
អយស្ទ័រត្រូវបានគេចាត់ទុកថាជាថ្នាំសម្រើបធម្មជាតិរាប់រយឆ្នាំមកហើយ ហើយត្រូវបានគេប្រើយ៉ាងទូលំទូលាយដើម្បីបង្កើនចំណង់ផ្លូវភេទ។ ទោះយ៉ាងណាក៏ដោយ ឥទ្ធិពលរបស់អយស្ទ័រទៅលើចំណង់ផ្លូវភេទ នៅតែជាប្រធានបទនៃភាពចម្រូងចម្រាស និងនៅតែជាមន្ទិលមិនច្បាស់លាស់ថា “តើការទទួលទានអយស្ទ័រ ពិតជួយបង្កើនចំណង់ផ្លូវភេទមែនឬយ៉ាងណា?” ជាការពិតណាស់ អយស្ទ័រ ពិតជាជួយដល់សុខភាពផ្លូវភេទឱ្យមានជីវិតជីវ៉ាឡើងពិតមែន។ ខាងក្រោមនេះ គឺជាមូលហេតុដែលវាត្រូវបានគេចាត់ទុកថាជាថ្នាំសម្រើបធម្មជាតិ៖

១/. សម្បូរស័ង្កសី
អយស្ទ័រ គឺជាប្រភពស័ង្កសីដ៏ល្អនិងមានបរិមាណខ្ពស់ ជាងអាហារដទៃទៀត។ ឧទាហរណ៍ នៅក្នុងអយស្ទ័រឆៅត្រឹមតែ ៨៥ ក្រាម មានផ្ទុកស័ង្កសីរហូតដល់ទៅ ៣៣ មីលីក្រាម ដែលច្រើនជាង ៣០០% នៃតម្លៃប្រចាំថ្ងៃដែលរាងកាយត្រូវការ។ ស័ង្កសី គឺចាំបាច់សម្រាប់មុខងារផ្លូវភេទបុរសនិងការមានកូន។ សារធាតុរ៉ែនេះអាចជះឥទ្ធិពលជាវិជ្ជមានដល់កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូននិងបង្កឱ្យ គុណភាពមេជីវិតឈ្មោលមានកម្លាំងខ្លាំងឡើង។ យោងតាមការសិក្សាឆ្នាំ ២០០៩ លើសត្វកណ្តុរបានឱ្យដឹងថា ថ្នាំគ្រាប់ស័ង្កសី បានបង្កើនកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូននិងបង្កើនសមត្ថភាពផ្លូវភេទ។

២/. អាចបង្កើនកម្រិតដូប៉ាមីន
ស័ង្កសី គឺចាំបាច់សម្រាប់ការរក្សាកម្រិតដូប៉ាមីនដែលជាសារធាតុបញ្ជូនសរសៃប្រសាទទាក់ទងនឹងសុខភាពផ្លូវភេទបុរស។ ការស្រាវជ្រាវខ្លះបង្ហាញថា ការបង្កើនការផលិតដូប៉ាមីន គឺបង្កើនការរំញោចផ្លូវភេទ។ វាក៏អាចជួយព្យាបាលបញ្ហាងាប់លិង្គនិងរោគសញ្ញាផ្លូវភេទដទៃទៀតដែលបណ្តាលមកពីការប្រើថ្នាំដូចជាថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តជាដើម។

៣/. ប្រភពល្អនៃអាស៊ីតខ្លាញ់អូមេហ្គា៣
អយស្ទ័រគឺជាប្រភពដ៏អស្ចារ្យនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលដើរតួនាទីកណ្តាលនៅក្នុងផ្នែកជាច្រើននៃសុខភាព។ ជាពិសេសអូមេហ្គា៣ ត្រូវបានគេបង្ហាញថាជួយកាត់បន្ថយការរលាក ធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូងនិងការពារប្រឆាំងនឹងជំងឺបេះដូង។ មិនតែប៉ុណ្ណោះ វាក៏អាចជួយបង្កើនលំហូរឈាម ដែលអាចជួយព្យាបាលបញ្ហាងាប់លិង្គបានផងដែរ។ នៅក្នុងការសិក្សាមួយលើសត្វកណ្តុរបានឱ្យដឹងថា ថ្នាំបំប៉នអូមេហ្គា ៣ បានបង្កើនលំហូរឈាមនិងធ្វើឱ្យប្រសើរឡើងនូវមុខងារលិង្គ។ លើសពីនេះទៅទៀត ការសិក្សាមួយទៅលើយុវជនចំនួន ១.៦៧៩ នាក់ ដែលបានទទួលអាហារបំប៉នអូមេហ្គា ៣ គឺទទួលបានភាពប្រសើរឡើងនូវមុខងារពងស្វាស និងក៏ជួយបង្កើនបរិមាណទឹកកាមផងដែរ៕



