តើការអានសៀវភៅឱ្យកូនស្ដាប់ពេលនៅក្នុងផ្ទៃ ពិតជាល្អមែនឬយ៉ាងណា?
ភូមិន្ទ
28 វិច្ឆិកា 2021 11:30 PM

លោកអ្នកមួយចំនួនប្រហែលជាភ្ញាក់ផ្អើលនៅពេលដែលនិយាយដល់ ការអាន ឬនិយាយជាមួយកូនតាំងពីនៅក្នុងពោះ ព្រោះតែយល់ថា កូនក្នុងផ្ទៃមិនទាន់ដឹងក្ដី​និងមិនចេះស្ដាប់ភាសាទេ តើអានឱ្យស្ដាប់បានប្រយោជន៍អ្វី? ប៉ុន្តែអ្នកវិទ្យាសាស្ត្របានបង្ហាញថា ការអានដល់ទារកក្នុងផ្ទៃជួយអភិវឌ្ឍការរៀនភាសាដំបូងរបស់ទារក។ ចំពោះកុមារតូចៗ ការអានត្រូវបានបង្ហាញថាអាចជួយដល់ការអភិវឌ្ឍភាសា និងបង្កើនការស្គាល់ពាក្យ។ ការអានក៏អាចបង្កើតចំណងវិជ្ជមានរវាងឪពុកម្តាយ និងកូនផងដែរ។ វាអាចផ្តល់នូវអារម្មណ៍ល្អមុនពេលចូលគេង និងជំរុញឱ្យមានចំណាប់អារម្មណ៍ដំបូងក្នុងការរៀន។

មិនតែប៉ុណ្ណោះ ការនិយាយ ការច្រៀង ឬលេងភ្លេងទៅកាន់ទារកក្នុងផ្ទៃ គឺជាធម្មជាតិដើម្បីបង្កើនទំនាក់ទំនងរវាងឪពុកម្ដាយនិងកូនឱ្យកាន់តែស្និទ្ធស្នាលជាងមុន។ ការសិក្សាជាច្រើនបង្ហាញថា ការអាន ធ្វើឱ្យចង្វាក់បេះដូងរបស់ទារកធ្លាក់ចុះ។ ការចូលរួមក្នុងការអានក៏ជាមធ្យោបាយដ៏ល្អមួយសម្រាប់សមាជិកគ្រួសារផ្សេងទៀតដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទារកផងដែរ។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ ការអានដល់ទារកក្នុងផ្ទៃ គឺជួយបង្កើតមូលដ្ឋានគ្រឹះដ៏អស្ចារ្យមួយសម្រាប់ទំនាក់ទំនងដ៏រឹងមាំនាពេលអនាគត។

ការនិយាយ ការអាន និងការលេងតន្ត្រីជាច្រើនប្រភេទ អាចជួយជំរុញអារម្មណ៍របស់ទារក និងធ្វើឱ្យការអភិវឌ្ឍខួរក្បាលរបស់គេប្រសើរឡើង នេះបើយោងតាមវេជ្ជបណ្ឌិត Michael Roizen ។

តើ​ពេលណា​ដែល​អ្នក​គួរ​ចាប់ផ្តើម​អាន​ដល់​ទារក​ក្នុង​ផ្ទៃ?

នៅ​រយៈពេល​ប្រហែល​ប្រាំមួយ​ខែ ទារក​បាន​ស្គាល់​សំឡេង​ស្បូន​ ស្គាល់ពី​ចង្វាក់បេះដូង​របស់​ម្តាយ រហូតដល់​សំឡេង​រំលាយអាហារ។ ចាប់ពីសប្តាហ៍ទី ២៥ ទៅមុខ ការភ្ជាប់ទំនាក់ទំនង និងព័ត៌មានចម្បងរបស់ទារកទៅកាន់ពិភពខាងក្រៅមកក្នុងទម្រង់ជាសំឡេង។

តើសៀវភៅមួយណាដែលអ្នកគួរអាន?

សៀវភៅបុរាណ អាថ៌កម្បាំង វិទ្យាសាស្ត្រ រឿងរ៉ាវស្នេហាដែលអ្នកចូលចិត្ត - អ្វីក៏ដោយដែលអ្នកពេញចិត្ត និងមានអារម្មណ៍ស្រួលក្នុងការអានខ្លាំងៗ។ ប្រសិនបើ​អ្នក​ចង់​បន្ត​អនុវត្ត​ការ​អាន​ជាមួយ​ទារក​ថ្មី​របស់​អ្នក សូម​ប្រើ​សៀវភៅ​ទារក និង​កុមារ​។ ជាពិសេស សៀវភៅដែលមានលំនាំចង្វាក់ និងសាច់រឿងគួរឱ្យជក់ចិត្ត ដែលអាចផ្តល់នូវបទពិសោធនៃការស្តាប់ដ៏ស្រទន់ដល់កុមារ៕

ប្រភព៖ greenchildmagazine

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត