កក្ដិកធ្លាក់ខ្យល់មកដល់ហើយ ចូរប្រយ័ត្នចំពោះជំងឺទាំង ៧ ប្រភេទនេះ
ភូមិន្ទ
04 វិច្ឆិកា 2021 11:30 PM

ខែកក្ដិក គឺជាខែមួយក្នុងរដូវរងារនៃកម្ពុជាយើង ដែលរាប់ចាប់ពីខែវិច្ឆិកាដល់ខែ មករា។ ឈានចូលដល់ខែនេះ យើងនឹងឃើញមានខ្យល់លម្ហើយបក់មកខ្លាំង ហើយអាកាសធាតុក៏ចុះត្រជាក់ខ្លាំងលើសពីរដូវផ្សេងៗ។ ការប្រែប្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរបែបនេះ ធ្វើឱ្យរាងកាយមនុស្សលំបាកក្នុងការសម្របខ្លួន ហេតុដូច្នេះហើយ ពួកយើងភាគច្រើនធ្លាក់ខ្លួនឈឺ ដែលយើងអាចប្រឈមនឹងហានិភ័យនៃការកើតជំងឺដូចជា ក្អក ផ្តាសាយ រលាកទងសួត។ល។ ខណៈនេះ SBM News នឹងលម្អិតពីប្រភេទជំងឺ ៧ប្រភេទ ដែលអាចកើតក្នុងខែរងា ជូនលោកអ្នក៖

១/. ជំងឺផ្ដាសាយ

ជំងឺផ្តាសាយ ជាទូទៅត្រូវបានគេដឹងថាវាកើតមានស្ទើរតែគ្រប់មនុស្សនិងគ្រប់រដូវ។ ប៉ុន្តែ ក្នុងរដូវរងារ គឺមានហានិភ័យនៃការកើតជំងឺនេះខ្ពស់។ ជារៀងរាល់ឆ្នាំ មនុស្សជាងមួយពាន់លាននាក់កើតជំងឺផ្តាសាយ ទាំងកម្រិតមធ្យម និងធ្ងន់ធ្ងរ។ អាកាសធាតុត្រជាក់ធ្វើឱ្យអ្នកហៀរសំបោរ ឬតឹងច្រមុះ អស់កម្លាំង ឈឺខ្លួន និងកណ្តាស់ជាប្រចាំ។ មធ្យោបាយដ៏ល្អបំផុតដើម្បីជៀសឱ្យឆ្ងាយពីជំងឺផ្តាសាយ គឺដោយការស្វែងរកជំនួយពីគ្រូពេទ្យ ឬប្រើវិធីសាស្ដ្រ​ខាងក្រោម៖

-        ខ្ពុរមាត់ជាមួយទឹកអំបិល

-        ទទួលទានទឹកឃ្មុំបន្តិច ដើម្បីបានធូរស្បើយភ្លាមៗ

-        ជៀសវាងការផឹកទឹកត្រជាក់ និងវត្ថុរាវត្រជាក់ៗផ្សេងទៀត

២/. ជំងឺរលាកក្រពះ

ការ​ឆ្លង​មេរោគ​រលាកក្រពះ គឺមាន​ច្រើន​ក្នុង​អំឡុង​រដូវរដូវរងា។ នៅពេលដែលប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយ រាងកាយរបស់អ្នកប្រឈមនឹងការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលនៃបាក់តេរី។ ថ្វីដ្បិតតែវាមិនមែនជារឿងធ្ងន់ធ្ងរក៏ដោយ វាពិតជាអាចក្លាយជាបញ្ហាសម្រាប់បុគ្គលដែលមិនអើពើនឹងការស្វែងរកការព្យាបាលទាន់ពេលវេលា។ រោគសញ្ញាទូទៅនៃការឆ្លងមេរោគក្រពះរួមមាន ក្អួត ស្រេកទឹកខ្លាំង លាមកពណ៌បៃតង ក្ដៅខ្លួន រាគ បាត់បង់ចំណង់អាហារ និងឈឺពោះ។ វាជាជំងឺដែលអាចព្យាបាលដោយខ្លួនឯង ហើយមិនត្រូវការវគ្គនៃការព្យាបាលជាក់លាក់ណាមួយឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅៗ យកល្អគួរតែស្វែងរកជំនួយពីគ្រូពេទ្យ ជាជាងពឹងផ្អែកលើវិធីព្យាបាលបែបបុរាណ។

៣/. ការគាំងបេះដូង

បុគ្គលដែលមានជំងឺបេះដូង ត្រូវតែថែរក្សាខ្លួនឯង ជាពិសេសក្នុងរដូវរងារ។ នេះគឺដោយសារតែ ការផ្លាស់ប្ដូររដូវនាំមកនូវបញ្ហាដកដង្ហើមជាច្រើន ដែលបង្កើនឱកាសដោយផ្ទាល់ ឬដោយប្រយោលដល់មនុស្សម្នាក់ដែលមានជំងឺបេះដូង ឬជំងឺទាក់ទងនឹងផ្លូវដង្ហើម។ គន្លឹះឆ្លាតវៃក្នុងការទប់ស្កាត់បញ្ហានេះមានដូចខាងក្រោម៖

-        តាមដានកម្រិតសម្ពាធឈាមឱ្យបានទៀងទាត់

-        កុំរំលងថ្នាំតាមវេជ្ជបញ្ជា

-        ជៀសវាងការជក់បារី និងផឹកស្រា

-        ងូតទឹកក្ដៅឧណ្ហៗ ហើយស្នាក់នៅក្នុងផ្ទះ

-        ពិនិត្យខ្លួនអ្នកឱ្យបានទៀងទាត់

-        កំណត់ចំនួនការទទួលទានអំបិល

៤/. ជំងឺរលាកសួត

ជំងឺដ៏សំខាន់បំផុតមួយដែលប៉ះពាល់ដល់មនុស្សក្នុងរដូវរងាគឺ ជំងឺរលាកសួត។ វាជាការឆ្លងមេរោគសួតដែលបណ្តាលមកពីផ្សិត បាក់តេរី ឬមេរោគ។ គ្រូពេទ្យណែនាំថា រោគសញ្ញានៃជំងឺរលាកសួត មិនត្រូវមើលរំលង ឬមើលស្រាលឡើយ ព្រោះប្រសិនបើការឆ្លងមេរោគមិនត្រូវបានព្យាបាលឱ្យទាន់ពេលវេលាទេ វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខងារនៃសួត ខួរក្បាល និងសរីរាង្គពាក់ព័ន្ធជាច្រើននៃរាងកាយ។ វិធានការខាងក្រោមអាចជួយអ្នកឱ្យស្ថានភាពរបស់អ្នកប្រសើរឡើង។

-        ផឹកទឹកខ្ញីដើម្បី បំបាត់ការឈឺបំពង់ក

-        លេបថ្នាំអាស្ពីរីនពេលគ្រុនក្ដៅ

-        ទឹកស្ពៃ និងទឹកការ៉ុត ជួយពង្រឹងប្រព័ន្ធភាពស៊ាំ

-        ខ្ទឹម​ប្រឆាំង​នឹង​បាក់តេរី

៥/.ជំងែរលាកទងសួត

បណ្តាលមកពីការឆ្លងមេរោគដែលរំខានដល់ផ្លូវខ្យល់ក្នុងសួត។ ជំងឺរលាកទងសួតភាគច្រើនលេចឡើងចំពោះទារក ប៉ុន្តែប៉ះពាល់ដល់មនុស្សពេញវ័យផងដែរ។ ខណៈពេលដែលដំបូង វាហាក់ដូចជាស្រដៀងទៅនឹងជំងឺផ្តាសាយធម្មតា ប៉ុន្តែនៅពេលដែលស្ថានភាពរីកចម្រើន វាបណ្តាលឱ្យមានបញ្ហាផ្លូវដង្ហើម។ ការស្វែងរកការព្យាបាលភ្លាមៗ អាចជួយការពារជំងឺមិនឱ្យទៅជាស្លាប់បាន។ រោគសញ្ញាទូទៅមួយចំនួននៃជំងឺរលាកទងសួតមានដូចខាងក្រោម៖

-        អស់កម្លាំង

-        ក្អួត

-        ក្អក

-        ដកដង្ហើមញាប់។ល។

៦/. ការឆ្លងមេរោគបំពង់ក

ជំងឺរ៉ាំរ៉ៃមួយផ្សេងទៀត ដែលតែងតែកើតមានក្នុងអំឡុងរដូវរងា គឺការឆ្លងមេរោគបំពង់ក។ វាឈឺចាប់ រមាស់ ដែលធ្វើឱ្យយើងមិនស្រួលក្នុងខ្លួន។ ការឆ្លងមេរោគបំពង់កភាគច្រើនជាលទ្ធផលនៃការឆ្លងមេរោគបន្តបន្ទាប់ ឬកត្តាបរិស្ថានមួយចំនួន ដូចជាខ្យល់ស្ងួត។ ចំណុចល្អនៃការឆ្លងមេរោគនេះគឺថា វាអាចព្យាបាលបានយ៉ាងងាយ និងមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្សឡើយ។

៧/. ជំងឺហឺតអាឡែស៊ី

ជំងឺហឺតអាឡែស៊ី គឺជាជំងឺមួយដែលបុគ្គលម្នាក់ទទួលរងពីជំងឺហឺត ដែលជាលទ្ធផលនៃប្រតិកម្មអាលែហ្សី។ បុគ្គលដែលមានជំងឺហឺតអាលែហ្សី ជាធម្មតាមានរោគសញ្ញាភ្លាមៗនៅពេលដែលពួកគេស្រូបសារធាតុអាឡែហ្ស៊ី។ គ្រូពេទ្យជាច្រើនអះអាងថា ជំងឺហឺតអាលែហ្សី គឺជាជំងឺដ៏សាហាវ ដែលត្រូវតែព្យាបាលឱ្យបានភ្លាមៗ នៅពេលដែលបុគ្គលម្នាក់ជួបប្រទះរោគសញ្ញារបស់វា។ មធ្យោបាយទូទៅដើម្បីជៀសវាងជំងឺហឺត អាឡែស៊ី មានដូចខាងក្រោម៖

-        រក្សាកន្លែងរស់នៅឱ្យបានស្អាត

-        កុំនៅជិតតំបន់មានផ្សែង

-        មានផែនការព្យាបាលប្រកបដោយប្រសិទ្ធភាព

-        លាងដៃរបស់អ្នកឱ្យបានទៀងទាត់

-        កុំអង្គុយជុំវិញចង្ក្រានយូរពេក

-        ជៀសវាងការបរិភោគអាហារដែលអ្នកអាឡែស៊ី

ដូច្នេះ ដើម្បីត្រៀមខ្លួនក្នុងការទប់ទល់ជាមួយនឹងរដូវលំហើយ លោកអ្នកគួរតែត្រៀមសម្លៀកបំពាក់ក្រាស់ៗ ត្រៀមថ្នាំសង្កូវ និងគួរត្រៀមខ្លួនជាមុនដើម្បីទប់ទល់នូវលក្ខខណ្ឌដែលអាចបង្ករោគដូចរៀបរាប់ខាងលើ។ ក្នុងករណីមិនអាចដោះស្រាយដោយខ្លួនឯងតាមវិធីសាស្ដ្រងាយៗបាន លោកអ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យ និងព្យាបាល៕

ប្រភព៖ lalpathlabs

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត