ឈ្វេងយល់ពីរោគសញ្ញា និង មូលហេតុនៃដុំគីស
ភូមិន្ទ
09 តុលា 2021 11:30 PM

តើគីសគឺជាអ្វី?

គីស គឺសម្គាល់ទៅលើដុំដែលមានលក្ខណៈស្បោង ឬថង់ដែលមានផ្ទុកដោយដុំរឹង ឬទឹកនៅខាងក្នុង។ ទឹកនោះមានលក្ខណៈរាវ ខាប់ៗ ស្អិត ឬជាទឹករំអិល ហើយអាចកើតឡើងគ្រប់ទីកន្លែងនៅក្នុងរាងកាយចំពោះមនុស្សគ្រប់វ័យ។ ពេលខ្លះ យើងអាចមានអារម្មណ៍ថាមានដុំពកមិនប្រក្រតី ដែលកើតឡើងនៅផ្នែកណាមួយនៃរាងកាយ ហើយវាពោរពេញទៅដោយខ្យល់ឬឧស្ម័ន​ ឬវត្ថុរាវដូចជាខ្ទុះ ឬសារធាតុពាក់កណ្តាលរឹង ដូចជាកំទេចកំទី ជាលិកា ឬសម្ភារៈផ្សេងទៀត។

តើអ្វីបណ្តាលឱ្យកើតគីស?

គីស អាចកើតឡើងតាមរយៈដំណើរការផ្សេងៗគ្នានៅក្នុងរាងកាយរួមមាន៖

-        ការរាំងស្ទះលំហូរសារធាតុរាវ

-        ការឆ្លងមេរោគ

-        ការដុះដុំសាច់

-        ការរលាករ៉ាំរ៉ៃ

-        លក្ខខណ្ឌហ្សែន (តំណពូជ)។ល។

តើមានប្រភេទគីសអ្វីខ្លះ?

គីសមានរាប់រយប្រភេទដែលអាចកើតឡើងនៅក្នុងខ្លួនយើងម្នាក់ៗ។ ប្រភេទគីសដែលគេស្គាល់ច្រើនជាងគេគឺ៖ ដុំពកតូចៗនៃស្បែក គីសក្នុងតម្រងនោម គីសនៅក្នុងសុដន់ គីសក្នុងក្រពេញទីរ៉ូអ៊ីតឬសរីរាង្គដទៃទៀតដូចជាថ្លើម លំពែង ពងស្វាស និងអូវែរ។

តើមានរោគសញ្ញាអ្វីខ្លះដែលអាចជាប់ទាក់ទងនឹងគីស?

ដុំគីសភាគច្រើនមានលក្ខណៈស្លូត ប៉ុន្តែគីសខ្លះអាចបង្កើតរោគសញ្ញាធ្ងន់ធ្ងរ ដោយសារទំហំនិង/ឬទីតាំងរបស់វា។ រោគសញ្ញានៃដុំគីស គឺអាស្រ័យលើទីតាំងនៅក្នុងសរីរាង្គដែលរងផលប៉ះពាល់។ ឧទាហរណ៍ដុំគីសក្នុងអូវែ អាស្រ័យទៅលើបុព្វហេតុអាចបង្កឱ្យមានភាពមិនប្រក្រតីនៃការមករដូវ ការឈឺចាប់អាងត្រគាក ឬឈឺចាប់ពេលរួមភេទ។ ដុំគីសនៅក្នុងសុដន់អាចបណ្តាលឱ្យសុដន់ទន់ឬមានដុំពក។

សូមប្រយ័ត្ន ព្រោះថា អាការដុំពកមួយចំនួនវាអាចមិនមែនជាដុំគីស ប៉ុន្តែវាគឺជារោគសញ្ញាមហារីក ដែលអាចគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតរបស់យើង។ ដូច្នេះ ប្រសិនបើអ្នកព្រួយបារម្ភអំពីការហើមឬដុំពកខុសពីធម្មតានៅក្នុងឬលើផ្នែកណាមួយនៃរាងកាយ សូមប្រញាប់ទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតដើម្បីទទួលការពិនិត្យនិងព្យាបាល៕

ប្រភព៖ medicinenet

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត