ក្រោយសម្រាលកូនហើយ តើរយៈពេលប៉ុន្មានទើបអាចរួមដំណេកជាថ្មីបាន?
ភូមិន្ទ
20 កញ្ញា 2021 11:30 PM

មានដៃគូស្នេហាមួយចំនួនមានចម្ងល់ថា​ តើបន្ទាប់ពីដៃគូជាស្រ្តីសម្រាលកូនរួចហើយ តើគួរទុករយៈពេលចន្លោះណាទើបអាចរួមភេទជាថ្មីបាន? ខណៈនេះ មុននឹងធ្វើការបកស្រាយត្រង់ចំណុចនេះ SBM News សូមពាំនាំអនុសាសន៍ពីអ្នកជំនាញថា ការរួមភេទដែលមានសុភមង្គលនិងសុខដុមរមនាជាមួយគ្នា​គឺជាការរួមភេទដែលអ្នកបានត្រៀមខ្លួនរួចរាល់ទាំងខាងរាងកាយនិងផ្លូវចិត្ត។

ជាការពិតណាស់ បើទោះបីជាការសម្រាលកូននោះដោយធម្មជាតិក្ដីឬ​ដោយវះកាត់ក្ដី គឺវាតែងមានរបួសស្នាម ដែលមានស្រ្តីខ្លះអាចឆាប់ជាសះស្បើយត្រឹមតែរយៈពី ៤ ទៅ ៦ សប្ដាហ៍ប៉ុណ្ណោះ។ ប៉ុន្តែក៏មានស្រ្តីខ្លះអាចចំណាលពេលរហូតដល់ ៦ ខែ ក៏នៅតែមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការរួមដំណេកជាថ្មីដែរ។

ជាធម្មតាគូស្វាមីភរិយាឬដៃគូស្នេហា ត្រូវបានអ្នកជំនាញណែនាំឱ្យរង់ចាំពី ៤ ទៅ ៦ សប្តាហ៍បន្ទាប់ពីសម្រាកកូនដើម្បីរួមដំណេកជាថ្មី។ ប៉ុន្តែបើក្នុងករណីដែលភាគីខាងស្រ្តីនៅតែត្រៀមខ្លួនមិនទាន់រួចរាល់ឬមិនទាន់ជាសះមុខរបួស នោះការរួមដំណេកក៏គួរតែពន្យាទៅតាមនោះដែរ ដែលអាចលើសពី ៦ សប្ដាហ៍ ឬអូសបន្លាយពេលយូររហូតដល់ ៥ ទៅ ៦ ខែទៅតាមស្ថានភាពជាក់ស្ដែង។ ក្នុងករណីខ្លះបើទោះបីរាងកាយស្រ្តីបានជាសះស្បើយពីមុខរបួសហើយក្ដី ប៉ុន្តែស្រ្តីក៏អាចមានអារម្មណ៍ហត់នឿយជាមួយការមើលថែនិងបំបៅដោះកូន ឬអាចនឹងមិនសូវមានអារម្មណ៍ផ្លូវភេទដូចមុនពេលសម្រាល។ ដូច្នេះ ដៃគូស្នេហាគួរធ្វើការពិភាក្សាគ្នានិងនិយាយជាមួយគ្នាដោយចំហចំពោះសុខភាពផ្លូវភេទរបស់ខ្លួន ចៀសវាងការចាប់បង្ខំ ឬរួមភេទដោយមិនបានត្រៀមខ្លួនរួចរាល់ ដែលអាចបង្កឱ្យមានបញ្ហាផ្សេងៗដូចជាបង្កស្នាមរបួស​និងបង្កឱ្យមានជំងឺផ្លូវចិត្តជាដើម៕

ប្រភព៖ smartparents

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត