
សុខភាព៖ ការរស់នៅរបស់មនុស្សសព្វថ្ងៃ មានសភាពមិនដូចគ្នាទេ អ្នកខ្លះរស់នៅដោយមានការហូបចុកសម្បូរបែប និងអ្នកខ្លះទៀតទោះមិនសម្បូរបែប តែការរស់នៅខ្លះក៏មិនធ្វើឱ្យសប្បាយចិត្ត ហើយជីវិតក៏កាន់តែប្រឈមនឹងជំងឺជាច្រើនដែរ។ បើសិនចង់ចៀសផុតពីជំងឺ ហើយមានសុខភាពល្អ លោកអ្នកអាចសាកល្បងវិធីលើកទឹកចិត្តខ្លួនឯង៥យ៉ាង ដែលមានដូចខាងក្រោមនេះ…។

១.បង្កើតគោលដៅតាមរូបមន្ត SMART ៖រូបមន្តនេះមានដូចជា ការឡើងជណ្ដើរជើងនៅកន្លែងធ្វើការឱ្យបាន៥ថ្ងៃក្នុងមួយសប្តាហ៍។ មួយវិញទៀត ក្រោយចេញពីធ្វើការដើរឱ្យបាន១៥ទៅ៣០នាទី ហើយតាមដានភាពរីកចម្រើនក្នុងគោលដៅដាក់ចេញ ដែលជាកត្តាជំរុញអាចបន្តអនុវត្ត។ នេះជារឿងប្រសើរមួយ ហើយវានឹងក្លាយជាផ្នែកក្នុងជីវិត ជាជាងការយកពេលវេលាទៅធ្វើរឿងអត់ប្រយោជន៍។ ២.ត្រៀមប្រឈមមុខនឹងបរាជ័យ៖ មនុស្សគ្រប់គ្នាសុទ្ធតែអាចបរាជ័យ ចំពោះការបេ្តជ្ញាបង្កើតទម្លាប់ណាមួយ។ ទោះលទ្ធផលទទួលបានទាបជាងអ្វីដែលយើងរំពឹងទុក ក៏ត្រូវបន្តមិនគួរបោះបង់ចោល។ការផ្លាស់ប្តូរទម្លាប់ចាំបាច់ណាស់ ដើម្បីធានាឱ្យមានសុខភាពល្អយូរអង្វែង។ មិនត្រូវឱ្យលេសតិចតួចណាមួយ ធ្វើឱ្យយើងបកក្រោយវិញជាដាច់ខាត ដូចជាហាត់ប្រាណមិនគ្រប់គ្រាន់ សុទ្ធតែអាចធ្វើឱ្យយើងបោះបង់គោលដៅ។ ហេតុនេះ ត្រូវដឹងខ្លួនឯងឱ្យច្បាស់ ហើយបន្តអនុវត្តគោលដៅនៅថ្ងៃបន្ទាប់។

៣.កំណត់កត្តាលើកទឹកចិត្តខាងក្នុងខ្លួន៖ ត្រង់ចំណុចនេះ មានន័យថា ការកំណត់ការហាត់ប្រាណរបស់យើង ធ្វើដើម្បីអ្វី? ហើយគោលដៅនោះត្រូវមានលក្ខណៈយូរអង្វែង មិនមែនមួយចម្អិនកំពឹសទេ។ ឧទាហរណ៍ ការចង់ស្រកគីឡូ ដើម្បីមានសុខភាពល្អ មានកម្លាំងធ្វើការបានកាន់តែល្អ គឺសុទ្ធតែជាការលើកទឹកចិត្តខាងក្នុងខ្លួន។ ៤.អបអរខ្លួនឯង៖ គោលដៅសុខភាពមានពីររួមមាន សម្រាប់សុខភាពផ្លូវកាយមានដូចជា សម្រកទម្ងន់ បង្កើនកម្លាំង និងសម្រាប់សុខភាពផ្លូវចិត្តដូចជា គ្រប់គ្រងលើការឈឺចាប់ ភាពតានតឹង អារម្មណ៍ឆេវឆាវ។ ទាំងនេះ អាចជួយឱ្យយើងចេះប្រើគំនិតវិជ្ជមាន ឈានទៅរកជោគជ័យថ្មីមួយ ប្រសើរជាងអង្គុយគិតថា ខ្លួនឯងបរាជ័យ។ ត្រូវចេះសរសើរខ្លួនឯង ដោយទទួលស្គាល់ពីភាពជោគជ័យ ទោះតិចតួចក្ដី។ ព្យាយាមផ្ដោតលើអ្វីយើងគិតថា ជាចំណុចខ្វះខាត និងកែលម្អឡើងវិញ ដែលវាកាន់តែជួយឱ្យជំនឿចិត្តយើងមោះមុតខ្លាំងឡើង។

ទោះជាគោលដៅអ្វីក៏ដោយត្រូវប្រាកដថា យើងអាចជួយឱ្យខ្លួនឯងប្រសើរទ្បើង ជាងមុនបន្តិចម្ដងៗ។ លទ្ធផល ទទួលបានតិចតួចក្ដី ក៏គួរចាត់ទុកជាជោគជ័យមួយដែរ។ក្រោយទទួលបានជោគជ័យ រង្វាន់សម្រាប់ខ្លួនយើង អាចជាការថតរូប ឬរក្សាទុកកំណត់ហេតុ គំនិតវិជ្ជមាន ក៏ជាផ្នែកមួយជួយលើកទឹកចិត្តសម្រាប់គោលដៅផ្សេងៗទៀត នាពេលអនាគត។ ៥.ជ្រើសរើសទម្លាប់ណាមួយ៖ ជ្រើសរើសទម្លាប់ ឬសកម្មភាពសាមញ្ញណាមួយដែលយើងចូលចិត្ត ដូចជាទម្លាប់ហាត់ប្រាណ ដែល ជួយបង្កើនអ័រម៉ូន អង់ដូហ្វីន (Endorphins) នាំឱ្យយើងមានអារម្មណ៍ និងគំនិតវិជ្ជមាន ដើម្បីបន្តអនុវត្តគោលដៅសុខភាពសម្រាប់ជីវិត។ លើសពីនេះ កំណត់សកម្មភាពសប្បាយៗបញ្ចូលទៅក្នុងទម្លាប់សុខភាពដូចជា ស្ដាប់ចម្រៀង ពេលកំពុងដើរលើម៉ាស៊ីនហាត់ប្រាណ ឬហាត់ប្រាណតាមការណែនាំលើយូធូប៕ ដកស្រង់ពីហេទ្បូគ្រូពេទ្យ



