
រមៀតគឺជាគ្រឿងទេសពណ៌លឿង-ទឹកក្រូច ដែលគេប្រើជាទូទៅក្នុងការី និងទឹកជ្រលក់។ បន្ថែមពីនេះ វាក៏ជាគ្រឿងទេសដែលត្រូវបានគេប្រើប្រាស់សម្រាប់ជាឱសថ ប្រើសម្រាប់ប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាកអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ហេតុដូច្នេះ ទើបរមៀត ត្រូវបានគេកែច្នៃចេញជាម្សៅតែ សម្រាប់យកទៅឆុងផឹក ឬផ្សំជាមួយសារធាតុបំប៉នសុខភាពផ្សេងទៀត ដើម្បីទទួលបានសុខភាពល្អ។ ខាងក្រោមនេះ គឺជា ៧ ចំណុច ដែលតែរមៀតអាចជួយដល់សុខភាពរបស់លោកអ្នកបាន៖
១/. សម្រួលរោគសញ្ញារលាកសន្លាក់
លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លារបស់តែរមៀត អាចជួយសម្រួលដល់ការរលាក និងហើមចំពោះអ្នកដែលមានជំងឺរលាកសន្លាក់។ វាក៏អាចកាត់បន្ថយរោគសញ្ញាឈឺចាប់ផងដែរ។ ការសិក្សាមួយ បានរកឃើញថា សមាសធាតុសកម្មនៅក្នុងរមៀត ហៅថា curcumin មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឈឺចាប់ចំពោះអ្នកជំងឺដែលមានជំងឺរលាកសន្លាក់ឆ្អឹង។

២/. ជួយការពារជំងឺភ្លេចភ្លាំង
ខណៈពេលដែលការស្រាវជ្រាវនៅតែកំពុងស្វែងរកនូវអ្វីដែលបណ្តាលឱ្យកើតជំងឺ Alzheimer (ភ្លេចភ្លាំង) នៅឡើយនោះ គេក៏ស្រាប់តែរកឃើញថា ជាសារធាតុ curcumin ដែលមាននៅក្នុងរមៀតអាចជួយការពារវាបាន។ សារធាតុប្រឆាំងអុកស៊ីតកម្មរបស់រមៀត ការពារការខូចខាតដែលអាចនាំឱ្យកើតជំងឺភ្លេចភ្លាំង។ អ្វីដែលសំខាន់ជាងនេះទៅទៀត ការស្រាវជ្រាវមួយចំនួនបង្ហាញថា រមៀតអាចកាត់បន្ថយការបាត់បង់សារធាតុ synaptic និងការប្រមូលផ្តុំនៃ amyloids ដែលទាក់ទងនឹងការវិវត្តនៃជំងឺ Alzheimer (ភ្លេចភ្លាំង)ផងដែរ។

៣/. ជួយការពារជំងឺមហារីក
លក្ខណៈសម្បត្តិឱសថជាច្រើនរបស់តែរមៀត រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក អាចរួមចំណែកដល់ការការពារជំងឺមហារីក។ វិទ្យាស្ថានជាតិមហារីកបានទទួលស្គាល់សារធាតុ Curcumin ជាសារធាតុប្រឆាំងមហារីកដ៏មានប្រសិទ្ធភាព ឬសារធាតុដែលជួយការពារជំងឺមហារីក។

៤/. សម្រួលបញ្ហាដំបៅក្រពះពោះវៀន
Ulcerative colitis (UC) គឺជាជំងឺរ៉ាំរ៉ៃដែលបណ្តាលឱ្យមានដំបៅនៅផ្នែកខាងក្រោមនៃក្រពះពោះវៀន។ រមៀត អាចជួយឱ្យមានភាពធូរស្បើយពីរោគសញ្ញានៃជំងឺនេះ។ យោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Maryland នៃសាកលវិទ្យាល័យ Maryland ការសិក្សាមួយបានរកឃើញថា អ្នកទទួលទានរមៀតមានអត្រាការកើតជំងឺ Ulcerative colitis (UC) ទាបជាងអ្នកដែលមិនបានប្រើ។

៥/. បង្កើនប្រព័ន្ធភាពស៊ាំ
លក្ខណៈសម្បត្តិឱសថនៅក្នុងរមៀត អាចបង្កើនប្រព័ន្ធភាពស៊ាំ សូម្បីតែចំពោះអ្នកដែលមានជំងឺប្រព័ន្ធភាពស៊ាំចុះខ្សោយក៏ដោយ។ ការសិក្សាមួយបានកំណត់ទ្រឹស្តីថា រមៀតអាចកាត់បន្ថយការចុះខ្សោយប្រព័ន្ធភាពស៊ាំបាន។
៦/. កាត់បន្ថយកូលេស្តេរ៉ុល
ការកាត់បន្ថយកូលេស្តេរ៉ុល អាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរមួយចំនួន រួមទាំងជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

៧/. អាចជួយព្យាបាលបញ្ហាភ្នែក
បញ្ហាភ្នែករលាកដែលគេហៅថា Uveitis គឺជាការរលាកដែលបណ្ដាលមកពីប្រព័ន្ធភាពស៊ាំចុះខ្សោយ។ យោងតាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថាសារធាតុ curcumin ដែលមាននៅក្នុងរមៀត អាចមានប្រសិទ្ធភាពក្នុងការព្យាបាលដូចជាថ្នាំវិទ្យាសាស្ត្រ corticosteroids ដែរ ហើយវាមិនមានផលប៉ះពាល់អ្វីនោះទេ។

វិធីធ្វើតែរមៀត
ដើម្បីធ្វើតែរមៀតនៅផ្ទះ សូមអនុវត្តតាមជំហានទាំងនេះ៖
- ដាំទឹក ៣ ទៅ ៤ ពែងលើចង្ក្រាន។
- ដាក់ម្សៅរមៀត២ ស្លាបព្រា ហើយកូរ។
- ដាំឱ្យពុះប្រហែល ៥ ទៅ ១០ នាទី។
- ចាក់តែនេះ ក្នុងកែវមួយផ្សេងទៀត។
- បន្ថែមទឹកឃ្មុំ ទឹកក្រូចឆ្មា ឬទឹកក្រូចច្របាច់ស្រស់ និងទឹកដោះគោ រួមភ្លក្សមើលរសជាតិតាមចំណូលចិត្ត ជាការស្រេច។

ហានិភ័យ និងផលវិបាកដែលអាចកើតមាន
រមៀតជាទូទៅមានសុវត្ថិភាព ដរាបណាអ្នកទទួលទានវាក្នុងកម្រិតមធ្យម។ អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីការផឹកតែរមៀត ប្រសិនបើអ្នកធ្លាប់មាន៖
- ការរលាកនៃថង់ទឹកប្រមាត់ ឬគ្រួសក្នុងថង់ទឹកប្រមាត់
- ការស្ទះនៃបំពង់ទឹកប្រមាត់
- ដំបៅក្រពះ
- ជំងឺទឹកនោមផ្អែម។ល។
ទោះជាយ៉ាងណាក៏ដោយ ការទទួលទានរមៀតច្រើនពេកអាចបណ្តាលឱ្យមានផលប៉ះពាល់។ ទាំងនេះរួមបញ្ចូលទាំង៖
- អាស៊ីតក្រពះកើនឡើង ដែលអាចបណ្តាលឱ្យមានដំបៅ
- ប៉ះពាល់ដល់ឈាម
ដោយសារតែរមៀតអាចធ្វើឱ្យឈាមរបស់អ្នកខ្សោះ។ អ្នកគួរតែឈប់ផឹកតែរមៀត ពីរសប្តាហ៍មុននឹងធ្វើការវះកាត់។ កុំពិសាតែរមៀត ប្រសិនបើអ្នកមានកម្រិតឈាមទាប។


