
ដូងគឺជាដំណាំហូបផ្លែដ៏មានប្រជាប្រិយបំផុតនៅកម្ពុជាយើង ហើយត្រូវបានគេដាំដុះនៅតំបន់ត្រូពិចអស់រយៈពេលជាង ៤.៥០០ ឆ្នាំមកហើយ។ រាប់តាំងពីឫស ដើម ផ្លែ និងស្លឹក ដំណាំដូងមានអត្ថប្រយោជន៍សព្វបែបយ៉ាង ហើយវាមិនគ្រាន់តែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគុណសម្បត្តិជួយដល់សុខភាពជាច្រើនយ៉ាងទៀត។ ខាងក្រោមនេះគឺជាកំពូលគុណប្រយោជន៍របស់ផ្លែដូង៖
១/. មានជីវជាតិខ្ពស់
មិនដូចផ្លែឈើដទៃទៀតដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់ទេ ប៉ុន្តែដូងផ្តល់នូវខ្លាញ់ភាគច្រើន។ វាក៏ផ្ទុកនូវប្រូតេអ៊ីន សារធាតុរ៉ែសំខាន់ៗមួយចំនួន និងវីតាមីន B មួយចំនួនតូចផងដែរ។ សារធាតុរ៉ែនៅក្នុងដូងត្រូវបានចូលរួមនៅក្នុងមុខងារជាច្រើននៅក្នុងរាងកាយរបស់យើង។ ជាពិសេសដូងមានជាតិម៉ង់ហ្គាណែសខ្ពស់ដែលមានសារសំខាន់សម្រាប់សុខភាពឆ្អឹង និងការរំលាយអាហារ។ វាក៏សម្បូរទៅដោយទង់ដែង និងជាតិដែក ដែលជួយបង្កើតកោសិកាឈាមក្រហមក៏ដូចជាសេលេនីញ៉ូម ដែលជាអង់ទីអុកស៊ីដង់ ដ៏សំខាន់ដែលការពារកោសិការបស់អ្នក។

ខាងក្រោមនេះគឺជាអាហារូបត្ថម្ភសម្រាប់សាច់ដូងខ្ចី និងទុំ ចំនួន ១ ពែង (១០០ ក្រាម)៖
សាច់ដូងខ្ចី៖
កាឡូរី ៣៥៤ ប្រូតេអ៊ីន ៣ ក្រាម កាបូអ៊ីដ្រាត ១៥ ក្រាម ជាតិសរសៃ ៩ ក្រាម ខ្លាញ់ ៣៣ ក្រាម ម៉ង់ហ្គាណែស ៧៥% នៃតម្រូវការដែលរាងកាយត្រូវការប្រើប្រាស់ប្រចាំថ្ងៃ ស្ពាន់ ២២% សេលេញ៉ូម ១៤% ម៉ាញ៉េស្យូម ៨% ផូស្វ័រ ១១%ជាតិ ដែក ១៣% និងប៉ូតាស្យូម ១០%។

សាច់ដូងស្ងួត៖
កាឡូរី ៦៥០ ប្រូតេអ៊ីន ៧.៥ ក្រាម កាបូអ៊ីដ្រាត ២៥ ក្រាម ជាតិសរសៃ ១៨ ក្រាម ខ្លាញ់ ៦៥ ក្រាម ម៉ង់ហ្គាណែស ១៣៧% នៃតម្រូវការដែលរាងកាយត្រូវការប្រើប្រាស់ប្រចាំថ្ងៃ ស្ពាន់ ៤០% ញ៉ូម ២៦% ម៉ាញ៉េស្យូម ២៣% ផូស្វ័រ ២១% ជាតិដែក ១៨% ប៉ូតាស្យូ ១៦% ។ល។

២/. អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង
ការសិក្សាបានរកឃើញថា មនុស្សដែលរស់នៅលើកោះប៉ូលីនេហ្សៀន (Polynesian) ហើយញ៉ាំសាច់ដូងញឹកញាប់មានអត្រាកើតជំងឺបេះដូងទាបជាងអ្នកដែលធ្វើតាមរបបអាហារលោកខាងលិច។ ការសិក្សាមួយផ្សេងទៀតលើស្ត្រីជនជាតិហ្វីលីពីនចំនួន ១.៨៣៧ នាក់បានរកឃើញថា អ្នកដែលទទួលទានប្រេងដូងច្រើន មានកម្រិតកូឡេស្តេរ៉ុល (HDL) ល្អ។

៣/. អាចលើកកម្ពស់ការគ្រប់គ្រងជាតិស្ករក្នុងឈាម
ដូង មានជាតិកាបូនអ៊ីដ្រាតទាប ជាតិសរសៃនិងខ្លាញ់ខ្ពស់។ ដូច្នេះវាអាចជួយកម្រិតស្ថិរភាពជាតិស្ករក្នុងឈាមរបស់អ្នក។ ការស្រាវជ្រាវមួយបានរកឃើញថា ដូងមានឥទ្ធិពលប្រឆាំងនឹងជំងឺទឹកនោមផ្អែម ដែលអាចបណ្តាលមកពីកម្រិតសារធាតុអាហ្គីនីន។ អាហ្គីននីនគឺជាអាស៊ីតអាមីណូដែលមានសារសំខាន់សម្រាប់ដំណើរការកោសិកាលំពែង ដែលបញ្ចេញអរម៉ូនអាំងស៊ុយលីនដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក។

៤/. មានសារធាតុប្រឆាំងអុកស៊ីតកម្ម
សាច់ដូងមានសមាសធាតុ phenolic ដែលជាអង់ទីអុកស៊ីដង់ដែលអាចជួយការពារកោសិកាពីការខូចខាតអុកស៊ីតកម្ម។ សមាសធាតុ phenolic សំខាន់ៗដែលត្រូវបានកំណត់រួមមាន៖
- អាស៊ីត Gallic
- អាស៊ីតកាហ្វេអ៊ីក
- អាស៊ីត salicylic
- អាស៊ីត p-coumaric
ការធ្វើតែស្តនៅមន្ទីរពិសោធន៍លើសាច់ដូងបានបង្ហាញថា វាមានអង់ទីអុកស៊ីដង់និងសកម្មភាពរ៉ាឌីកាល់សេរីដែលអាចជួយការពារកោសិកាពីការខូចខាតអុកស៊ីតកម្ម។

គុណវិបត្តិដែលអាចកើតមាន
ដោយសារតែពួកវាមានជាតិខ្លាញ់ច្រើន ដូច្នេះដូងក៏មានកាឡូរីខ្ពស់ដែរ។ អាស្រ័យលើតំរូវការនិងការទទួលទានកាឡូរីរបស់អ្នកវាក៏អាចជំរុញឱ្យឡើងទម្ងន់។ ដូច្នេះ ការទទួលទានដូងក្នុងកម្រិតមធ្យមប្រហែលជាល្អ ចៀសវាងការញ៉ាំច្រើនហួសប្រមាណ។ លើសពីនេះទៅទៀតមនុស្សមួយចំនួនមានការអាឡែស៊ីចំពោះដូង។ ប្រសិនបើអ្នកមានអាឡែរហ្សី អ្នកគួរតែចៀសវាងទទួលទានផលិតផលដែលមានប្រភពពីដូងទាំងអស់ ដើម្បីសុវត្ថិភាពខ្លួនអ្នក៕


