូកូឡាខ្មៅ អាចធ្វើឱ្យសុខភាពរបស់អ្នកប្រសើរឡើង និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ អត្ថបទនេះនឹងលម្អិតជូនលោកអ្នកនូវអត្ថប្រយោជន៍សុខភាព ៧យ៉ាងនៃសូកូឡាខ្មៅ ឬកាកាវ ដែលត្រូវបានគាំទ្រដោយអ្នកវិទ្យាសាស្ត្រ។
១/. មានជីវជាតិច្រើន
ប្រសិនបើអ្នកទិញសូកូឡាខ្មៅដែលមានគុណភាពជាមួយនឹងសារធាតុកាកាវខ្ពស់ នោះវាពិតជាមានជីវជាតិណាស់។ វាមានបរិមាណដ៏ល្អប្រសើរនៃជាតិសរសៃលាយ និងត្រូវបានផ្ទុកដោយសារធាតុរ៉ែ។សូកូឡាខ្មៅមួយដុំដែលមានទម្ងន់ ១០០ ក្រាម ដែលមានកាកាវ ៧០-៨៥% មានផ្ទុកដូចជា៖
- ជាតិសរសៃ ១១ ក្រាម រួមនឹងដារធាតុសំខាន់ដែលចាំបាច់សម្រាប់រាងកាយគិតជាភាគរយមានដូចជា:
- ៦៧% នៃជាតិដែក
- ៥៨% នៃ ម៉ាញ៉េស្យូម
- ៨៩% នៃ ទង់ដែង
- ៩៨% នៃ ម៉ង់ហ្គាណែស
- លើសពីនេះទៀត វាមានប៉ូតាស្យូម ផូស្វ័រ ស័ង្កសី និងសេលេញ៉ូមជាច្រើនទៀត។
ជាការពិតណាស់ ១០០ ក្រាម គឺជាបរិមាណដ៏ច្រើន ហើយមិនមែនជាអ្វីដែលអ្នកគួរទទួលទានប្រចាំថ្ងៃនោះទេ។ នេះមានន័យថា សូកូឡាខ្មៅត្រូវបានប្រើប្រាស់ល្អបំផុតក្នុងកម្រិតមធ្យម ចៀសវាងការញ៉ាំច្រើន នាំឱ្យមានបញ្ហាដល់សុខភាព។

២/. ប្រឆាំងអុកស៊ីតកម្ម
សូកូឡាខ្មៅផ្ទុកទៅដោយសមាសធាតុសរីរាង្គដែលមានសកម្មភាពជីវសាស្ត្រ និងមានមុខងារជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការសិក្សាមួយបានបង្ហាញថា កាកាវ និងសូកូឡាខ្មៅមានសកម្មភាពប្រឆាំងអុកស៊ីតកម្ម សារធាតុ polyphenols និង flavanols ច្រើនជាងផ្លែឈើដទៃទៀតដែលត្រូវបានធ្វើតេស្ត ។

៣/. អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង
សមាសធាតុនៅក្នុងសូកូឡាខ្មៅមានសមត្ថភាពការពារយ៉ាងខ្លាំងប្រឆាំងនឹងអុកស៊ីតកម្ម ។ វាជួយធ្វើឱ្យកូលេស្តេរ៉ុលតិចនៅក្នុងសរសៃឈាម ដែលជាលទ្ធផលកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ នៅក្នុងការសិក្សាលើបុរសវ័យចំណាស់ ៤៧០នាក់ បានបង្ហាញថា កាកាវត្រូវបានគេរកឃើញថាអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូងបាន ៥០% ក្នុងរយៈពេល ១៥ ឆ្នាំ ។

៤/. អាចការពារស្បែកពីពន្លឺព្រះអាទិត្យ
សមាសធាតុជីវសាស្ត្រនៅក្នុងសូកូឡាខ្មៅក៏អាចល្អសម្រាប់ស្បែករបស់អ្នកផងដែរ។ សារជាតិ flavanols អាចការពារប្រឆាំងនឹងការបំផ្លាញពីពន្លឺព្រះអាទិត្យ ធ្វើឱ្យប្រសើរឡើងនូវលំហូរឈាមទៅកាន់ស្បែក និងបង្កើនដង់ស៊ីតេស្បែក និងជាតិទឹកនៅក្នុងរាងកាយ ។

៥/. អាចធ្វើឱ្យមុខងារខួរក្បាលប្រសើរឡើង
សូកូឡាខ្មៅក៏អាចធ្វើឱ្យមុខងារខួរក្បាលរបស់អ្នកប្រសើរឡើងផងដែរ។ ការសិក្សាមួយរបស់អ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អបានបង្ហាញថាការទទួលទានកាកាវរយៈពេល ៥ ថ្ងៃធ្វើឱ្យលំហូរឈាមទៅកាន់ខួរក្បាលមានភាពប្រសើរឡើង ។ លើសពីនេះ កាកាវមានផ្ទុកសារធាតុរំញោចដូចជា ជាតិកាហ្វេអ៊ីន និង theobromine ដែលអាចជាហេតុផលសំខាន់ដែលវាអាចធ្វើឱ្យមុខងារខួរក្បាលប្រសើរឡើងក្នុងរយៈពេលខ្លី ។

ចំណាំ៖
មានភស្តុតាងយ៉ាងសន្ធឹកសន្ធាប់ដែលថាកាកាវអាចផ្តល់អត្ថប្រយោជន៍សុខភាពដ៏ខ្លាំងក្លា ជាពិសេសការពារប្រឆាំងនឹងជំងឺបេះដូង។ ជាការពិតណាស់ នេះមិនមានន័យថា អ្នកគួរទទួលទានសូកូឡាច្រើនជារៀងរាល់ថ្ងៃនោះទេ។ ប្រសិនបើអ្នកចង់បានអត្ថប្រយោជន៍នៃកាកាវដោយគ្មានកាឡូរីក្នុងសូកូឡា សូមពិចារណា ញ៉ាំកាកាវក្ដៅដោយគ្មានក្រែម ឬស្ករ។ សូមចំណាំផងដែរថា សូកូឡាជាច្រើននៅលើទីផ្សារមិនមានជីវជាតិគ្រប់គ្រាន់នោះទេ។ សូមជ្រើសរើស សូកូឡាខ្មៅដែលមានផ្ទុកជាតិកាកាវហោចណាស់ឱ្យបាន ៧០% ឬខ្ពស់ជាងនេះ៕


