អាហារ ៧មុខ ដែលធ្វើឱ្យឆ្អឹងលូតលាស់ល្អ និងខ្ពស់ជាងមុន
ភូមិន្ទ
27 តុលា 2021 11:30 PM

បើទោះបីជាកម្ពស់ពឹងផ្អែកភាគច្រើនលើហ្សែន ឬតំណពូជ តែការទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់នៅក្នុងរបបអាហាររបស់អ្នកគឺពិតជាចាំបាច់ណាស់ក្នុងការធានាឱ្យមានការលូតលាស់ និងការអភិវឌ្ឍត្រឹមត្រូវ។ អ្នកស្រាវស្រាវបានរកឃើញថា អាហារមួយចំនួនអាចជួយដល់កម្ពស់របស់អ្នក ដោយរក្សាឆ្អឹង សន្លាក់ និងរាងកាយរបស់អ្នកឱ្យមានសុខភាពល្អ និងរឹងមាំ។ តួយ៉ាង ប្រូតេអ៊ីនដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសុខភាព លើកកម្ពស់ការជួសជុលជាលិកា។ បន្ថែមពីនោះ មីក្រូសារជាតិផ្សេងទៀតដូចជា កាល់ស្យូម វីតាមីន D ម៉ាញ៉េស្យូម និងផូស្វ័រ ក៏ពាក់ព័ន្ធនឹងសុខភាពឆ្អឹង ដែលជាចំណុចកណ្តាលនៃការលូតលាស់។ ខាង​ក្រោម​នេះ​ជា​អាហារ​ ៧ មុខ​ ដែល​អាច​ជួយ​ឱ្យ​អ្នក​ខ្ពស់ ឬ​រក្សា​កម្ពស់​របស់​អ្នក។

១. សណ្តែក

សណ្តែកមានជីវជាតិមិនគួរឱ្យជឿ និងជាប្រភពប្រូតេអ៊ីនដ៏ល្អពិសេស។ ប្រូតេអ៊ីនត្រូវបានគេបង្ហាញថាបង្កើនកម្រិតនៃកត្តាលូតលាស់ដូចអាំងស៊ុយលីន ដែលជាអរម៉ូនដ៏សំខាន់ដែលគ្រប់គ្រងការលូតលាស់ឆ្អឹងរបស់កុមារ។ សណ្តែកក៏មានជាតិដែក និងវីតាមីន B ខ្ពស់ផងដែរ ដែលអាចជួយការពារប្រឆាំងនឹងភាពស្លេកស្លាំង។

២. សាច់មាន់

សាច់មាន់ សម្បូរទៅដោយប្រូតេអ៊ីន រួមជាមួយនឹងសារធាតុសំខាន់ៗជាច្រើនផ្សេងទៀត។ សាច់មាន់អាចជាអាហារបន្ថែមដ៏ល្អសម្រាប់របបអាហារដែលមានសុខភាពល្អ។ វា​មាន​វីតាមីន B12 ខ្ពស់ ជា​វីតាមីន​រលាយ​ក្នុង​ទឹក ដែល​មាន​សារៈ​សំខាន់ដល់​ការ​លូត​កម្ពស់ និង​រក្សា​កម្ពស់​របស់​អ្នក។ វាក៏ផ្ទុកទៅដោយ taurine ដែលជាអាស៊ីតអាមីណូដែលគ្រប់គ្រងការបង្កើត និងការលូតលាស់ឆ្អឹងផងដែរ។

៣. បន្លែបៃតង

បន្លែបៃតងដូចជា ត្រកួន ស្ពៃ ផ្ទី គឺជាកំពូលវីតាមីន នៅពេលយើងនិយាយអំពីអាហារូបត្ថម្ភ។ ខណៈ ស្លឹកបៃតងជាទូទៅផ្តល់នូវបរិមាណប្រមូលផ្តុំនៃវីតាមីន C កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម និងប៉ូតាស្យូម ។ ពួកវាក៏សម្បូរទៅដោយវីតាមីន K ដែលជាសារធាតុចិញ្ចឹមដែលអាចបង្កើនដង់ស៊ីតេឆ្អឹង ដើម្បីគាំទ្រដល់ការលូតលាស់ និងជួយរក្សាកម្ពស់របស់អ្នកបានផងដែរ។

៤. ទឹកដោះគោជូរ

ទឹកដោះគោជូរគឺជាប្រភពដ៏អស្ចារ្យនៃសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលមានសារសំខាន់សម្រាប់ការលូតលាស់ រួមទាំងប្រូតេអ៊ីនផងដែរ។ ប្រភេទមួយចំនួនក៏មានផ្ទុកសារធាតុ probiotics ដែលជាប្រភេទបាក់តេរីមានប្រយោជន៍ ដែលអាចជួយទ្រទ្រង់សុខភាពពោះវៀន។ បន្ថែមពីលើការធ្វើឱ្យប្រសើរឡើងនូវមុខងារនៃប្រព័ន្ធភាពស៊ាំ និងការថយចុះនៃការរលាក ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា probiotics អាចជួយបង្កើនការលូតលាស់របស់កុមារ។ ទឹកដោះគោជូរក៏ជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមជាច្រើនដែលពាក់ព័ន្ធនឹងការរំលាយអាហាររបស់ឆ្អឹង រួមទាំងកាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រ និងប៉ូតាស្យូម។

៥. ដំឡូងជ្វា

ដំឡូងជ្វាក៏ជាអាហារមានសុខភាពល្អមិនគួរឱ្យជឿ។ ជាពិសេស ពួកវាសម្បូរទៅដោយវីតាមីន A ដែលអាចធ្វើឱ្យសុខភាពឆ្អឹងប្រសើរឡើង និងជួយអ្នកឱ្យធំឡើង ឬរក្សាកម្ពស់របស់អ្នក។ ពួកវាក៏មានផ្ទុកនូវជាតិសរសៃលាយ និងមិនរលាយ ដែលអាចលើកកម្ពស់សុខភាពរំលាយអាហារ និងជំរុញការលូតលាស់នៃបាក់តេរីពោះវៀន(បាក់តេរីល្អ)។ លើសពីនេះ ដំឡូងជ្វាសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀត រួមមាន វីតាមីន C ម៉ង់ហ្គាណែស វីតាមីន B6 និងប៉ូតាស្យូម។

៦. ស៊ុត

ស៊ុតគឺពិតជាថាមពលនៃអាហារូបត្ថម្ភដ៏ល្អប្រសើរ។ ពួកវាសម្បូរទៅដោយប្រូតេអ៊ីន។ លើសពីនេះទៅទៀត ពួកវាផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើនផ្សេងទៀតដែលចាំបាច់សម្រាប់ការលូតលាស់ រួមទាំងវីតាមីន D ដែលអាចបង្កើនការស្រូបយកជាតិកាល់ស្យូម ដើម្បីជួយថែរក្សាសុខភាពគ្រោងឆ្អឹង។

៧. ត្រីសាល់ម៉ុន

ត្រីសាល់ម៉ុន គឺជាត្រីខ្លាញ់ដែលផ្ទុកដោយអាស៊ីតខ្លាញ់អូមេហ្គា៣។ អាស៊ីតខ្លាញ់ Omega-3 គឺជាប្រភេទខ្លាញ់ដែលមានសុខភាពល្អដល់បេះដូង ដែលមានសារសំខាន់ចំពោះការលូតលាស់ និងការអភិវឌ្ឍរាងកាយ។ ការស្រាវជ្រាវមួយចំនួនក៏បានណែនាំផងដែរថា អាស៊ីតខ្លាញ់អូមេហ្គា៣ អាចពាក់ព័ន្ធនឹងសុខភាពឆ្អឹង និងអាចជំរុញការផ្លាស់ប្ដូរឆ្អឹងដើម្បីបង្កើនការលូតលាស់។ លើសពីនេះ កម្រិតទាបនៃអាស៊ីតខ្លាញ់អូមេហ្គា៣  អាចត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃបញ្ហានៃការគេងចំពោះកុមារ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការលូតលាស់ផងដែរ។ លើសពីនេះ ត្រីសាល់ម៉ុនមានប្រូតេអ៊ីនខ្ពស់ វីតាមីន B សេលេញ៉ូម និងប៉ូតាស្យូម។

កំណត់សម្គាល់៖

អាហារូបត្ថម្ភដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការលូតលាស់ និងការអភិវឌ្ឍរាងកាយ។ ការបំពេញរបបអាហាររបស់អ្នកជាមួយនឹងសារធាតុចម្រុះដែលមានសារធាតុចិញ្ចឹម មិនត្រឹមតែអាចពង្រឹងសុខភាពទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអ្នកលូតកម្ពស់ ឬរក្សាកម្ពស់របស់អ្នកទៀតផង។ ដូច្នេះហើយ វាជារឿងសំខាន់ក្នុងការទទួលទាននូវអាហារដែលមានសុខភាពល្អ និងសម្បូរសារធាតុចិញ្ចឹម ដើម្បីធានាថាអ្នកទទួលបានវីតាមីន និងសារធាតុរ៉ែដែលរាងកាយអ្នកត្រូវការជាចាំបាច់ប្រចាំថ្ងៃ៕​

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត