អត្ថប្រយោជន៍សុខភាពមិននឹកស្មានដល់របស់ផ្លែ ប៉េងប៉ោះ
ភូមិន្ទ
05 ធ្នូ 2021 11:30 PM

ការទទួលទានប៉េងប៉ោះ និងផលិតផលដែលចម្រាញ់ចេញពីប៉េងប៉ោះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការធ្វើឱ្យប្រសើរឡើងនូវសុខភាពស្បែក និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺមហារីក។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍លម្អិតរបស់វា៖

សុខភាពបេះដូង

ជំងឺបេះដូង - រួមទាំងការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល - គឺជាមូលហេតុទូទៅបំផុតនៃការស្លាប់របស់ពិភពលោក។ ប៉ុន្តែ ដំណឹងដ៏ល្អមកពីប៉េងប៉ោះនោះគឺថា ផលិតផលនេះមានអត្ថប្រយោជន៍ប្រឆាំងនឹងការរលាក ។ វាក៏បង្ហាញឥទ្ធិពលការពារលើស្រទាប់ខាងក្នុងនៃសរសៃឈាម និងអាចបន្ថយហានិភ័យនៃការកកឈាមរបស់អ្នកបានផងដែរ។

ការពារជំងឺមហារីក

មហារីកគឺជាការលូតលាស់ដែលមិនអាចគ្រប់គ្រងបាននៃកោសិកាមិនធម្មតាដែលរីករាលដាលហួសពីព្រំដែនធម្មតារបស់វា ដែលជារឿយៗវាធ្វើការលុកលុយផ្នែកផ្សេងទៀតនៃរាងកាយ។ ប៉ុន្តែ ការសិក្សាបានរកឃើញពីទំនាក់ទំនងរវាងផ្លែប៉េងប៉ោះ និងផលិតផលប៉េងប៉ោះ ដែលអាចបង្ការឱ្យកើតមានអត្រា តិចតួចនៃជំងឺមហារីកក្រពេញប្រូស្តាត សួត និងក្រពះ ។ ការសិក្សាលើស្ត្រីបង្ហាញថា កំហាប់ខ្ពស់នៃសារធាតុ carotenoids ដែលត្រូវបានរកឃើញក្នុង ប៉េងប៉ោះ អាចការពារប្រឆាំងនឹងជំងឺមហារីកសុដន់ បាន។

សុខភាពស្បែក

ប៉េងប៉ោះត្រូវបានចាត់ទុកថាមានប្រយោជន៍សម្រាប់សុខភាពស្បែក។ ប៉េងប៉ោះ សម្បូរទៅដោយសារធាតុ Lycopene និងសមាសធាតុរុក្ខជាតិផ្សេងទៀតដែលអាចការពារប្រឆាំងនឹងពន្លឺព្រះអាទិត្យ។

សុវត្ថិភាព និងផលប៉ះពាល់

ជាទូទៅ ប៉េងប៉ោះគឺល្អចំពោះសុខភាព ហើយអាឡែស៊ីប៉េងប៉ោះគឺកម្រមានណាស់ ។

អាឡែស៊ី

ថ្វីដ្បិតតែអាឡែស៊ីទៅនឹងផ្លែប៉េងប៉ោះគឺកម្រ ប៉ុន្តែបុគ្គលដែលមានអាឡែស៊ីទៅនឹងលំអងស្មៅគឺទំនងជាមានអាឡែស៊ីទៅនឹងផ្លែប៉េងប៉ោះ។ ស្ថានភាព​នេះ​ត្រូវ​បាន​គេ​ហៅ​ថា រោគសញ្ញាអាឡែស៊ី​អាហារលំអង ឬ​អាការអាឡែស៊ី​មាត់។ នៅក្នុងរោគសញ្ញាអាឡែស៊ីតាមមាត់ ប្រព័ន្ធភាពស៊ាំរបស់អ្នកវាយលុកប្រូតេអ៊ីនផ្លែឈើ និងបន្លែដែលស្រដៀងនឹងលំអង ដែលនាំឱ្យមានប្រតិកម្មអាឡែស៊ី ដូចជារមាស់ក្នុងមាត់ កោសបំពង់ក ឬហើមមាត់ ឬបំពង់ក ។ បន្ថែមពីនេះ អ្នកដែលមានប្រតិកម្មអាឡែស៊ីជ័រ ក៏អាចជួបប្រទះប្រតិកម្មឆ្លងទៅនឹងប៉េងប៉ោះដែរ៕

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត