តើហេតុអ្វីបានជាអ្នកមិនគួរពាក់អាវទ្រនាប់នៅពេលគេងយប់?
ភូមិន្ទ
18 វិច្ឆិកា 2021 11:30 PM

ស្ត្រីមួយចំនួនមានអារម្មណ៍ថាធុញទ្រាន់ជាមួយការពាក់អាវទ្រនាប់ដែលរឹបសាច់ រឹបស្បែកខ្លាំង ហើយនាងពាក់វាតែពេលចេញដើរទៅក្រៅតែប៉ុណ្ណោះ។ ប៉ុន្តែស្ត្រីមួយចំនួនទៀតជឿថា ការពាក់អាវទ្រនាប់ជាពិសេសក្នុងពេលគេងយប់ អាចជួយការពារសុដន់យារធ្លាក់បាន ហើយធ្វើឱ្យសាច់ហាប់ណែន។ ទោះជាយ៉ាងណាក៏ដោយ គ្រូពេទ្យអះអាងថា ការ​ពាក់​អាវទ្រនាប់ពេលចូលគេង ឬពាក់ពេលគេងយប់​ ​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព។ ខាងក្រោមនេះ គឺជាផលប៉ះពាល់ខ្លះៗ៖

១/. ត្បៀតសរសៃឈាម

ការពាក់អាវទ្រនាប់ពេលគេងយប់អាចរារាំងដល់លំហូរឈាម ជាពិសេសនៅពេលអ្នកពាក់អាវទ្រនាប់ដែលមានក្រណាត់រឹបខ្លាំង។ វាអាចជាការប្រសើរក្នុងការជ្រើសរើសអាវទ្រនាប់កីឡា ដែលមានលក្ខណៈងាយស្រួលជាង សម្រាប់លោកអ្នក។

២/. រលាកស្បែក

ការពាក់អាវទ្រនាប់ជាប់ជាប្រចាំខ្លាំងពេក ជាពិសេសទាំងក្នុងពេលគេងយប់ អាចធ្វើឱ្យរលាកស្បែកនៅកន្លែងដែលខ្សែរឹប ឬខ្សែរបស់អាវទ្រនាប់ប៉ះនឹងស្បែកទន់។ ស្បែក​អាច​នឹង​មាន​អារម្មណ៍​ថា​កោស និង​ឈឺ ដោយសារ​ខ្សែអាវ ​អាចកប់​ចូល​ទៅ​ក្នុង​ស្បែក​ទន់របស់អ្នក។ វាក៏អាចប្រែពណ៌ស្បែក ឬបង្កើតស្នាម លើស្បែកផងដែរ។ ដូច្នេះ លោកអ្នកគួរជ្រើសយកការពាក់អាវទ្រនាប់រលុង និងទន់ពេលគេង។

៣/. ការគេងមិនលក់

ពាក់អាវទ្រនាប់តឹង ពេលគេងពេលយប់អាចបង្កភាពមិនស្រួល ដែលនាំឱ្យប៉ះពាល់ដល់គុណភាពនៃការគេង។ វាអាចបង្កឱ្យមនុស្សម្នាក់អាចមានអារម្មណ៍ឆេវឆាវ ឬមិនស្រណុក ដោយសារតែមិនស្រួលខ្លួន។ ការគេងមិនបានល្អ ឬមិនស្កប់ស្កល់ក៏អាចប៉ះពាល់ដល់សុខភាពទូទៅផងដែរ។

៤/. មហារីកសុដន់

មិនមានភស្តុតាងជាក់ស្តែងណាមួយដែលអាចបញ្ជាក់បានថា ការដេកពាក់ក្នុងអាវទ្រនាប់អាចបណ្តាលឱ្យកើតមហារីកសុដន់ទេ។ ប៉ុន្តែប្រភេទ ឬទំហំអាវដែលតូចពេក អាចប៉ះពាល់ដល់សុខភាព។ រួមជាមួយនឹងការឈឺចុកចាប់ដល់ស្បែក ការដេកពាក់អាវទ្រនាប់នៅពេលយប់អាចបង្កើនលទ្ធភាពនៃជំងឺមហារីកសុដន់បាន។

៥/. ការស្ទះទឹករងៃ

ការពាក់អាវទ្រនាប់ពេលគេងយប់ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធឡាំហ្វាទិច (lymphatic)។ សម្លៀក​បំពាក់​ឬអាវទ្រនាប់តឹង អាច​បង្ខាំងឬរារាំងដល់ដំណើរការ​កូនកណ្តុរ​ដែល​មាន​នៅ​ក្នុង​សុដន់ និង​តំបន់​ក្រោម​ដៃ​ ដែល​ជាកន្លែងចម្រោះ និង​បង្ហូរ​កាកសំណល់​ពុល​ចេញពី​រាងកាយ។ ការបញ្ចេញទឹករងៃមិនប្រក្រតីអាចជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការធម្មតានៃតម្រងនោម ថ្លើម និងសរីរាង្គផ្សេងទៀតនៃរាងកាយ។

៦/. ផ្សិតសុដន់

ការពាក់អាវទ្រនាប់ពេលគេងអាចបង្កើតសំណើមសម្រាប់ផ្សិតក្នុងការបង្កាត់ពូជ និងបង្ករោគ។ ក្នុងករណីដែលអាវទ្រនាប់មិនសមស្របនឹងទំហំរាងកាយ វាកាន់តែអំណោយផលសម្រាប់ការរីកលូតលាស់នៃផ្សិតនៅលើសុដន់។

ដូច្នេះដើម្បីសម្រួលដល់បញ្ហានេះ គួរពាក់វាគេងពេលយប់នៅគ្រាដែលចាំបាច់ ឬអ្នកអាចជ្រើសយកប្រភេទអាវណាដែលមិនរឹបតឹងពេក ហើយធ្វើឱ្យលោកអ្នកមានផាសុខភាពក្នុងពេលគេង៕

ប្រភព៖ parenting

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត