គន្លឹះបឋមសំខាន់ៗ ក្នុងការព្យាបាលអាការៈវិលមុខ
ភូមិន្ទ
12 វិច្ឆិកា 2021 11:30 PM

វិលមុខគឺជាអារម្មណ៍នៃអាការៈឈឺក្បាល ខ្សោយៗ ហឹងត្រចៀក ស្រវាំងភ្នែក ហើយអាចបណ្តាលឱ្យដួលសន្លប់បាន។ វិលមុខមិនមែនជាជំងឺទេ ប៉ុន្តែជារោគសញ្ញានៃជំងឺផ្សេងៗ។ ហើយការវិលមុខម្ដងម្កាលវាក៏មិនមែនជារឿងគួរឱ្យបារម្ភអ្វីដែរ ប៉ុន្តែការវិលមុខជាប្រក្រតី គឺជារឿងគួរបារម្ភអ្នកដែលអ្នកគួរប្រញាប់ទៅជួបជាមួយគ្រូពេទ្យជំនាញ ព្រោះវាអាចជារោគសញ្ញានៃជំងឺ ឬបញ្ហាខាងក្រោមនេះ៖

-        ការធ្លាក់ចុះសម្ពាធឈាមភ្លាមៗ

-        ជំងឺសាច់ដុំបេះដូង

-        ការថយចុះបរិមាណឈាម

-        ជំងឺថប់បារម្ភ

-        ភាពស្លេកស្លាំង (ជាតិដែកទាប)

-        ជាតិស្ករក្នុងឈាមទាប

-        ការឆ្លងមេរោគត្រចៀក

-        ការខះជាតិទឹក

-        ជំងឺដាច់សរសៃឈាមខួរក្បាល

-        ការធ្វើលំហាត់ប្រាណហួសកម្រិត។ល។

ដើម្បីព្យាបាលការវិលមុខ ក្រៅពីទៅជួបជាមួយវេជ្ជបណ្ឌិត ដើម្បីពិនិត្យ និងព្យាបាល ហើយទទួលទានឱសថតាមវេជ្ជបញ្ជាហើយនោះ ការទទួលទានអាហារ និងសារធាតុចិញ្ចឹមមួយចំនួនក៏អាចជួយបន្ថយរោគសញ្ញានៃការវិលមុខបានដែរ។ ប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំង និងស្រេកទឹក ហើយបត់ជើងតូចញឹកញាប់នៅពេលអ្នកវិលមុខ សូមសាកល្បងផឹកទឹក និងរក្សាជាតិទឹកឱ្យបានច្រើន។ លោកអ្នកក៏អាចផឹកប្រភេទភេសជ្ជៈមួយចំនួនដូចជា៖

ខ្ញី

ខ្ញី​អាច​ជួយ​សម្រាល​រោគសញ្ញា​ជំងឺ​ឈឺក្បាល និង​វិលមុខ។ វាក៏អាចជួយព្យាបាលការចង្អោចំពោះស្ត្រីមានផ្ទៃពោះផងដែរ។ លោកអ្នកអាចយកខ្ញីមកច្នៃប្រើប្រាស់ក្នុងទម្រង់ជាច្រើនយ៉ាង។ ដូចជាយកខ្ញីស្រស់ៗទៅធ្វើជាអាហារ ឬផឹកតែខ្ញី។ល។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកជាមុន មុនពេលទទួលទានអាហារបំប៉នណាមួយ ទោះបីជាវាមានលក្ខណៈធម្មជាតិក៏ដោយ។ អាហារបំប៉នអាចរំខានដល់ស្ថានភាពសុខភាពផ្សេងទៀតដែលអ្នកមាន ឬអាចប្រឆាំងនឹងថ្នាំដែលអ្នកកំពុងប្រើ។

វីតាមីន C

ការទទួលទានវីតាមីន C អាចកាត់បន្ថយការវិលមុខ ប្រសិនបើអ្នកមានជំងឺ Meniere ។ អាហារដែលសម្បូរទៅដោយវីតាមីន C រួមមាន៖

-        ក្រូច

-        ក្រូចថ្លុង

-        ផ្លែស្ត្របឺរី។ល។

វីតាមីន E

វីតាមីន E អាចជួយរក្សាភាពយឺតនៃសរសៃឈាមរបស់អ្នក។ វាក៏អាចជួយការពារបញ្ហាឈាមរត់បានផងដែរ។ វីតាមីន E អាចរកបាននៅក្នុង៖

-        ពូជស្រូវសាលី

-        គ្រាប់ពូជធញ្ញជាតិ

-        ផ្លែគីវី។ល។

ជាតិដែក

ប្រសិនបើគ្រូពេទ្យរបស់អ្នកគិតថាអ្នកមានភាពស្លេកស្លាំង ពួកគេអាចលើកទឹកចិត្តអ្នកឱ្យទទួលបានជាតិដែកបន្ថែមទៀត។ ជាតិដែកអាចរកបានក្នុងអាហារដូចជា៖

-        សាច់​ក្រហម

-        បសុបក្សី

-        សណ្តែក

-        ស្លឹកបៃតងចាស់។ល។

ក្នុងករណីកម្រ ការវិលមុខអាចបណ្តាលមកពីជំងឺដាច់សរសៃឈាមខួរក្បាល ដុះដុំសាច់សាហាវឬជំងឺខួរក្បាលផ្សេងទៀតជាដើម។ ដូច្នេះ គួរប្រញាប់ទៅជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលការពិនិត្យនិងព្យាបាល ចៀសវាងស្ថានភាពសុខភាពកាន់តែអាក្រក់ជាងនេះ៕

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត